(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្រ្តៃយ៍គណៈកម្មការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារចុះថ្លែងអំណរគុណដល់កងកម្លាំងទាំងបីប្រភេទរួមមាន៖ នគរបាល កងរាជអាវុធហត្ថ យោធា នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
ថ្លែងក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានពាំនាំនូវការសាកសួរសុខទុកពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អង្គពិធី ហើយក៏បានកោតសសើរ និងថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ ដែលបានខិតខំការពារសន្តិសុខបានយ៉ាងល្អ ក្នុងពេលបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ក៏ដូចជា ការការពារសន្តិសុខសណ្តាប់ធ្នាប់ បានយ៉ាងល្អនៅមូលដ្ឋាន និងកិច្ចដំណើរការ នៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តអាណតិ្តទី៦ ដែលក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈដ៏ច្រើនលើសលប់ ក្នុងអាណ្តិទី៦នេះរហូត១២៥អាសនៈ។
លោកស្រី បានបញ្ជាក់ថា ជ័យជំនះទាំងនេះគឺបានកើតចេញអំពី៖
*ទី១៖ ការចូលរួមរបស់បងប្អូនទាំងអស់គ្នា
*ទី២៖ គណបក្សប្រជាជនកម្ពុជាមានគោលនយោបាយច្បាស់លាស់១១ចំណុច ដែលបានបម្រើឲ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋ តាមរយៈអភិក្រម មនុស្ស ផ្លូវ ទឹក ភ្លើង
*ទី៣៖ អំពើល្អ និងប្រជាប្រិយភាពរបស់ថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ទាំងក្នុងឆាកជាតិ និងឆាកអន្តរជាតិ ។
លោកស្រីបានបន្តទៀតថា «អាណាត្តិទី៦នេះ យើងត្រូវរួមគ្នាអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើន លើគ្រប់វិស័យជាបន្តបន្ទាប់ទៀត ក្នុងការទាក់ទាញវិនិយោគរោងចក្រ សហគ្រាសជាច្រើនទៀតឱ្យមាននៅខេត្តខេត្តស្វាយរៀង ដើម្បីឱ្យប្រជាពលរដ្ឋមានការងារធ្វើកាត់បន្ថយភាពក្រីក្រ បង្កើនជីវភាព បានមួយកំរិតបន្ថែមទៀត»។
លោកស្រីក៏បានសំណូមពរឱ្យកម្លាំងទាំងអស់ត្រូវរួមគ្នាធ្វើអំពើល្អ និងត្រូវបម្រើសេវាសាធារណៈឱ្យបានល្អ និងត្រូវយកចិត្តទុកដាក់ថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ រក្សាសណ្តាប់ធ្នាប់ សន្តិសុខសង្គម នៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យកាន់តែប្រសើរឡើង ហើយក៏ត្រូវទប់ស្កាត់ឱ្យបាននូវ បងតូច បងធំ និងទប់ស្កាត់នូវការចរាចរ និងការប្រើប្រាស់គ្រឿងញៀន ដើម្បីសេចក្តីសុខនៅ ក្នុងមូលដ្ឋានក្នុងនោះត្រូវអនុវត្ត គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពឱ្យទទួលបានជោគជ័យ។
នៅឱកាសនោះ លោកស្រីម៉ែន សំអន និងក្រុមការងារបានជូននូវថវិកាដល់កងកម្លាំងម្នាក់៥ម៉ឺនរៀល និងជួយកសាងអាគារអធិការក្រុងចំនួន២ពាន់ដុល្លាផងដែរ៕