(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយម្ចាស់អាជីវកម្ម មួយចំនួននៅក្នុងក្រុងព្រះសីហនុ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាព នៃការអនុវត្តច្បាប់ឲ្យម្ចាស់អាជីវកម្មទាំងអស់ ត្រូវគោរពតាមលក្ខខណ្ឌច្បាប់ នៃប្រទេសកម្ពុជា មិនត្រូវយកទីតាំងរបស់ខ្លួនប្រព្រឹត្តបទល្មើសជាដាច់ខាត។
នៅក្នុងកិច្ចជួបសំណេះសំណាលខាងលើនេះ មានការចូលរួមពីអស់លោក លោកស្រី ទទួលផែនជំនាញដោយមានម្ចាស់អាជីវកម្មដូចជា៖ សណ្ឋាគារ-កាស៊ីណូ, ក្លិបកំសាន្ត, ខារ៉ាអូខេ និងម៉ាស្យា ចូលរួមសរុប៨៤នាក់ (ជនជាតិខ្មែរ៦៣នាក់, ចិន២០នាក់ និងកូរ៉េ០១នាក់)។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានលើកឡើង៤ចំណុចសំខាន់សំខាន់ៗរួមមាន៖
*ទី១៖ ការឧទ្ទេសនាម ណែនាំឲ្យបានស្គាល់គ្នាកុំឱ្យមានការភាន់ច្រឡំ សមាសភាពថ្នាក់ដឹកនាំនៃគណៈស្នងការ
*ទី២៖ សំណូមពរឲ្យអាជីវករទាំងអស់ទាំងខ្មែរ និងបរទេស ត្រូវគោរពច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ចំពោះអ្នកប្រើប្រាស់យានយន្ត ត្រូវគោរពផ្លាកសញ្ញា ច្បាប់ចរាចរណ៍ផ្លូវគោក។
ត្រង់ចំណុចនេះលោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា «ជនបរទេសដែលប្រើប្រាស់ប័ណ្ណបើកបរក្លែងក្លាយ និងជនខិលខូចផ្តល់ឯកសារក្លែងក្លាយឲ្យអ្នកទាំងនោះ ត្រូវមានទោសពីបទក្លែងឯកសារសាធារណៈ និងប្រើប្រាស់ឯកសារខុសច្បាប់ត្រូវមានទោស មិនអាចលើកលែងបានឡើយ»។
*ទី៣៖ ក្លឹបឌីស្កូ ខារ៉ាអូខេ ត្រូវគោរពច្បាប់ទីតាំងត្រូវមានប្រព័ន្ធគ្រប់គ្រងសន្តិសុខ សុវត្ថិភាព កម្លាំងសន្តិសុខឯកជនត្រូវមានឯកសារអត្តសញ្ញាណប័ណ្ណត្រឹមត្រូវ។ ម្ចាស់អាជីវកម្ម មិនត្រូវចែកចាយ ប័ណ្ណរូបភាពអាសអាភាស មិនត្រូវឆ្លៀតឱកាសយកទីតាំងទៅ រកស៊ីប្រព្រឹត្តបទល្មើសខុសច្បាប់ ជួញដូរមនុស្ស ជួញដូរប្រើប្រាស់គ្រឿងញៀន និងបនពេស្យាចារដាច់ខាត។
*ទី៤៖ ត្រូវមានការយោគយល់គោរពច្បាប់ទាំងអស់គ្នារួមគ្នា ការពារសុវត្ថិភាព សន្តិសុខ ដើម្បីការពារអភិវឌ្ឍន៍ខេត្តព្រះសីហនុឲ្យមានការរីកចម្រើនមានសន្តិសុខសណ្តាប់ និងសុវត្ថិភាពល្អ៕