(ចិន)៖ ក្រុមហ៊ុនចិនទាំងឡាយ ដែលផលិតបន្ទះសូឡា កំពុងចង់ពង្រីកទីផ្សាររបស់ខ្លួនឲ្យកាន់តែទូលំទូលាយ បន្ទាប់ពីសហភាពអឺរ៉ុប បានប្រកាសនាពេលថ្មីៗនេះ អំពីការលុបចោលវិធានការប្រឆាំង នឹងការលក់ទំនិញ នាំចូល ដែលមានតម្លៃទាបជាងទីផ្សារ និងវិធានការប្រឆាំងនឹងទំនិញនាំចូល ដែលមានជំនួយទ្រទ្រង់ពីប្រទេស ដែលនាំចេញ ទៅលើបន្ទះសូឡារបស់ប្រទេសចិន ដែលនាំចូលមកកាន់សហភាពអឺរ៉ុប។
ផលិតផលចិន សម្រាប់ផលិតថាមពលអគ្គិសនី ពីពន្លឺព្រះអាទិត្យ ដែលយកមកលក់នៅសហភាពអឺរ៉ុប នឹងមិនចាំបាច់ត្រូវគោរពតាមការរឹតបន្តឹង តម្លៃអប្បបរិមាសម្រាប់ទំនិញនាំចូល របស់សហភាពអឺរ៉ុប ដែលហៅកាត់ថា MIP ទៀតនោះទេ។ នេះក៏ដោយសារតែមានការលុបចោលបំរាម នាំចូលបន្ទះសូឡាចិន ដែលគេបានអនុវត្តរយៈពេល៥ឆ្នាំកន្លងទៅនេះ។ វាជាដំណឹងដ៏ល្អ សម្រាប់ក្រុមហ៊ុនចិនជាច្រើន ដែលផលិតសម្ភារសម្រាប់ ផលិតថាមពលអគ្គិសនី ពីពន្លឺព្រះអាទិត្យ។
លោក វ៉ាង លីចឹង អនុប្រធានគ្រប់គ្រងទូទៅ ក្រុមហ៊ុនវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបំឡែងពន្លឺព្រះអាទិត្យក្រហម ហ៊ូណាន បាននិយាយថា សេចក្តីសម្រេចរបស់សហភាពអឺរ៉ុប ពិតជាជួយពួកយើងបានចំពេលតែម្តង។ វាផ្តល់ឲ្យពួកយើងនូវទីផ្សារថ្មីមួយ សម្រាប់ផលិតផលដែលយើងផលិត។
លោក ស៊ូ ឡី ប្រធានផ្នែកទីផ្សារ ក្រុមហ៊ុន សិនជិន សូហ្វ៉ា សូឡា ខូ និយាយថា «វាពិតជាដំណឹងដ៏ល្អមែន។ យើងផលិតឧបករណ៍បំឡែង ពន្លឺព្រះអាទិត្យ។ ហើយកាលពីមុន យើងធ្លាប់តែសហការ ជាមួយក្រុមហ៊ុន ដែលលក់គ្រឿងបង្គំធំៗ ដើម្បីដាក់លក់ផលិតផលរបស់យើងរួមគ្នា នៅអឺរ៉ុប»។
ប៉ុន្តែ ដោយសារតែមានវិធានការដ៏តឹងតែង អំពីការប្រឆាំងនឹងការលក់ទំនិញនាំចូល ដែលមានតម្លៃទាបជាងទីផ្សារ និងវិធានការប្រឆាំងនឹងទំនិញនាំចូល ដែលមានជំនួយទ្រទ្រង់ពីប្រទេសដែលនាំចេញ ក្រុមហ៊ុនផលិត គ្រឿងបង្គុំធំៗ ទាំងនោះ ពិបាកធ្វើអាជីវកម្មណាស់។ តែឥឡូវ ក្រោយពីគេលុបចោលការរឹតបន្តឹងនេះទៅ យើងអាចធ្វើការជាមួយក្រុមហ៊ុនផលិតគ្រឿងបង្គំទាំងនោះបានហើយ។
លោកបន្ថែមថា «ហើយយើង ក៏នឹងកាន់តែស្រួលលក់ផលិតផលរបស់យើង ទៅកាន់ទីផ្សារអឺរ៉ុបទៀតផង។ ការរឹតបន្តឹងរបស់សហភាពអឺរ៉ុប រួមមានដូចជា ការកំណត់តម្លៃ និងចំនួនអប្បបរិមានៃទំនិញសូឡា ដែលសហភាពអឺរ៉ុប អនុញ្ញាតឲ្យនាំចូលពីប្រទេសចិន»។
មុនពេលមានការរឹតបន្តឹងនេះ សហភាពអឺរ៉ុប ធ្លាប់ជាអតិថិជនដែលទិញផលិតផលសូឡាច្រើនបំផុត របស់ប្រទេសចិន ដោយបានទិញ៧០ភាគរយ នៃផលិតផលសូឡាសរុបដែលចិននាំចេញ ក្នុងឆ្នាំ២០១១។ អតិថិជន នៅប្រទេសតួគី បារាំង អាល្លឺម៉ង់ និងអង់គ្លេស សុទ្ធតែបានបង្ហាញចំណាប់អារម្មណ៍ថា ចង់ទិញផលិតផលសូឡារបស់ចិន ហើយប្រទេសទាំងនោះ ទំនងជានឹងចាប់ផ្តើមទិញ នៅដើមឆ្នាំក្រោយនេះឯង។
ស្របពេលដែលក្រសួងពាណិជ្ជកម្មចិន បាននិយាយថា ក្រសួងសង្ឃឹមថា ការជួញដូរទំនិញសូឡារបស់ចិន ជាមួយសហភាពអឺរ៉ុប នឹងត្រលប់មកដូចដើមវិញ អ្នកវិភាគម្នាក់និយាយថា គេមិនទាន់អាចព្យាករណ៍បានទេ ថាតើទំហំនៃការជួញដូរនេះ នឹងត្រលប់មកដូចដើមវិញ បានដល់កម្រិតណានោះ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ស៊ូ ឡី។
អ្នកនាង ហូលី ហ៊ូ អ្នកវិភាគជាន់ខ្ពស់ ក្រុមហ៊ុន IHS Markit ក្រោមគោលការណ៍កំណត់តម្លៃអប្បបរិមា សម្រាប់ទំនិញនាំចូលនេះ ក្រុមហ៊ុនចិនជាច្រើន ដែលផលិតសម្ភារសូឡា បានប្រើរោងចក្រនៅតំបន់អាស៊ីអាគ្នេយ៍ ដើម្បីផលិតផលិតផលរបស់ពួកគេ ហើយក្រោយមកក៏នាំចេញផលិតផលទាំងនោះ ទៅសហភាពអឺរ៉ុប។
អ្នកវិភាគជាន់ខ្ពស់ ក្រុមហ៊ុន IHS Markit បានបញ្ជាក់ថា ប៉ុន្តែ ក្រោយពីគេលុបចោលគោលការណ៍នេះ ទៅក្រុមហ៊ុនចិនកាន់តែច្រើន នឹងអាចនាំចេញពីប្រទេសចិន ដោយផ្ទាល់តែម្តង ទៅកាន់សហភាពអឺរ៉ុប។
ទិន្នន័យពីក្រុមហ៊ុន IHS Markit បង្ហាញថា នៅឆ្នាំក្រោយ សហភាពអឺរ៉ុប នឹងត្រូវការដំឡើងបន្ទះសូឡា ច្រើនជាងមុនដល់ទៅ៤០ភាគរយ។ ហើយផលិតផល ដែលនាំចូលពីប្រទេសចិន នឹងអាចបំពេញតម្រូវការ ទាំងនោះបាន ព្រមទាំងនឹងធ្វើឲ្យតម្លៃបន្ទះសូឡា ដែលដាក់លក់នៅអឺរ៉ុប ចុះថោកជាងមុន ដល់ទៅ១ភាគ៣ឯណោះ៕ (សារព័ត៌មាន CCTV របស់ចិន)