(ណាននីង, ក្វាងស៊ី)៖ រៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជា តែងចូលរួមពិពរ័ណ៍ចិន-អាស៊ាន ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំរបស់ទីក្រុងណាននីង ត្រូវបានរៀបចំឡើងចាប់តាំងពីឆ្នាំ២០០៤ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ ការទូត ទេសចរណ៍ និងវប្បធម៌ រវាងប្រទេសក្នុងតំបន់។
នៅក្នុងឆ្នាំនេះ ជាខួបលើកទី១៥ នៃពិព័រណ៍ចិន-អាស៊ាន ដែលប្រារព្ធឡើងក្រោមប្រធានបទ «រួមគ្នាកសាងវិថីសូត្រសមុទ្រសតវត្សទី២១ លើកិច្ចសហប្រតិបត្តិការនៃភាពច្នៃប្រឌិតថ្មី ចិន-អាស៊ាន» ដោយផ្តោតសំខាន់ទៅលើការតាំងបង្ហាញផលិតផលប្រើប្រាស់ និងសេវាកម្មទូទៅ អមដោយការរៀបចំវេទិកាពាណិជ្ជកម្ម និងកិច្ចប្រជុំនានា ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច ទេសចរណ៍ ទំនាក់ទំនងការទូត និងជាយុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងចិន-អាស៊ាន។
ក្នុងនាមជាប្រទេសកិត្តិយសនៃពិពរ័ណ៍ចិន-អាស៊ាន កម្ពុជាបានជ្រើសរើសប្រាសាទសំបូរព្រៃគុក ដែលជាកូនក្រមុំលាក់ខ្លួន នៅក្នុងខេត្តកំពង់ធំ ដើម្បីតុបតែងពន្លាជាតិ ឲ្យទៅជាទីក្រុងដ៏ស្រស់ប្រិមប្រិយ ដែលមានអគារទំហំ ៤៥ x ៦០ម៉ែត្រ អាចរៀបចំស្តង់បង្ហាញផលិតផល និងសេវាកម្មចំនួន ១៤៦ស្តង់ ដើម្បីផ្សព្វផ្សាយអំពីសក្តានុពល និងឱកាសវិនិយោគ និងទាក់ទាញភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ឲ្យចូលមកបណ្តាក់ទុន និងទស្សនាប្រាសាទនានាកាន់តែច្រើននាពេលអនាគត។
ចាប់តាំងពីការបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ កូនក្រមុំលាក់ខ្លួនរបស់កម្ពុជា បានទាក់ទាញភ្ញៀវទេសចរជនជាតិចិន ឲ្យចូលមកកម្សាន្តឥតឈប់ឈរ និងបានទិញយកវត្ថុអនុស្សាវរីយ៍ ដែលសុទ្ធសឹងជាផលិតផលខ្មែរ ត្រលប់ទៅវិញថែមទៀត។ តាមរយៈការចូលរួមព្រឹត្តិការណ៍នេះ ក៏បានធ្វើឲ្យសហគ្រាសធុនតូច និងមធ្យមកម្ពុជា កាន់តែមានភាពជាម្ចាស់ការ ហើយវិស័យសិល្បៈ និងវប្បធម៌របស់កម្ពុជា ក៏ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមរយៈការសម្តែង និងការបង្ហាញនៅពន្លាជាតិរបស់កម្ពុជា។
ក្រៅពីបង្ហាញវត្តមានកូនក្រមុំលាក់ខ្លួន ក្រសួងពាណិជ្ជកម្ម ដែលទទួលខុសត្រូវរួម ក្នុងការចូលរួមពិព័រណ៍ឆ្នាំនេះ ក៏បានរៀបចំសិក្ខាសាលាខ្លីៗ ដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយវិនិយោគ និងបរិយាកាសធ្វើធុរកិច្ចនៅកម្ពុជា អមដោយពិធីចុះហត្ថលេខាលើគម្រោងវិនិយោគថ្មីៗចំនួន១២ រវាងវិនិយោគិនចិន និងសហគ្រិនកម្ពុជា និងសហគ្រិនចិន ដែលមានតម្លៃគិតជាទឹកប្រាក់ ៧៩,៦៣លានដុល្លារសហរដ្ឋអាមេរិកផងដែរ៕