(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារភ្នាក់ងារ Fresh News ដែលកំពុងចុះយកព័ត៌មាននៅកន្លែងកើតហេតុបានបញ្ជាក់ថាឲ្យដឹងថា មានអគ្គិភ័យមួយកំពុងឆាបឆេះក្លិបកម្សាន្តមួយកន្លែងយ៉ាងសន្ធោរសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងមានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានចេញមកអន្តរាគមន៍។
ហេតុការណ៍នេះ បានកើតឡើងនៅចំណុចក្លឹបសំសាន្តយីហោ 2ND មានទីតាំងនៅតាមបណ្តាយផ្លូវលេខ៥១កែងផ្លូវលេខ២៥៤ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមសេចក្ដីរាយការណ៍បឋមគ្រោះអគ្គិភ័យនេះ បានចាប់ផ្ដើមឆាបឆេះចេញពីខាងក្នុងក្លិបតែម្ដង ដែលកើតឡើងតាំងពីវេលាម៉ោងប្រមាណ៦៖៣០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ដោយអគ្គិភ័យបង្កជាភ្លើងផ្សែងហុយចេញពីខាងក្នុងក្លិប ចេញមកខាងក្រៅហោះឡើងលើយ៉ាងខ្មួលខ្មាញ់។
គិតត្រឹមម៉ោង៨៖៣០នាទីព្រឹកថ្ងៃដដៃលនេះ គ្រោះអគ្គិភ័យខាងលើមិនទាន់រលត់ទេ ហើយសមត្ថកិច្ចបានស្នើសុំរដ្ឋបាលរាជធានីភ្នំពេញ ប្រើប្រាស់អេស្កាវូទ័រ ដើម្បីវាយកម្ទេចជញ្ជាំងក្លិប ដើម្បីងាយស្រួលបាញ់ពន្លត់៕