(កំពង់ស្ពឺ)៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ប្រជាពលរដ្ឋដែលកំពុងដើរទិញទំនិញ បន្លែ ត្រី សាច់ ក្នុងផ្សារត្រែងត្រយឹង ស្ថិតក្នុងឃុំត្រែត្រយឹង ស្រុកភ្នំស្រួច បានស្នើសុំឱ្យមន្ត្រីសាខាកាំកុងត្រូល និងមន្ត្រីនៃមន្ទីរពាណិជ្ជកម្ម ពិនិត្យម្ហូបអាហារ បន្លែ ត្រី សាច់ ដែលពួកគាត់ទិញទៅហូបចុកប្រចាំថ្ងៃ។
ក្រោយពេលពលរដ្ឋបានដឹងថា មានរថយន្តពិសោធន៍ចល័តបានចុះពិនិត្យទំនិញក្នុងផ្សារ ដែលពួកគាត់តែងទិញទំនិញទាំងនោះទៅឱ្យគ្រួសារទទួលទានរាល់ថ្ងៃ ហើយសង្ស័យថា អ្នកលក់ឱ្យពួកគាត់យកទៅបរិភោគនោះ ពុំមានការប្រកួតប្រជែងលើទីផ្សារស្មោះត្រង់ឡើយ គឺប្រើសារធាតុគីមី។
ពួកគាត់បានស្នើរឱ្យខាងមន្ត្រីជំនាញ ជួយណែនាំលើទំនិញ បន្លែ ផ្លែឈើ ត្រីសាច់ ប្រហុក បង្អែម សរុប៦៣មុខ និងជួយស្វែងរក សារធាតុ បូរ៉ាក់, ហ្វ័រម៉ាលីន, កាកសំណល់ថ្នាំសម្លាប់សត្វល្អិត, សូដ្យូមអីដ្រូស៊ុលហ្វីត (ម្ស៉ៅស), និងស្វែងរកសារធាតុអាស៊ីតសាលីស៊ីលិច ។
ជាលទ្ធផលក្រោយមន្ត្រីជំនាញសាខាកាំកុងត្រូល បានពិនិត្យយ៉ាងយកចិត្តទុកដាក់ក្នុងម៉ាស៊ីនពិសោធន៍លើទំនិញទាំង៦៣មុខ ដែលពួកគាត់សង្ស័យនោះ លទ្ធផលបានបង្ហាញថាគ្រប់ទំនិញពុំមានសារធាតុគីមីនោះទេ លើកលែងតែនំបាញ់ឌុក មួយមុខគត់ដែលរកឃើញសារធាតុបូរ៉ាក់។
ក្រោយទទួលបានលទ្ធផលចេញពីរថយន្តចល័ត ភ្លាមមន្ត្រីសាខាកាំកុងត្រូល ដែលដឹកនាំដោយលោក ណាល់ វិចិត្រ ប្រធានសាខា បានចុះទៅតូបក្នុងផ្សារ ដែលមានអ្នកលក់ឈ្មោះ អ៊ុ វណ្ណសុធាវី ជាម្ចាស់លក់នំបាញ់ឌុក អ្នកលក់ក៏បានបញ្ជាក់ថានំរបស់គាត់ បានលាយទឹកកាបុងឱ្យស្វិត (ភាសារបច្ចេកទេសថាសារធាតុបូរ៉ាក់) មន្ត្រីជំនាញបានធ្វើការណែនាំឱ្យគាត់ឈប់ប្រើទឹកកាបុង ឬទឹកអន្សា ដែលគ្មានប្រភព ហើយបើត្រូវប្រើចាំបាច់ត្រូវទិញទឹកកាបុង ឬទឹកបន្សា ដែលគេផលិតឡើងសម្រាប់ដាក់ម្ហូបអាហារ ទើបសារធាតុនោះវាពុំមានប៉ះពាល់ដល់សុខភាពអ្នកទទួលទានផងដែរ៕