(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់របស់ធនាគារពិភពលោក (World Bank) ប្រចាំនៅអគ្គនាយកដ្ឋានឧត្តមសិក្សា បានណាត់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ជួបពិភាក្សា តែដល់ម៉ោងណាត់ជួប បែរជាមិនហ៊ានមកជួប ដោយគ្មានមូលហេតុ ដែលនេះគឺជាកាយវិការក្រអឺតក្រទម និងព្រហើនមួយ។
គោលបំណងនៃការជួបជុំនាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ គឺដើម្បីបង្ហាញនូវគម្រោងកែលម្អការអប់រំឧត្ដមសិក្សា ដែលនឹងគាំទ្រដល់គ្រឹះស្ថានឧត្ដមសិក្សាឯកជន ក្នុងការលើកកម្ពស់គុណភាព បង្រៀន និងរៀនការកែលម្អកម្មវិធីសិក្សាការអភិវឌ្ឍ សមត្ថភាពបុគ្គលិកអប់រំ និងការលើកកម្ពស់សមត្ថភាពស្ថាប័ន។
សេចក្ដីជូនដំណឹងរបស់សមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះបានបញ្ជាក់ថា៖
*ទី១៖ យោងតាមលិខិតលេខ ១៥៥ អគ.ឧស ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ស្ដីពី សំណើរសំណាត់ជួបពិភាក្សា កែលំអលើគម្រោងឧត្ដមសិក្សាកម្ពុជា ដែលចុះហត្ថលេខាដោយ លោក ម៉ក់ ងយ អគ្គនាយក នៃអគ្គនាយកដ្ឋានឧត្ដមសិក្សា។
*ទី២៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៩៖០០ព្រឹក ក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា បានមកជួបជុំរង់ចាំការប្រជុំ ប៉ុន្ដែត្រូវបានអាក់ខានវិញ ដោយធនាគារពិភពលោក (World Bank) សម្រេចមិនចូលរួមប្រជុំតាមពេលវេលាកំណត់ ដោយគ្មានមូលហេតុច្បាស់លាស់៕