(ភ្នំពេញ)៖ លោកស្រី ជឹង សុគន្ធាវី អគ្គនាយិកានៃក្រុមហ៊ុនវីតាល់ ដែលជាក្រុមហ៊ុនផលិត និងចែកចាយទឹកពិសា គុណភាពខ្ពស់ និងល្បីល្បាញ លើសកម្មភាពសប្បុរសធម៌ បានចូលរួមចុះសួរសុខទុក្ខ ស្ត្រីជាមាតាជាង១០០នាក់ ដែលកំពុងសម្រាកព្យាបាល ក្រោយពីប្រសូតបុត្រធីតា នៅឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
កម្មវិធីនេះ បានប្រារព្ធឡើង នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ដោយលោកស្រី ជឹង សុគន្ធាវី ក៏បាននាំទឹកពិសា ចំណុះ១,៥លីត្រ និងសម្ភារប្រើប្រាស់សម្រាប់ទារកជាង១០០ឈុតផងដែរ។
គួរបញ្ជាក់ផងដែរថា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជារឿយៗមានស្ត្រីជាមាតាតែងតែ ចូលមកសម្រាលបុត្រមានចន្លោះពី៤០ ទៅ៥០នាក់ក្នុងមួយថ្ងៃ ដែលភាគច្រើននៃស្ត្រីទាំងនោះ មានស្ថានភាពគ្រួសារខ្វះខាត និងមធ្យម។
លោកស្រី ជឹង សុគន្ធាវី បានថ្លែងថា ដើម្បីជាការអបអរសាទរ ដល់ការប្រសូតបុត្រធីតារបស់អ្នកម្ដាយថ្មីៗ មូលនិធិ២៥រៀលវីតាល់ បានរៀបចំជាកញ្ចប់មួយ ដើម្បីធ្វើការចែករំលែក និងក្នុងគោលបំណងចុះសួរសុខទុក្ខ ដល់ស្ត្រីគ្រប់រូបផងដែរ ដែលក្នុងនោះអ្នកម្ដាយ គ្រប់រូបនឹងទទួលបានទឹកពិសា១,៥លីត្រមួយកេស ជាមួយសម្ភារទារកមួយឈុត។
លោកស្រីបន្តទៀតថា នេះមិនមែនជាលើកទីមួយទេ សម្រាប់វីតាល់ ចូលរួមក្នុងសកម្មភាពមនុស្សធម៌ និងសប្បុរសធម៌បែបនេះ គឺយើងតែងតែព្យាយាមនាំនូវមូលនិធិទៅប្រើប្រាស់ បន្តបន្ទាប់នៅតាមទីកន្លែងផ្សេងៗគ្នា។
លោកស្រីក៏បានបន្ថែមផងដែរថា ទឹកពិសាវីតាល់ គឺជាទឹកដែលគុណភាពខ្ពស់ និងអនាម័យល្អ ដោយឆ្លងការប្រព័ន្ធចម្រោះ១២ ដំណាក់កាល និងងាយរំលាយម្សៅទឹកដោះគោ និងម្សៅបបរយ៉ាងឆាប់រហ័ស ដូច្នេះវីតាល់ គឺល្អបំផុតសម្រាប់ទារក ទាំងការទទួល ទាននិងឆុងទឹកដោះគោ។
តំណាងមន្ទីរពេទ្យរុស្សី លោកអគ្គនាយក រង ចាន់ វិចិត្រ បានបង្ហាញក្តីសា្វគមន៍យ៉ាងកក់ក្តៅ ដល់ក្រុមហ៊ុនវីតាល់ ដែលបានផ្ដួចផ្ដើម ឡើងនូវកម្មវិធីដ៏មានតម្លៃមួយនេះ សម្រាប់ម្ដាយទើបតែប្រសូតបុត្រនៅទីនេះ។ លោកបន្តថា នេះមិនមែនជាលើកទីមួយទេ សម្រាប់មន្ទីរពេទ្យរបស់លោក ដែលទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនវីតាល់ ហើយការឧបត្ថម្ភនេះពិតជាមានគុណតម្លៃ ដែលមិនអាចកាត់ថ្លៃបាន។
លោកបន្តថាការចូលរួមនេះ បានឆ្លុះបញ្ចាំងវប្បធម៌ចែករំលែកដ៏ប្រពៃ និងការគិតគូរយ៉ាងខ្ជាប់ខ្ជួនក្នុងវិស័យសុខភាពដែលក្រុមហ៊ុន ដទៃ គួរយកចិត្តទុកដាក់ចូលរួម ជាក់ស្ដែងដូចអ្វីដែលវីតាល់កំពុងធ្វើនៅទីនេះ។ ដូច្នេះហើយ លោកក៏ពិតជាអរគុណវីតាល់ជាខ្លាំង ដែលបានចំណាយនូវពេលវេលា និងប្រើប្រាស់នូវមូលនិធិ ២៥រៀល ក្នុងកម្មវិធីសប្បុរសធម៌ នៅមន្ទីរពេទ្យរបស់លោក ។
គួរបញ្ជាក់ផងដែរថា ទស្សនវិស័យរបស់វីតាល់ មិនត្រឹមតែចង់ធ្វើសកម្មភាពសប្បុរសធម៌ កាន់តែច្រើននោះទេ ក្រុមហ៊ុនក៏មានបំណង លើកទឹកចិត្តនិងផ្សព្វផ្សាយកម្មវិធីសប្បុរសធម៌ នៅក្នុងប្រទេសកម្ពុជា ឲ្យមានភាពកាន់តែពុះកញ្ជ្រោលផងដែរ។ វីតាល់ប្តេជ្ញាថា នឹងយកកញ្ចប់ថវិកាសប្បុរសធម៌ ដែលបានចូលរួមពីអតិថិជនទាំងអស់ ទៅធ្វើកម្មវិធីសប្បុរសធម៌ ជាច្រើនបន្ថែមទៀត ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនត្រឡប់ទៅអតិថិជនទាំងអស់វិញ។ ដូច្នេះសូមចងចាំថា គ្រាន់តែជាអតិថិជនវីតាល់ អ្នកគឺបានចូលរួម ធ្វើបុណ្យកុសល និងចូលរួមចំណែកនៃការជួយ និងអភិវឌ្ឍសង្គមបានជាច្រើន «វីតាល់មោទនភាពផលិតផលជាតិ»៕