(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានដឹកនាំគណៈប្រតិភូចូលរួមសម្តែងនូវការសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ស្ថាបនិក មន្ទីរពេទ្យកុមារគន្ធបុប្ផាកម្ពុជា លោក Beat Richner នៅមន្ទីរពេទ្យគន្ធបុប្ផា ។

ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា លោកសូមចូលរួមសោកស្ដាយ និងចូលរួមរំលែកទុក្ខជាមួយមរណភាព លោកសាស្ត្រាចារ្យ បេអាត រីចច្នឺ កាលពីថ្ងៃអាទិត្យ ១៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងជន្មាយុ៧១ឆ្នាំ ដោយរោគាពាធ នៅប្រទេសស្វីស។ ការបាត់បង់រូបលោកនេះ មិនគ្រាន់តែជាការបាត់បង់ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាមួយទេ គឺជាការបាត់បង់ធនធានឥស្សរជនមួយរូប សម្រាប់ជួយដល់សុខភាពកុមារកម្ពុជា ហើយក៏ជាការបាត់បង់ដ៏ធំធេង សម្រាប់វិស័យសុខាភិបាលកម្ពុជា ដែលលោកបានធ្វើពលិកម្មជាច្រើន បូជាសព្វបែបយ៉ាង ទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី បម្រើការងារមនុស្សធម៌ ជួយកម្ពុជាកម្ពុជាចាប់តាំងពីឆ្នាំ ១៩៧៤ មកម្ល៉េះ។

ទន្ទឹមនឹងនោះ លោកឧបនាយករដ្ឋមន្ដ្រី ក៏បានបួងសួងវិញ្ញាណក្ខន្ធ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕