(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមប្រឹក្សាបរធនបាលមូលនិធិគន្ធបុប្ផាកម្ពុជា និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្ដេជ្ញាធានារក្សានិរន្ដរភាពប្រតិបត្ដិការ របស់មន្ទីពេទ្យគន្ធបុប្ផា ឲ្យកាន់តែល្អប្រសើរ ទោះបីជាបាត់បង់នូវស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា គឺលោកសាស្ដ្រាចារ្យ Beat Richner។
លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានបង្កើតឡើង ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅតែបន្ដទ្រទ្រង់រក្សាការពារ ស្ដង់ដាគុណភាពនៃសេវាសុខាភិបាល របស់មន្ទីរពេទ្យនៅដដែល ។
ការថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសលោកឧបនាយករដ្ឋមន្ដ្រី ដឹកនាំគណៈប្រតិភូ ចូលរួមសម្តែងនូវការសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាព របស់ស្ថាបនិកមន្ទីរពេទ្យកុមារគន្ធបុប្ផាកម្ពុជា លោកសាស្ត្រាចារ្យ បេអាត រិចឈ្នឺរ នៅមន្ទីរពេទ្យគន្ធបុប្ផា នៅរសៀលថ្ងៃអង្គារ៍ ២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ។
លោកឧបនាយករដ្ឋមន្ដ្រី បានថ្លែងទៀតថា «ក្នុងនាមខ្ញុំជាប្រធានមូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា យើងប្ដេជ្ញាថា នឹងបន្ដធានារក្សានូវនិរន្ដរភាព ប្រតិបត្ដិការរបស់មន្ទីពេទ្យគន្ធបុប្ផា ឲ្យកាន់តែល្អប្រសើរដូចដើម។ ដោយកន្លងមក យើងធ្លាប់ធ្វើការជាមួយលោកសាស្ដ្រាចារ្យ បេអាត រិចឈ្នឺរ ច្រើនដងមកហើយ ដើម្បីពិភាក្សាគ្នា ពីការរៀបចំមន្ទីរពេទ្យនេះ ឲ្យធានាបាននូវនិរន្ដរភាពនៃការងារ និងកិច្ចសហប្រតិបត្ដិការ ហើយធ្វើឲ្យមន្ទីរពេទ្យនេះ ឲ្យស្ថិតនៅក្រោមការទទួលខុសត្រូវរបស់កម្ពុជា ដើម្បីប្រជាជន និងកុមារកម្ពុជា។ ដូចនេះ ខ្ញុំគិតថា វិញ្ញាណក្ខន្ធរបស់ លោកនឹងសោយសុគតិភពបានហើយ ដោយសារតែបំណងប្រាថ្នារបស់លោក អាចសម្រេចបាន តាមរយៈរាជរដ្ឋាភិបាល បានផ្ដល់ការយកចិត្ដទុកដាក់ខ្ពស់ ក្នុងការរៀបចំ និងកែសម្រួលការដឹកនាំ និងរកនូវហិរញ្ញប្បទាន ដើម្បីគាំទ្រដល់ កិច្ចសហប្រតិបត្ដិការ របស់មន្ទីរពេទ្យគន្ធបុប្ផា តាមការដែលលោក Beat Richner ស្រមៃចង់បាន»។
ប្រធានក្រុមប្រឹក្សាបរធនបាលមូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់ទៀតថា «យើងមានក្រុមការងារដែលធ្លាប់ធ្វើការងារជិតសិទ្ធជាមួយ លោកវេជ្ជបណ្ឌិត Beat Richner ហើយពេលនេះ យើងក៏ប្ដេជ្ញាចិត្ដរួមគ្នាខ្ពស់ ក្នុងការរក្សាស្ដង់ដារគុណភាព នៃសេវាសុខាភិបាល របស់មន្ទីរពេទ្យ នឹងបន្ដកិច្ចសហការជាមួយមូលនិធិគន្ធបុប្ផាស្វីស និងមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ដើម្បីបន្ដជួយដោះស្រាយផ្នែកហិរញ្ញប្បទាន ។ សម្រាប់ក្រសួងសុខាភិបាល និងមន្ទីរពេទ្យគន្ធបុប្ផាផ្ទាល់ នឹងបន្ដការងារផ្នែកបច្ចេកទេស ដើម្បីរក្សាស្ដង់ដារនៃការគ្រប់គ្រង ស្ដង់ដានៃសេវាសុខាភិបាល ធានាថាមិនឲ្យមានការធ្លាក់ចុះនូវគុណភាពនោះទេ នឹងបន្ដឲ្យមានការកែលម្អរកាន់តែប្រសើរបន្ថែមទៀត» ។
ទន្ទឹមនឹងនោះ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្ដជឿទុកចិត្ដលើរាជរដ្ឋាភិបាល លើមន្ទីរពេទ្យគន្ធបុប្ផាថា សេវារបស់មន្ទីរពេទ្យនេះ នៅតែមានស្ដង់ដារសេវាសាធារណៈ ស្ដង់ដានៃការគ្រប់គ្រងមន្ទីរពេទ្យបានយកល្អប្រសើរ ហើយនឹងការធានានូវនិរន្ដរ៍ភាពនៃប្រតិបត្ដិការមន្ទីរពេទ្យនេះ មិនត្រូវបានបាត់បង់នោះទេ មានតែការពង្រឹងបន្ថែមទៀត ហើយសូមឲ្យប្រជាពលរដ្ឋ ទាំងអស់គ្រប់ស្រទាប់វណ្ណៈ បន្ដគាំទ្រ នូវកិច្ចប្រតិបត្ដិការរបស់មន្ទីរពេទ្យនេះ, ហើយផ្នែកហិរញ្ញប្បទាន គឺគាំទ្រដល់មូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈការចូលរួមវិភាគទាន ជាសមាជិកតាមប្រភេទ ដែលមានបច្ចុប្បន្ននេះនិងមានបន្ដទៀត ជាសមាជិកកិត្ដិយស និងសមាជិកគាំទ្រ ដែលមូលនិធិគន្ធបុប្ផាកម្ពុជា នឹងនៅតែបន្ដធ្វើ ដើម្បីកៀរគរហិរញ្ញប្បទាន មកគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ។
សូមរម្លឹកថា មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបង្កើតឡើងដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ដោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាស្ថាបនិក និងជាប្រធានកិត្តិយសនៃមូលនិធិ។ នេះគឺជាការយកចិត្តទុកដាក់ចំពោះសុខទុក្ខ ប្រជាពលរដ្ឋគ្រប់ៗគ្នា ពិសេស គឺការជួយសង្គ្រោះអាយុជីវិតទារក និងកុមារឱ្យចាកផុតពីជំងឺដង្កាត់ និងគ្រោះថ្នាក់ផ្សេងៗ។ ក្រៅពីបង្កើតមូលមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់ទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផាហើយនោះ, រាជរដ្ឋាភិបាលកម្ពុជា បានដកថវិកានៃការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដោយដកចំនួន២ដុល្លារ ក្នុងមួយសំបុត្រ បញ្ជូលទៅក្នុងមូលនិធិគន្ធបុប្ផា។ ជាក់ស្តែងនៅរយៈពេល៦ខែ ដើមឆ្នាំ២០១៨នេះ ចំណូលលក់សំបុត្រចូលទស្សនាអង្គរ ដែលត្រូវបានឧបត្ថម្ភមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា មានចំនួនសរុប ២,៧១៣,៩២២លានដុល្លារអាមេរិក។
ចំពោះបន្ទាប់ពីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នៃមូលនិធិគន្ធបុប្ផាកម្ពុជារួចមកមូលនិធិនេះ បានបើកចំហទទួលសមាជិកជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ សម្រាប់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាសថា មូលនិធិនេះ បានទទួលសមាជិកស្ថាបនិកចំនួន ១៣០រូប, សមាជិកកិត្តិយសចំនួន ១០៧រូប, សមាជិកគាំទ្រចំនួន ៤៦,៣៩៧រូប និងសប្បុរសជនផ្សេងៗចំនួន ៨៩០រូប ដោយទទួលបានថវិកា ពីការបរិច្ចាគប្រាប់រៀលចំនួន ៣,៥៣៧,៦៤៦,១៥០រៀល និងប្រាក់ដុល្លារ ៤,៩១៥,០៩៥ដុល្លារ ៕