(ភ្នំពេញ)៖ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា បងប្អូនរងគ្រោះដោយសេពគ្រឿងញៀន គឺសុទ្ធតែជាអ្នកមានឱកាសដើម្បីអភិវឌ្ឍន៍ខ្លួនឯង សង្គមគ្រួសារ និងសង្គមជាតិ។

ការលើកឡើងបែបនេះរបស់លោក នួន ផារ័ត្ន បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់អគារមណ្ឌលសុខភាព ឱកាសខ្ញុំ ចំនួន១ខ្នង ១១បន្ទប់ ស្ថិតនៅមជ្ឈមណ្ឌលឱកាសខ្ញុំ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជាអំណោយរបស់រដ្ឋបាល រាជធានីភ្នំពេញ។

លោក នួន ផារ័ត្ន បានលើកឡើងថា ក្នុងរបបប៉ុលពតបានធ្វើឲ្យប្រទេសជាតិ ធ្លាក់ដល់ចំណុចសូន្យ មិនមានអ្វីទាំងអស់ ក្នុងនោះធនធានមនុស្សក៏ត្រូវសម្លាប់ចោលអស់ផងដែរ។ ក្រោយឆ្នាំ១៩៧៩ ប្រទេសកម្ពុជាបានកសាងប្រទេសឡើងវិញ ទាំងមិនមានអ្វីទាំងអស់។ ប៉ុន្តែក្រោយការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បាននាំឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ។

ទន្ទឹមនៃការអភិវឌ្ឍនេះ ប្រទេសកម្ពុជាក៏មានបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជា បញ្ហាកកស្ទះចរាចរ និងបញ្ហាគ្រឿងញៀនជាដើម។ បញ្ហាគ្រឿងញៀនវាបានធ្វើឲ្យស្រទាប់យុវជនរបស់យើងមួយចំនួន បានលង់ខ្លូនជាអ្នកសេពគ្រឿងញៀន ដែលជាបញ្ហាប្រឈមមួយដែលសង្គមជាតិរបស់យើងត្រូវតែដោះស្រាយជាបន្ទាន់។

លោក នួន ផារ័ត្ន បានបញ្ជាក់ថា អ្នកញៀនគ្រឿងញៀន ប្រៀបបាននឹងច្រេះស៊ីដែកបាតកប៉ាល់ទឹកអញ្ចឹងដែរ ពោលគឺបើយើងមិនមានវិធានការទេ ច្រេះនោះនឹងស៊ីដែកបាតកប៉ាល
បណ្តាលឲ្យលិចលង់កប៉ាល់មិនខានឡើយ។

យ៉ាងណាម៉ិញ អ្នកញៀនគ្រឿងញៀនក៏មិនខុសពីបញ្ហានេះដែរ បើយើងមិនរួមគ្នាដោះស្រាយទេ នោះសង្គមយើងនឹងមានបញ្ងាប្រឈមហើយ មិនអាចអភិវឌ្ឍប្រទេសឲ្យរីកចំរើនបានទេ។

លោកបន្តថា បងប្អូនរងគ្រោះដោយសេពគ្រឿងញៀន គឺសុទ្ធតែជាអ្នកមានឱកាស ដើម្បីអភិវឌ្ឍន៍ខ្លួនឯង សង្គមគ្រួសារ និងសង្គមជាតិ សំខាន់លើការតាំងចិត្តរបស់ខ្លួនឯង។ លោកថា នៅប្រទេសដែលមានការអភិវឌ្ឍនៅលោកខាងលិច អ្នកញៀនគ្រឿងញៀនមួយចំនួន បានប្រែក្លាយខ្លួនទៅជាមនុស្សដែលល្បីល្បាញ និងមានប្រយោជន៍នៅក្នុងសង្គម។ ដូច្នេះលោក នួន ផារ័ត្ន សូមឲ្យបងប្អូន ដែលញៀនគ្រឿងញៀនទាំងអស់ ប្រឹងប្រែងដើម្បីបន្សាបគ្រឿងញៀនអោយបាន ដើម្បីបានទៅធ្វើការងារបំរើផលប្រយោជន៍ឲ្យសង្គមជាតិរបស់យើង។

លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ និងជាប្រធានមជ្ឈមណ្ឌលឱកាសខ្ញុំ បានថ្លែងថា គិតមកដល់ត្រឹមថ្ងៃទី១០ ខែកញ្ញានេះ មានយុវជនបានប្រើប្រាស់គ្រឿងញៀន កំពុងធ្វើការបន្សាបនៅក្នុងមណ្ឌលសុខភាពឱកាសខ្ញុំមានចំនួន១៩៦៣នាក់ ក្នុងនោះមានស្រីចំនួន១៣៣នាក់។

លោកស្រីបញ្ជាក់ថា កន្លងមកនេះយើងបានព្យាបាលបន្សាបដល់អ្នកញៀនគ្រឿងញៀនចំនួន៥៨៦៥នាក់ ក្នុងនោះមានស្រីចំនួន៣៦២នាក់ ដោយអោយពួកគាត់បានវិលត្រឡប់ទៅផ្ទះវិញ ជាមួយនិងសុខភាពល្អប្រសើរ ហើយបច្ចុប្បន្ននេះនៅក្នុងមជ្ឈមណ្ឌលឱកាសខ្ញុំមានអ្នកញៀនគ្រឿងញៀនកំពុងបន្សាបចំនួន១៩៦៣នាក់ ស្រី១៣៣នាក់ ដោយគិតត្រឹមថ្ងៃ១០ ខែកញ្ញា ឆ្នាំ២០១៨នេះ ។

លោកស្រីបន្តថា ដោយការយកចិត្តទុកដាក់គិតគូរខ្ពស់ដល់បងប្អូនដែលកំពុងរងគ្រោះ ដោយការប្រើប្រាស់គ្រឿងញៀន និងដោយពិនិត្យឃើញថា មណ្ឌលសុខភាពជាតម្រូវការចាំបាច់ ដែលអាចធានាដល់ការព្យាបាលប្រកបដោយគុណភាពខ្ពស់ដល់ជនរងគ្រោះ ដែលកំពុងទទួលសេវាព្យាបាល និងស្ដារនីតិសម្បទានៅក្នុងមជ្ឈមណ្ឌលឱកាសខ្ញុំ រដ្ឋបាលរាជធានីភ្នំពេញ បានផ្ដល់ការសាងសង់អគារមណ្ឌលសុខភាព ឱកាសខ្ញុំចំនួន០១ ខ្នង ០១ជាន់ ចំនួន ១១បន្ទប់ ដោយចាប់ផ្តើមសាងសង់កាលពីថ្ងៃ២១ កុម្ភៈ ឆ្នាំ២០១៧ និងបានស្ថាបនារួចរាល់នៅថ្ងៃ២៥ មករាឆ្នាំ២០១៨ និងបានបើកសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនៅពេលនេះ៕