(ភ្នំពេញ)៖ លោក ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្ដាល កាកបាទក្រហមកម្ពុជា តំណាងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បា​​នសំណេះសំណាលជាមួយសមាគមនាវា យុវជនអាស៊ីអាគ្នេយ៍កម្ពុជា និងជប៉ុន និងបានជំរុញដល់សមាគមមួយនេះ ត្រូវពង្រឹង និងពង្រីកសមត្ថភាព និងសាមគ្គីភាពគ្នារវាងខ្មែរ និងខ្មែរគ្នាឯង និងជាមួយបណ្ដាលប្រទេស ពិសេសរវាងបណ្ដាប្រទេសអាស៊ាន ឲ្យកាន់តែជិតស្និទ្ធ ដើម្បីរឹតចំណងមិត្ដភាពកាន់តែច្រើន លើឆាកអន្ដរជាតិ។

តំណាងឲ្យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន លោកក៏បានបង្ហាញបទពិសោធន៍ការងារខ្លះៗ​ និងការបង្កើតឡើងនូវ កាកបាទក្រហមកម្ពុជាតាំងពីចាប់ផ្ដើម រហូតមកក្លាយជាសមាជិកអន្ដរជាតិ ពិសេស ការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយ ភាពក្រីក្រ ឲ្យបានកាន់តែលឿន និងសកម្មភាពរបស់យុវជនកាកបាទក្រហមកម្ពុជាដោយស្ម័គ្រចិត្ដ នៅទូទាំងប្រទេស ដែលបានជួយដល់យុវជនក្រីក្រ ជួបការលំបាក ជួយជនងាយរងគ្រោះផ្សេងៗទៀត។ ដូចនេះ យុវជនកម្ពុជាយើងទាំងអស់ ត្រូវចេះសាមគ្គីគ្នា ចេះស្រលាញ់ប្រទេសជាតិ ដោយការលើកកម្ពស់កិត្តិនាម និងមុខមាត់របស់កម្ពុជា លើឆាកអន្ដរជាតិ ទោះទៅទីណាកន្លែងណាក៏ដោយ ត្រូវធ្វើអ្វីមួយឲ្យមានគិតគូរត្រឹតត្រូវ ពិសេសបន្ដលើកកម្ពស់ និងការពារនូវសមិទ្ធផលសំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជាយើង វប្បធម៌ សន្ដិភាព បូរ​​ណភាពដែនដីនៃរដ្ឋឯករាជ្យ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្ដីនៃកម្ពុជា។

ក្នុងឱកាសសំណេះសំណាលជាមួយ សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា និងជប៉ុន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នាទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា លោក ពិត ចំណាន ក៏បានពាំនាំនូវអនុសាសន៍សំខាន់ៗ របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូនប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា-ជប៉ុនថា «ដើម្បីជាពុទ្ធិ និងចំណេះដឹងសម្រាប់ក្មួយៗ ​​យកទៅបំពេញបេសកម្ម ក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន រយៈពេលជិត២ខែ ចាប់ពីថ្ងៃទី២៣ ខែតុលា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨នាពេលខាងមុខនេះ គឺត្រូវរក្សាឲ្យបាននូវសាមគ្គីភាពជិតស្និត, សុខដុមរមនីយកម្មរវាងគ្នានិងគ្នា ពិសេសរឹតចំណងមិត្ត​​ភាព ក្នុងចំណោមសមាជិកប្រតិភូនាវាយុវជន នៃបណ្ដាប្រទេសនានា, បន្ដពង្រឹងការសាង និងបង្កើនសមត្ថភាពរបស់ខ្លួន លើពហុជំនាញ ទាំងភាសាទំនាក់ទំនង វប្បធម៌​​ ប្រពៃណីជាតិ ចំណេះដឹងទូទៅពីអាស៊ាន ប្រវត្តិសាស្រ្ដក្នុងតំបន់ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រ​​ទេសជាតិ ឲ្យមានភាពរីកចម្រើនជានិច្ច»

សូមជម្រាបថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុននេះ បានធ្វើឡើងជាលើកទី៤៥មកហើយ គិតមកដល់ឆ្នាំ២០១៨នេះ ហើយនាវាយុវជនអាស៊ីអាគ្នេយ៍ នឹងប្រារព្ធពិធីជួបជុំគ្នា នៅទីក្រុងតូក្យូ នៃប្រទេសជប៉ុន ហើយត្រូវបន្ដដំណើរ ទៅកាន់ប្រទេស ប្រ៊ុយណេ ហ្វីលីពីន កម្ពុជា ថៃ និងប្រទេសវៀតណាមផងដែរ៕