(ស្វាយរៀង)៖ ពលរដ្ឋដែលលួចលាក់ឆក់ត្រី៤១នាក់ រួមទាំងឧបករណ៍ឆក់ត្រីខុសច្បាប់ចំនួន៤១គ្រឿង ត្រូវបានកម្លាំងចម្រុះសហការគ្នា ចុះបង្ក្រាប និងដកហូតយកមករក្សាទុក ព្រមទាំងឱ្យពួកគេធ្វើកិច្ចសន្យាបញ្ឈប់ការឆក់ត្រី និងនេសាទត្រីដោយខុសច្បាប់ថែមទៀតផង។
បើតាមសមត្ថកិច្ចស្រុកស្វាយទាប បានឲ្យដឹងថាការចុះបង្ក្រាប និងឱ្យធ្វើកិច្ចសន្យាខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង៧៖៣០នាទីព្រឹកដល់ម៉ោង៣រសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិឈើទាល ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សមត្ថកិច្ច បានបន្តទៀតថា មុនធ្វើការបង្ក្រាប និងដកហូតឧបករណ៍ឆក់ខាងលើនេះ គឺមានពលរដ្ឋរាយការណ៍ថា មានអ្នកភូមិប្រើប្រាស់ឧបករណ៍ឆក់ ដើរលួចឆក់ត្រីតាមបឹង ប្រឡាយ ទើបកម្លាំងអាវុធហត្ថស្រុក សហការជាមួយកម្លាំងអធិការនគរបាលស្រុកស្វាយទាប ដឹកនាំដោយលោក កើត សុខា ក្រុមប្រឹក្សាឃុំគគីរសោម ចុះបង្ក្រាបដកហូតឧបករណ៍ឆក់រួមមាន៖ ដុំឆក់ត្រី៤១គ្រឿង ប្រម៉ោយឆក់៣២គូ និងធ្វើកិច្ចសន្យាបញ្ឈប់ការឆក់ និងនេសាទត្រីដោយខុសច្បាប់ទៀតលើពលរដ្ឋទាំង៤១នាក់នោះ៕