(រតនគិរី)៖ ដោយមានការព្យាយាម និងខិតខំប្រឹងប្រែងពុះពាររាល់គ្រប់ឧបសគ្គ ដែលកើតមាននៅចំពោះមុខ ទោះបីខ្លួនរស់នៅក្នុងគ្រួសារដែលក្រីក្រយ៉ាងណានោះ ធ្វើឱ្យយុវសិស្សឆ្នើមឈ្មោះ ម៉ក់ យិត អាចទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ប្រឡងជាប់និទ្ទេស A តែម្នាក់គត់ ក្នុងចំណោមបេក្ខជន ក្នុងខេត្តរតនគិរី ដែលបានប្រឡងជាប់ចំនួន៧២១នាក់ និងក្នុងចំណោមបេក្ខជន៩០៧នាក់ ដែលបានចូលរួមប្រឡង កាលពីថ្ងៃ២០ ខែសីហា ឆ្នាំ២០១៨។
យុវសិស្សឆ្នើមឈ្មោះ ម៉ក់ យិត អាយុ១៩ឆ្នាំ បានប្រលងជាប់និទ្ទេស A បានឱ្យដឹងថា ប្អូនមានស្រុកកំណើតនៅភូមិស្រម៉ ឃុំក្សែត ស្រុកកំពុងរោ ខេត្តស្វាយរៀង ដែលមានឪពុក ឈ្មោះ តាន់ មាឃ អាយុ៤២ឆ្នាំ ម្ដាយឈ្មោះ កាន យ៉ាន់ អាយុ៤០ឆ្នាំ បច្ចុប្បន្នឪពុកម្ដាយ របស់ប្អូនប្រុសធ្វើជាកម្មករ នៅប្រទេសថៃ។ ប្អូនប្រុសមានបងប្អូនចំនួន៤នាក់ (ស្រី១ ប្រុស៣) ហើយប្អូនប្រុសជាកូនទី២។ យុវសិស្សឆ្នើមរូបនោះ បានរៀបរាប់ទៀតថា ប្អូនបានមកសិក្សារៀនសូត្រ នៅក្នុងខេត្តរតនគិរីម្នាក់ឯង រយៈពេល០៣ឆ្នាំមកហើយ គឺបានសិក្សានៅវិទ្យាល័យសម្ដេចឪ-សម្ដេចម៉ែ តាំងពីថ្នាក់ទី១០មកម្ល៉េះ។
យុវសិស្សឆ្នើមរូបនោះបានបន្តទៀតថា បច្ចុប្បន្នប្អូនបានស្នាក់នៅផ្ទះជួលមួយកន្លែង ក្នុងភូមិ អូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ហើយឆ្លៀតពេលទំនេរពីការសិក្សារៀនសូត្រ តែងតែស៊ីឈ្នួលរៀបចំឥវ៉ាន់លក់ដូរឱ្យគេ ដើម្បីបានថវិការមកជួលបន្ទប់ស្នាក់នៅ និងឧបត្ថម្ភខ្លួនឯងក្នុងការសិក្សា។
យុវជនដែលជាប់និទ្ទេស A រូបនេះ ក៏បានរំលឹកផងដែរ អំពីការលំបាកគ្រប់បែបយ៉ាងដែលខ្លួន បានបែកឆ្ងាយពីឪពុកម្ដាយ បងប្អូនមករស់នៅម្នាក់ឯង ក្នុងទឹកដីនៃខេត្តរតនគិរី តែកាលំបាកតាំងអស់នោះ បានជំរុញឱ្យប្អូនខិតខំប្រឹងប្រែងធ្វើការងាររកប្រាក់ និងខិតខំប្រឹងប្រែងរៀនសូត្រ ដោយសង្ឃឹមថាថ្ងៃណាមួយជីវិតរបស់ខ្លួន នឹងបានល្អប្រសើពីការខិតខំប្រឹងប្រែងទាំងនេះ។
ជាក់ស្តែងពេលនេះក្ដីស្រម៉ៃរបស់ប្អូនប្រុស បានក្លាយជាការពិត ដោយបានប្រឡងជាប់និទ្ទេស A ថ្នាក់វិទ្យាសាស្រ្ត ដោយទទួលបានពិន្ទុ ៩៩.៨៨៥ ដែលលទ្ធផលនេះធ្វើឱ្យប្អូនប្រុស មានការសប្បាយរីករាយយ៉ាងខ្លាំងរកអ្វីប្រៀបផ្ទឹមពុំបានឡើយ។
គួរបញ្ជាក់ផងដែរមុនសម័យប្រលងទុតិយភូមិ (បាក់ឌុប) លោក ថង សាវុន អភិបាលខេត្តរតនគិរីបានសន្យាថា បើបេក្ខជនណាម្នាក់បាននិទ្ទេស A រូបគាត់នឹងផ្តល់រង្វាន់ម៉ូតូស៊េរីថ្មី១គ្រឿងផងដែរ ជាក់ស្តែងពេលនេះនៅក្នុងខេត្តរតនគិរី មានបេក្ខជនប្រឡងនិទ្ទេស A ចំនួន១នាក់ និទ្ទេស B ចំនួន៣នាក់ និទ្ទេស C ចំនួន៤៩នាក់ និទ្ទេស D ចំនួន១៩៦ នាក់ និងនិទ្ទេស E ចំនួន ៤៧២នាក់៕