(ភ្នំពេញ)៖ ស្រ្តីឈ្មោះ សំ សុខា សកម្មជនអតីតគណបក្សសង្គ្រោះជាតិ ដែលបានយកស្បែកជើងគប់រូបសម្ដេចតេជោ ហ៊ុន សែន និងសម្តេច ហេង សំរិន កន្លងទៅនៅ ខេត្តព្រះសីហនុ រហូតត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួន និងត្រូវបានតុលាការសម្រេចឃុំខ្លួន ដាក់ពន្ធនាគារនោះនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ បានសរសេរលិខិតសុំអភ័យទោសមួយ ដើម្បីស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជួយលើកលែងទោស ឬបន្ថូរបន្ថយទោស បន្ទាប់ពីបានដឹងពីកំហុសរបស់ខ្លួនប្រព្រឹត្តកន្លងមក។
ស្រ្តីរូបនេះ កំពុងជាប់ឃុំនៅពន្ធនាគារខេត្តកំពង់ស្ពឺ តាំងពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨មកម្ល៉េះ។ នាងត្រូវបានសាលាដំបូងខេត្តកំពង់ស្ពឺ ចោទប្រកាន់ និងផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល២ឆ្នាំ និងពិន័យជាប្រាក់៥លានរៀល ពីបទ «ប្រមាថ និងញុះញង់ឲ្យមានការរើសអើង» ប្រព្រឹត្តទៅនៅចំណុចផ្លូវលេខ៤៥ ចន្លោះគីឡូម៉ែត្រលេខ ៤-៥ ភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧។
លិខិតសុំអភ័យទោស ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ស្រ្តី សំ សុខា បានបញ្ជាក់យ៉ាង ដូច្នេះថា «នាងខ្ញុំបានដឹងនូវកំហុសរបស់ខ្លួនហើយ នាងខ្ញុំពិតជាមានការសោកស្តាយចំពោះអំពើដ៏ល្ងង់ខ្លៅរបស់នាងខ្ញុំ ដែលបានយកស្បែកជើងគប់ស្លាកគណបក្សប្រជាជនកម្ពុជា និងជេរប្រមាថថ្នាក់ដឹកនាំកំពូលៗ របស់គណបក្សប្រជាជនកម្ពុជា និងក្រុមគ្រួសារកន្លងមក។ នាងខ្ញុំកំពុងជាប់ក្នុងពន្ធនាគារ ហើយទទួលបានការអប់រំណែនាំពីមន្ត្រីពន្ធនាគារ និងបានដឹងពីកំហុស របស់នាងខ្ញុំគ្រប់គ្រាន់ហើយ»។
សូមជម្រាបថា ស្រ្តី សំ សុខា ធ្លាប់បានចេញវីដេអូឃ្លីបដោយជេរប្រមាថធ្ងន់ៗ ទៅលើថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណបក្សប្រជាជន ថែមទៀតរួមមាន សម្តេចតេជោ ហ៊ុន សែន, សម្តេចពញាចក្រ ហេង សំរិន និងសម្តេចក្រឡាហោម ស ខេង ជាដើម។ ក្រោយធ្វើសកម្មភាពបែបនេះ ស្ដ្រីរូបនេះក៏បានរត់គេចខ្លួនចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសថៃ។ ស្រ្តីរូបនេះត្រូវបានចាប់ខ្លួន នៅតាមព្រំដែនកម្ពុជា-ថៃ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ បន្ទាប់ពីបានរត់គេចខ្លួន ទៅសម្ងំនៅក្នុងប្រទេសថៃ អស់រយៈពេលជាយូរខែ មកនោះ។
ការចាប់ខ្លួនស្ដ្រីរូបនេះត្រូវបានធ្វើឡើង ក្រោយលោក ស៊ឹង វុទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានចេញដីកាបង្គាប់ ឲ្យចាប់ខ្លួន នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ។ ដីកានោះបានបញ្ជាក់ថា ស្ដ្រីឈ្មោះ សំ សុខា អាយុ៣៨ឆ្នាំ ត្រូវបានដាក់ស្ថិតក្រោមការពិនិត្យពីបទ «ប្រមាថ និងញុះញង់ឲ្យមានការរើសអើង» ប្រព្រឹត្តទៅនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ៤៥ ចន្លោះគីឡូម៉ែត្រលេខ៤-៥ ស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕