(ភ្នំពេញ)៖ លោកបណ្ឌិតទេសរដ្ឋមន្ត្រី ញឹម វណ្ណដា អនុប្រធានប្រចាំការ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា រយៈពេល៨ខែ ដើមឆ្នាំ២០១៨នេះ មានរាជធានី-ខេត្តចំនួន២២ បានរង់គ្រោះដោយសារទឹកជំនន់ និងបានបណ្តាលឱ្យមានមនុស្សស្លាប់ចំនួន៤៤នាក់ ការលើកឡើងរបស់លោកបណ្ឌិតទេសរដ្ឋមន្ត្រី អនុប្រធានប្រចាំការ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ បានធ្វើឡើងនាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ម្សិលមិញ ក្នុងឱកាសលោកទេសរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ។
លោកបណ្ឌិតទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានបន្តថា គ្រោះទឹកជំនន់មានចំនួន១២១ពាន់, ៧២០គ្រួសារ ស្មើនឹងមនុស្សចំនួន៥២៧ពាន់, ៤៨៩នាក់ ប្រជាជនជម្លៀសចំនួន១១ពាន់, ២៤៦គ្រួសារ ស្មើនឹងមនុស្សចំនួន៥០ពាន់, ៦០៧នាក់ និងមានអ្នកស្លាប់ចំនួន៤៤នាក់។ ដោយឡែកដំណាំស្រូវប៉ះពាល់ប្រមាណ៨២ពាន់, ២៤១ហិកតា ខូចខាតប្រមាណ៣៧ពាន់, ៤៤៩ហិកតា ប៉ះពាល់ដំណាំរួមផ្សំ១០ពាន់ ១៣៩ហិកតា ខូចខាតប្រមាណ៥ពាន់, ៦១០ហិកតា និងផ្លូវលំជនបទលិចទឹកប្រមាណ១ពាន់, ៣១៧គីឡូម៉ែត្រ។
តាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា គ្រោះមហន្តរាយឆ្នាំនេះ បានកើតឡើងខុសប្លែក ពីឆ្នាំមុនៗបន្តិចសំខាន់ គឺបញ្ហាធម្មជាតិដែលមានខ្យល់កន្ត្រាក់រហូតដល់១៦៦លើក សម្លាប់មនុស្សចំនួន៦នាក់ និងរន្ទះបាញ់បានសម្លាប់ មនុស្សចំនួន៨៨នាក់ ពោលគឺករណីនៃគ្រោះធម្មជាតិទាំងពីរនេះបានសម្លាប់ប្រជាជនកម្ពុជា ជិត១០០នាក់ ក្នុងរយៈពេល៨ខែ ដើមឆ្នាំ២០១៨នេះ ហើយចំពោះករណីនៃគ្រោះទឹកជំនន់ បានចាប់ផ្តើមតាំងពីក្រោយចូលឆ្នាំខ្មែរមក រហូតដល់ជិតយុទ្ធនាការបោះឆ្នោត ក៏កើតមាននូវជំនន់ទឹកភ្លៀងប៉ែកខាងលិចប្រទេសដូចជា៖ ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តប៉ៃលិន និងខេត្តកំពង់ស្ពឺជាដើម។ រីឯខេត្តតាមមាត់សមុទ្រមាន ខេត្តព្រះសីហនុ, ខេត្តកោះកុង និងខេត្តកំពតក៏រងនូវផលប៉ះពាល់ពីទឹកជំនន់ ផងដែរ។
លោកបណ្ឌិតទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានគូសបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១០ កញ្ញានេះ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ បើពុំមានព្យុះ ឬសម្ពាធផ្សេងៗ កើតឡើងទេនោះ មានន័យថា យើងទទួលបានសុវត្ថិភាព។ ផ្ទុយទៅវិញប្រសិនបើមានព្យុះ ឬសម្ពាធផ្សេងៗ កើតឡើងនោះ
ទឹកអាចឡើងម្តងទៀត ដែលទាមទារឲ្យយើងទាំងអស់គ្នាត្រូវតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុត។ លោកបណ្ឌិតទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា រីឯការស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធនៅក្រោយទឹកជំនន់នឹងត្រូវចំណាយថវិកាច្រើន៕