(សៀមរាប)៖ ថវិការបស់លោកស្រី សៀង ចាន់ហេង និងសប្បុរសជនក្នុងខេត្តសៀមរាប ចំនួន២៦,៩៧៣ដុល្លារ ដែលផ្ដល់ជូនលោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង ត្រូវបានប្រគល់ជូនមន្ទីរពេទ្យបង្អែកខេត្ត នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។
ថ្លែងក្នុងឱកាសនោះ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង ក៏បានធ្វើការកោតសរសើរ ចំពោះក្រុមវេជ្ជបណ្ឌិត គ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្ត ដែលបានយកចិត្តទុកដាក់ខ្ពស់ដល់អ្នកជំងឺ សំខាន់លើសេវាបម្រើព្យាបាលអ្នកជំងឺ ដែលបានចូលមកសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ ប្រកបដោយក្រមសីលធម៌ល្អ។
លោកស្រី ក៏បានគូសបញ្ជាក់ថា ក្រោយពេលការចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់បងប្អូនអ្នកជំងឺ កំពុងតែ សម្រាក់ព្យាបាលនៅក្នុងមន្ទីរពេទ្យនាពេលកន្លងមកនោះ លោកស្រីបានសង្កេតមើលឃើញនូវកង្វះអគារទីកន្លែង អ្នកជំងឺសម្រាកព្យាបាល ដោយមានបងប្អូនអ្នកជំងឺដែលមកពីបណ្តាខេត្តនានា ចូលមកសម្រាក់ព្យាបាលជំងឺ។ ដោយកត្តានេះហើយ ក្នុងនាមទឹកចិត្តមនុស្សធម៌របស់លោកស្រី ក៏បានខិតខំស្វែងរកបងប្អូនសប្បុរសជនទាំងក្នុង និងក្រៅស្រុកជាតិ អន្តរជាតិ ក្នុងការកៀងគរប្រមូលថវិកា ដើមី្បយកមកឧបត្ថម្ភគាំទ្រក្នុងការសាងសង់អគារផ្នែកជំងឺទូទៅនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ជាការជួយសម្រួលដល់បងប្អូនអ្នកជំងឺចូលមកទទួលសេវាព្យាបាល បានស្នាក់នៅសមរម្យជាមន្ទីរពេទ្យ។
តាមរយៈភរិយាលោក ឃឹម ប៊ុនសុង ក៏បានលោកស្រី សៀង ចាន់ហេង បានបរិច្ចាគនូវថវិកា ចំនួន២៦,៩៧៣ដុល្លារ ដើម្បីបន្តការសាងសង់បង្ហើយអគារព្យាបាលជំងឺទូទៅក្នុងការបម្រើនូវតម្រូវការរបស់ គ្រូពេទ្យ និងបងប្អូនអ្នកជំងឺ។
ជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត ក៏បានថ្លែងនូវអំណរគុណនូវទឹកចិត្តដ៏សប្បុរស របស់លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង និង លោកស្រី សៀង ចាន់ហេង រួមទាំងសប្បុរសជនក្នុងខេត្ត ដែលបានបរិច្ចាគនូវថវិកា ក្នុងការចូលរួមសាងសង់អគារសម្រាប់ផ្នែកជំងឺទូទៅនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
លោកវេជ្ជបណ្ឌិត បានឲ្យដឹងថា អគារដែលធ្វើការសាងសង់នេះ បានដំណើរការសាងសង់បាន៩៥%ហើយ ព្រមទាំងដាក់គ្រែអ្នកជំងឺបាន៧០គ្រែផងដែរ។ លោកវេជ្ជបណ្ឌិត បានបន្ត ទៀតថា ក្នុងពេលកន្លងមកលោកស្រី ក្នុងនាមអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត តែងបាននាំយកថវិកាឧបត្ថម្ភគាំទ្រដល់មន្ទីរគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ព្រមទាំងបានចុះសួរសុខទុក្ខ ផ្តល់អំណោយ ដល់អ្នកជំងឺដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្តផងដែរ។
លោកវេជ្ជបណ្ឌិត ក៏បានធ្វើការកោតសរសើរ ពីការខិតខំយកចិត្តទុកដាក់ អស់ពីកម្លាំងការចិត្តរបស់លោកស្រី លើវិស័យសុខាភិបាល ក្នុងការកៀងគររកសប្បុរសជន ចូលរួមថវិកាដើម្បីធ្វើការសាងសង់អគារ សម្រាប់ផ្នែកជំងឺទូទៅប្រកបទៅដោយស្មារតី មនសិការនៃការអភិវឌ្ឍន៍លើវិស័យសុខាភិបាល ក៏ដូចជាការយកចិត្តទុកដាក់ខ្ពស់ពីសុខភាព អនាម័យរបស់ប្រជាជនកម្ពុជាទៀតផង៕