(ព្រះវិហារ)៖ លោក ដួង មុនី ប្រធានសាខាកាំកុងត្រូលខេត្តព្រះវិហារ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរមូលដ្ឋាន នាថ្ងៃទី១០ ខែកញ្ញា ម្សិលមិញ បានបន្តចុះផ្សព្វផ្សាយអប់រំ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ ដល់ក្រុមយុវជន និងអ្នកស្ម័គ្រចិត្តភូមិជាច្រើនរូប ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោក ដួង មុនី បានថ្លែងថា ការចុះផ្សព្វផ្សាយអប់រំដល់យុវជន និងអ្នកស្ម័គ្រចិត្តភូមិនៅពេលនេះ គឺចង់ឱ្យពួកគាត់មានការយល់ដឹង អំពីសុវត្ថិភាព និងគុណភាពចំណីអាហារ របៀបមើលកាលបរិច្ឆេទប្រើប្រាស់ ផលប៉ះពាល់ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ផលប៉ះពាល់ការបន្ថែមសារធាតុគីមី ដើម្បីឱ្យពួកគាត់បានយល់ជ្រួតជ្រាត និងយកទៅផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ ដល់អាជីវករ ក៏ដូចជាប្រជាពលរដ្ឋ ក្នុងសហគមន៍របស់គាត់ឱ្យមានការយល់ដឹងបន្តទៀតផងដែរ។
លោកបានបន្តថា បើសិនជាពួកគាត់បានយល់ដឹងពីសុវត្ថិភាព និងគុណភាពចំណីអាហារបានច្បាស់លាស់នោះហាក់បីដូចជាពួកគាត់ បានចូលរួមក្នុងការកាត់បន្ថយការចំណាយ នៅក្នុងគ្រួសារបងប្អូនប្រជាពលរដ្ឋបានមួយផ្នែកធំដែរ។ ប៉ុន្តែបើយើង មិនបានយល់ច្បាស់ ពីសុវត្ថិភាព និងគុណភាពចំណីអាហារទេ ចេះតែទិញមកបរិភោគ ដោយមិនបានត្រួតពិនិត្យមើលច្បាស់លាស់នោះច្បាស់ ជាប៉ះពាល់ដល់សុខភាព និងមានជំងឺផ្សេងៗ នាំឱ្យក្រុមគ្រួសារខាតបង់ថវិកា ក្នុងការព្យាបាលជំងឺមិនខាន ហើយក្រៅពីនោះធ្វើឱ្យខាតបង់ ពេលវេលាក្នុងការប្រកបរបរចិញ្ចឹមជីវិតផ្សេងៗ មិនខាន។
លោកប្រធានសាខាកាំកុងត្រូល ក៏បានធ្វើការផ្តាំផ្ញើរដល់ក្រុមយុវជនដែលបានចូលរួមក៏ដូចជាអ្នកស្ម័គ្រចិត្តភូមិ អាចចូលរួមជាមួយលោកបាន ពេលដែលក្រុមជំនាញរបស់លោកចុះពិនិត្យទំនិញនៅតាមទីផ្សារម្តងៗ ដើម្បីជាបទពិសោធន៍ និងចំណេះដឹងរបស់យើងផងដែរ។ ហើយនៅពេលដែលយើងមានចំណេះដឹង មានបទពិសោធន៍ពេលត្រឡប់ទៅវិញ ត្រូវធ្វើការផ្សព្វផ្សាយបន្តឱ្យបងប្អូនប្រជាពលរដ្ឋ មានការយល់ដឹងពិសេសមុននិងទិញគ្រឿងឧបភោគ បរិភោគដែលគេវេចខ្ចប់ជាកំប៉ុងក្តី ជាដបក្តី ឬជាថង់ក្តីត្រូវពិនិត្យមើល ស្លាកសញ្ញា ឬកាលបរិច្ឆេទដែលមានបិទ ឬបោះពុម្ភភ្ជាប់នៅតាមកំប៉ុង ដបថង់ទាំងនោះឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងការប៉ះពាល់សុខភាព៕