(កណ្តាល)៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈពង្រឹងមូលដ្ឋានស្រុកពញាឮ ខេត្តកណ្តាលបានជួបសំណេះសំណាលជាមួយក្មួយៗ សិស្សានុសិស្សដែលទើបនឹងប្រឡងជាប់បាក់ឌុបចំនួន៤៨៧នាក់ នៅទូទាំងស្រុកពញាឮ ក្នុងនោះមានសិស្សម្នាក់ដែលទទួលបាននិទ្ទេស A។

ថ្លែងក្នុងកម្មវិធីសំណេះសំណាលនោះ លោករដ្ឋមន្ត្រី បានអបអរសាទរ និងកោតសរសើរចំពោះការប្រឹងប្រែងខិតខំរៀនសូត្រ របស់របស់ក្មួយៗ រហូតទទួលបានលទ្ធផលល្អនាពេលនេះ ។

លោករដ្ឋមន្ត្រីក៏បានថ្លៃងអំណរគុណ និងកោតសរសើរផងដែរ ដល់មាតាបិតា គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ដែលបានរួមគ្នាជួយដល់ក្មួយៗ លើការបណ្ដុះបណ្ដាល អប់រំ និងជីវភាពរស់នៅ។

បន្ថែមពីលើនេះ លោករដ្ឋមន្ត្រី ក៏បានក្រើនរំលឹកដល់ក្មួយៗទាំងអស់ ត្រូវតែបន្តការខិតខំរៀនសូត្រធ្វើឡើងបន្ថែមទៀត ដើម្បីក្លាយជាធនធានមនុស្សដ៏ប្រកបដោយសក្តានុពល សម្រាប់ក្រុមគ្រួសារ និងប្រទេសជាតិ។ ពេលមកបន្តការសិក្សានៅតាមសកលវិទ្យាល័យ ឬមហាវិទ្យាល័យនានា ក្មួយៗត្រូវជ្រើសរើសយកជំនាញដែលសមស្រប និងសមត្ថភាព ចំណង់ចំណូលចិត្តរបស់ខ្លួន ហើយក៏ត្រូវឲ្យឆ្លើយតបផងដែរ ទៅនឹងតម្រូវការធនធានមនុស្សសំរាប់ចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ។

ជាមួយគ្នានេះលោក លឹម គានហោ បានផ្តាំហើយផ្តាំទៀតជូនសិស្សទាំងអស់ថា នៅពេលឈានជើងចូលរៀននៅសកលវិទ្យាល័យ ឬមហាវិទ្យាល័យត្រូវចាកចេញឲ្យឆ្ងាយ និងជៀសឲ្យផុតពីអំពើ អបាយមុខដូចជា គ្រឿងញៀន និងគ្រឿងស្រវឹងជាដើម។

ជាការលើកទឹកចិត្ត លោករដ្ឋមន្ត្រី បានផ្ដល់លើម៉ូតូថ្មីមួយគ្រឿង សំរាប់សិស្សដែលជាប់និទ្ទេស A។ ចំណែកក្មួយៗដែលជាប់និទ្ទេស B,C,D និង E ក៏បានទទួលនូវថវិកាឧបត្ថម្ភមួយចំនួន ពីលោករដ្ឋមន្ត្រីផងដែរ។

សូមបញ្ជាក់ថា បេក្ខជនប្រលងបាក់ឌុប នៅឆ្នាំ២០១៨នេះ ជាប់សរុប ៧៥,០៥៩នាក់​ ស្មើនឹង​ ៦៦.២១%។ មានបេក្ខជន និទ្ទេស​ A ២៩០នាក់, បេក្ខជន និទ្ទេស​ B ១​,៥៣២នាក់, បេក្ខជន និទ្ទេស​ C ៤,៦៣១នាក់, បេក្ខជន និទ្ទេស​ D ១៣,៩៩៩នាក់ និងបេក្ខជននិទ្ទេស​ E ៥៤,៦០៧នាក់។ ការប្រឡងសម្រាប់ឆ្នាំសិក្សា២០១៨នេះ មាន​​បេក្ខជន​បាន​ចុះឈ្មោះ​​ប្រឡង​​​សរុប​ចំនួន​ ១១៥,២៦៨នាក់ ស្រី​៥៨,១៥៨នាក់៕