(យ៉ាឡា-ថៃ)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បង្ហាញមោទនភាពចំពោះវឌ្ឍនភាពជាវិជ្ជមានរបស់កម្ពុជានាពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាពិសេសគោលនយោបាយដឹកនាំសុខដុមបនីយកម្មជាគោលការណ៍រួមមួយ នៃយុទ្ធសាស្រ្តឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព សេរីភាព និងគ្មានជម្លោះសាសនា រឺជម្លោះជាតិសាស្ត្រនោះឡើយ។
ថ្លែងបែបនេះនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងឱកាសដែលលោកទេសរដ្ឋមន្រ្តី ដឹកនាំគណៈប្រតិភូ២៧រូប ចូលរួមពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ព្រះវិហារឥស្លាម Tengah Pambala នៅខេត្តយ៉ាឡា ប្រទេសថៃ ក្រោមអធិបតីភាព លោក Wan Mohamad Noor Matha អតីតប្រធានរដ្ឋសភាថៃ ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមួយចំនួនរបស់ប្រទេសថៃ។
ព្រះវិហារដែលសម្ពោធនាពេលនេះ មានទំហំ១៨ម៉ែត្រ គុណ ២៦ម៉ែត្រ មានតម្លៃរួមជាមួយនឹងអាគារសិក្សាមួយខ្នង ការិយាល័យរដ្ឋបាល ដែលសរុបសមិទ្ធផលទាំងអស់ មានតម្លៃ ១៥លានបាត ជាបដិភាគរបស់ប្រជាជនថៃក្នុងភូមិ Pambala និង សប្បុរសធម៍ក្នុងស្រុក ជាមួយនឹងបដិភាគនៃមូលនិធិ Matha Foundation របស់ លោកប្រធានគណៈអធិបតី ៤.៦លានបាតផងដែរ។
លោក Wan Mohamad Noor Matha ក្នុងនាមម្ចាស់ផ្ទះបានកោតសរសើរ និងស្វាគមន៍ដល់ការអញ្ជើញរបស់គណៈប្រតិភូកម្ពុជា និងបានកោតសរសើរ ពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។