(ភ្នំពេញ)៖ លោក ស៊ីម តារា អគ្គនាយកក្រុមហ៊ុន SUCCESSCO និងជាសាស្ត្រាចារ្យដ៏ល្បីនៅកម្ពុជា ក្នុងការបង្រៀនមនុស្សឲ្យក្លាយជាអ្នកដឹកនាំ និងជាម្ចាស់អាជីវកម្មបានចេញមុខបកស្រាយថា លោកមិនបានលក់ដីឡូតិ៍ខ្យល់នោះទេ។
មូលហេតុដែលលោក ស៉ីម តារា ថ្លែងបែបនេះ ដោយសារថ្មីៗនេះ មានសារព័ត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយថា លោក ស៊ីម តារា និងបក្ខពួក បានបោកប្រាស់ការលក់ដីឡូតិ៍ខ្យល់មួយកន្លែង មានទីតាំងនៅភូមិសេរីសម្បត្តិ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សេចក្តីរាយការណ៍នោះ បានអះអាងថា លោក ស៊ីម តារា និងបក្ខពួកចំនួន២នាក់ទៀតឈ្មោះ ឡាយ សំណាង និងឈ្មោះ សេង ដាលីន ត្រូវបានប្តឹងដើម្បីទាមទារប្រាក់ថ្លៃដីចំនួន៤៦៧៥ដុល្លារវិញ ក្រោយពីរកឃើញថា ក្រុមលោកបានលក់ដីខ្យល់។
ពាក្យបណ្តឹងបានរៀបរាប់ថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ ដើមបណ្តឹងឈ្មោះ ថា ឡាវី បានទិញដីឡូតិ៍ លេខ៤០៥ ទំហំទទឹង៥ម៉ែត្រ និងបណ្តោយ២០ម៉ែត្រ ក្នុងតម្លៃ៨០០០ដុល្លារ មានទីតាំងនៅភូមិសេរីសម្បត្តិ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ដើមបណ្តឹងអះអាងថា ខ្លួនបានទិញដីឡូតិ៍នោះពីឈ្មោះ ឡាយ សំណាង និងឈ្មោះ សេង ដាលីន ដោយមានឈ្មោះ ស៊ីម តារា ជាអ្នកតំណាងលក់។
ដោយមានការជឿទុកចិត្ត លើអ្នកទាំង៣នាក់ខាងលើ ឈ្មោះ ថា ឡាវី បានទិញដីឡូតិ៍នោះ ដោយមានកិច្ចសន្យាទិញ-លក់លេខ០៥៣ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ដោយកក់មុនចំនួន៥០០ដុល្លារ។ ក្រោយមកឈ្មោះ ថា ឡាវី បានបង់រំលស់ថ្លៃដីនោះ រហូតបានចំនួន៤៦៧៥ដុល្លារ ក៏សុំទៅមើលដីឡូតិ៍ស្រាប់តែឈ្មោះ ស៊ីម តារា និងបក្ខពួកគ្មានដីឲ្យទើបសម្រេចដាក់ពាក្យប្តឹង ទាមទារលុយដែលបង់រួចមកវិញ។
ក្នុងកិច្ចសម្ភាស៍ជាមួយភ្នាក់ងារសារព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ លោក ស៊ីម តារា បានអះអាងថា ការចុះផ្សាយនោះ គឺមិនពិតទេ គ្រាន់តែជាព័ត៌មានប្រឌិត ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះលោកតែប៉ុណ្ណោះ។
លោក ស៉ីម តារា បានបញ្ជាក់យ៉ាងដូច្នេះថា «ការចុះផ្សាយនោះ គឺជាការបំភ្លៃ គ្មានប្រភពច្បាស់លាស់។ ការផ្សាយវាយប្រហារ បំភ្លៃលើអ្នកដទៃណាម្នាក់ ដែលគ្មានការបញ្ជាក់ពីអ្នកនោះ គឺជាការបង្ខូចកេរ្តិ៍ឈ្មោះគេហើយ។ ខ្ញុំមិនអាចយកកេរ្តិ៍ឈ្មោះរបស់ខ្ញុំ មកបោះចោលលើដីមួយឡូតិ៍ដ៏តូចមួយនោះទេ ហើយវាមិនអាចមកដោះដូរជាមួយនឹងកិត្តិយសរបស់ខ្ញុំ ដែលខំកសាងជាច្រើនសិបឆ្នាំមកនោះបានឡើយ»។
លោកក៏បានបញ្ជាក់ផងដែរថា កាលពីក្នុងអំឡុងឆ្នាំ២០១៦ លោកទទួលបានការប្រគល់សិទ្ធពីលោក ឡាយ សំណាង និងលោកស្រី សេង ដាលីន ក្នុងការធ្វើទីផ្សារ និងលក់នូវគម្រោងដីឡូតិ៍មួយដែលមានទីតាំងស្ថិតក្នុង ភូមិសេរីសម្បត្តិ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលការធ្វើទីផ្សារ និងការលក់គម្រោងនេះ បានបញ្ចប់ជាយូរមកហើយដែរ នៅសល់តែកិច្ចការរដ្ឋបាលមួយចំនួនប៉ុណ្ណោះ។
ជាមួយគ្នានេះ លោក ឡាយ សំណាង និងលោកស្រី សេង ដាលីន ដែលជាម្ចាស់គម្រោងពិតប្រាកដ បានបញ្ជាក់ Fresh News ឲ្យដឹងដែរថា លោក ស៊ីម តារា គ្រាន់តែជាតំណាងទទួលបន្ទុកធ្វើទីផ្សារ និងកិច្ចការរដ្ឋបាលប៉ុណ្ណោះ មិនមានជាប់ពាក់ព័ន្ធក្នុងការអនុវត្តន៍នូវ កាតព្វកិច្ចក្នុងកិច្ចសន្យាទិញ-លក់ ជាមួយអតិថិជនឡើយ។ ហើយកិច្ចការធ្វើទីផ្សារនោះ ក៏បានចប់យូរមកហើយដែរ។
លោកស្រី សេង ដាលីន ម្ចាស់គម្រោងដីឡូតិ៍ក្នុងភូមិសេរីសម្បត្តិ បានបញ្ជាក់ដែរថា ការផ្សាយបង្ខូចកេរ្តិ៍ឈ្មោះលោកស្រីនោះ មិនបានទំនាក់ទំនងសួរបញ្ជាក់ពីលោកស្រី ដើម្បីទទួលព័ត៌មានពិតឡើយ ហើយក៏មិនបានសួរបញ្ជាក់អាជ្ញាធរមូលដ្ឋាន ដែលដីនោះតាំងនៅដែរ ពោលគឺស្តាប់ពីភាគីតែម្ខាងប៉ុណ្ណោះ។
លោកស្រីក៏បានបង្ហើបពីគម្រោងដី ដែលលោកស្រីបានលក់នោះ គឺជាង៤០០ប្លង់ហើយ ហើយអតិថិជនរបស់លោកស្រីសុទ្ធតែទទួលបាននូវទំនុកចិត្តខ្ពស់ ក្រោមកិច្ចធានារបស់ក្រុមហ៊ុនលោកស្រីគឺ «ទិញដីប្រាកដជាទទួលបានដី» ហើយដីទាំងនោះនឹងទទួលបានការកាត់ប្លង់រឹងជូនគ្រប់អតិថិជនទាំងអស់។
លោកស្រីបន្តថា កន្លងមកស្ទើរតែគ្រប់អតិថិជន គឺលោកស្រីបានអនុគ្រោះពេលវេលា នៃការបង់ប្រាក់រំលោះថ្លៃដីឡួតិ៍ បន្ទាប់ពីពួកគាត់មានភាពយឺតយ៉ាវរហូតដល់ប្រាំខែជាដើម ដែលតាមកិច្ចសន្យា ការយឺតយ៉ាវបង់ប្រាប់ត្រឹម៣ខែបន្តបន្ទាប់ដោយគ្មានដំណឹងនោះ ត្រូវទទួលពិន័យ តែលោកស្រីមិនដែលពិន័យទេ គឺអនុគ្រោះនិងសម្រួលដល់អតិថិជនជានិច្ច។
បើតាមលោក ឡាយ សំណាង ដែលជាម្ចាស់គម្រោងមួយរូបដែរនោះ ក៏បានអះអាងថា ដីរបស់លោកបានប្រមូលទិញពីប្រជាពលរដ្ឋមានប្លង់រឹង ដោយផ្គុំដីទាំងអស់នោះបញ្ចូលគ្នា ហើយក្រសួងរៀបចំដែនដី នគររូបនីកម្មនិងសំណង់ ក៏បានចេញប្លង់កម្មសិទ្ធិរឹងរួមតែមួយមកជាកម្មសិទ្ធិរបស់លោក និងលោកស្រី សេង ដាលីន តែម្តង។
លោកបានគូសបញ្ជាក់ថា ម្ចាស់គម្រោងដីឡូតិ៍ ដែលមានលោកស្រី សេង ដាលីន និងរូបលោកផ្ទាល់នោះ បានប្រកាសជាផ្លូវការថា នឹងជួបជាមួយអតិថិជនទាំងអស់ពិសារអាហារសាមគ្គីនៅថ្ងៃទី១៦ ខែកញ្ញា ខាងមុខឆាប់ៗនេះ ហើយក្នុងជំនួបនោះ លោកនិងលោកស្រី សេង ដាលីន នឹងប្រកាសពីគោលការណ៍ នៃការផ្តល់ទំនុកចិត្តជូនអតិថិជន ក៏ដូចជាការជម្រាបជូនអតិថិជនទាំងអស់ពីការវិវឌ្ឍនៃគម្រោងដីឡូតិ៍ជាច្រើន។ ជាមួយគ្នានេះ ក៏នឹងប្រកាសផងដែរនូវនីតិវិធីនៃការកាត់ប្លង់រឹង ជូនអតិថិជនបន្ទាប់ពីពួកគាត់បានអនុវត្តចប់សព្វគ្រប់តាមកិច្ចសន្យាទិញ-លក់ជាមួយក្រុមហ៊ុន។
ទាក់ទិនបញ្ហានេះ ចៅសង្កាត់គងនយ លោក អ៊ុន សុខរុំ បានបញ្ជាក់ថា ករណីគម្រោងពុះដីឡូតិ៍លក់របស់លោក ឡាយ សំណាង និងលោកស្រី សេង ដាលីន គឺជាគម្រោងពិតប្រាកដ ដោយពួកគាត់បានប្រមូលទិញដីពីប្រជាពលរដ្ឋក្នុងតំបន់នោះ សុទ្ធតែប្លង់រឹង ហើយក៏បានបញ្ចូលប្លង់រឹងទាំងនោះបញ្ចូលគ្នា ជាប្លង់រឹងដោយដាក់ឈ្មោះក្រុមហ៊ុនរបស់ពួកគាត់ផងដែរ។
លោកចៅសង្កាត់បានបន្តថា ក្នុងតំបន់ភូមិសាស្ត្រ ភូមិសេរីសម្បត្តិ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ គ្មានក្រុមហ៊ុនណាមួយមករកស៊ីលក់ដីខ្យល់នោះទេ ក្រុមហ៊ុនគេសុទ្ធតែជាក្រុមហ៊ុនត្រឹមត្រូវ ដែលចំណាយដើមទុនពិតប្រាកដទិញពីប្រជាពលរដ្ឋដោយសន្តិភាព និងលក់ជូនអតិថិជនរបស់ពួកគាត់ ដោយត្រឹមត្រូវ និងការផ្តល់នូវទំនុកចិត្តដល់អតិថិជនគាត់ផងដែរ ដូចជាក្រុមហ៊ុនរបស់លោក ឡាយ សំណាង និងលោកស្រី សេង ដាលីន ជាដើម។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ក្រុមហ៊ុន លោកស្រី សេង ដាលីន តាមខ្ញុំដឹងគាត់លក់អស់ជាច្រើនរយឡូតិ៍ តែគ្មានទំនាស់ និងក៏គ្មានការប្តឹងរកអន្តរាគមន៍ពីខាងខ្ញុំដែរ អត់មានទេ។ គម្រោងរបស់លោកស្រី សេង ដាលីន ប្រជាពលរដ្ឋបានទៅសង់ជាលំនៅដ្ឋានច្រើនណាស់ដើម្បីរស់នៅ ក៏ដូចជាប្រកបរបរកស៊ីក្នុងតំបន់នោះ មិនដែលមានបញ្ហាអ្វីដែរ»។
លោកចៅសង្កាត់រូបនេះ ក៏បានបង្ហើបដែរថាកាលពីថ្មីៗនេះ លោកអភិបាលខណ្ឌដង្កោបានទំនាក់ទំនងមកលោក ពីបញ្ហាថាក្នុងភូមិសេរីសម្បត្តិ សង្កាត់គងនយ ខណ្ឌដង្កោ មានក្រុមហ៊ុនលក់ដីខ្យល់ ហើយលោកក៏បានបញ្ជាក់ទៅវិញថា គឺគ្មានទេក្រុមហ៊ុនលក់ដីខ្យល់នោះឡើយ។
លោកបានបន្តថា ឯក្រុមហ៊ុនដែលមានអតិថិជនម្នាក់ប្តឹងទៅតុលាការនោះ ការពិតគាត់មិនដែលមកសុំកិច្ចអន្តរាគមន៍ ឬការដោះស្រាយពីអាជ្ញាធរទេ។ តែតាមអ្វីដែលលោកដឹង គឺអតិថិជនរូបនោះគាត់មានចេតនាចង់បានលុយវិញ ដោយមិនចង់ទិញដីតាមកិច្ចសន្យាក្រុមហ៊ុននោះ បើទោះជាក្រុមហ៊ុនគាត់បានផ្តល់ ឬប្តូរទីតាំងថ្មី ដែលនៅជាប់នឹងផ្លូវ ដែលជាទីតាំងថ្លៃជាងមុនក៏ដោយ ក៏គាត់មិនព្រមទទួលយកដែរ ពោលគឺគាត់ចង់បានតែលុយគាត់ដែលទើបតែកក់បានជាង ៤ពាន់ដុល្លារអាមេរិចប៉ុណ្ណោះ។
លោក អ៊ុន សុខរុំ បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា «ដីមាន! បើអត់ដីអ្នកណាគេឲ្យ(អតិថិជន)លុយ គ្រាន់តែគេចង់ប្តូរទីតាំងឲ្យមកយកខាងមុខ តែគាត់មិនព្រមយក ព្រោះខុសទីតាំង ហើយសុំដកលុយវិញ។ ដីមានឲ្យគាត់! គេយកគ្រប់គ្នា ដោយឡែកតែគាត់ម្នាក់ដឹងតែយកលុយវិញ។ ដី(តម្លៃ) ៣ទៅ៤ពាន់ ក្រុមហ៊ុនគេចាយលុយរាប់សិបម៉ឺន(ដុល្លារ) គេមិនទៅឲ្យខូចឈ្មោះអីគ្រាន់តែរឿងលុយប៉ុណ្ណឹងទេ»៕