(ព្រះសីហនុ)៖ ជនរងគ្រោះជាជនជាតិចិនប្រុសស្រីចំនួន២នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការចុះទៅជួយអន្តរាគមន៍ ដល់ក្នុងបន្ទប់សណ្ឋាគារមួយ ទីដែលជនរងគ្រោះ ត្រូវបានជនដៃដល់ដែលជនជាតិចិនដូចគ្នា បានចាប់បង្ខាំងធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរពាក់ព័ន្ធរឿងលុយកាក់។
យោងតាមសេចក្តីរាយការណ៍ និងរបាយការណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ហេតុការណ៍មួយនេះ បានកើតឡើងកាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅបន្ទប់លេខ៤០៩ ក្រុមទី១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
នៅថ្ងៃនោះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលព័ត៌មានថា នៅជាន់ទី៤សណ្ឋាគារ នៃកាស៊ីណូឆាយយូ មានករណីចាប់ឃុំឃាំងបង្ខាំងមនុស្សខុសច្បាប់ ធ្វើទារុណកម្ម។ ភ្លាមៗ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាឲ្យកម្លាំងផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលក្រុង និងកម្លាំងប៉ុស្តិ៍សង្កាត់៤ បានធ្វើកិច្ចប្រតិបត្តិការ ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានរំដោះជនរងគ្រោះជាជនជាតិចិនចំនួន០២នាក់ (ស្រីម្នាក់) និងឃាត់ខ្លួនបានជនសង្ស័យជាជនជាតិចិនចំនួន៤នាក់។
ជនរងគ្រោះទាំង២នាក់៖
*ទី១៖ ឈ្មោះ CHEN TI ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរទេសចរណ៍ ស្នាក់នៅសណ្ឋាគារដើមត្នោត ក្រុម១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ រងរបួសបែកមាត់, ស្នាមដាច់រលាត់ខ្នង និងរងរបួសមធ្យម។
*ទី២៖ ឈ្មោះ DAI YANYING ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរទេសចរណ៍ ស្នាក់នៅសណ្ឋាគារដើមត្នោត ក្រុម១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
ដោយឡែកជនសង្ស័យ៤នាក់រួមមាន៖
*ទី១៖ ឈ្មោះ WU TAOTAO ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅជាន់ទី៤ នៃកាស៊ីណូខ្សាច់មាស បន្ទប់លេខ៤០៩ ស្ថិតនៅក្រុមទី១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
*ទី២៖ ឈ្មោះ WU XIONGBO ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅជាន់ទី៤ នៃកាស៊ីណូខ្សាច់មាស បន្ទប់លេខ៤០៩ ស្ថិតនៅក្រុមទី១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
*ទី៣៖ ឈ្មោះ WU XUXIANG ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅជាន់ទី៤ នៃកាស៊ីណូខ្សាច់មាស បន្ទប់លេខ៤០៩ ស្ថិតនៅក្រុមទី១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
*ទី៤៖ ឈ្មោះ REN JIHU ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅជាន់ទី៤ នៃកាស៊ីណូខ្សាច់មាស បន្ទប់លេខ៤០៩ ស្ថិតនៅក្រុមទី១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
បើតាមរបាយការណ៍ បានបន្តថា វត្ថុតាងចាប់យកបានរួមមាន៖
*ពិលឆក់ចំនួន០២គ្រឿង
*រថយន្ត០១គ្រឿង ម៉ាក LEXUS RX៣០០ ពណ៌ស ស្លាកលេខ ភ្នំពេញ2AL-5010។
ករណីនេះកើតឡើងដោយសារ ជនរងគ្រោះបានធានាលុយចំនួន១០០,០០០យាន់ (ដប់ម៉ឺនយាន់) ពីក្រុមជនសង្ស័យ ដើម្បីឲ្យមិត្តភក្តិយកទៅលេងល្បែងនៅកាស៊ីណូ ឆាងយូ ពេលលេងចាញ់ មិត្តភក្តិរបស់ជនរងគ្រោះគ្មានលុយសង ក្រុមជនសង្ស័យបានចាប់ជនរងគ្រោះឃុំឃាំងក្នុងបន្ទប់ ហើយធ្វើទារុណកម្ម វាយធ្វើបាប ប្រើពិលឆក់ បង្ខំឲ្យជនរងគ្រោះសសេរលិខិតជំពាក់ប្រាក់។
ចំពោះជនសង្ស័យខាងលើនេះ ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី៕