(ភ្នំពេញ)៖ មន្ទីរពេទ្យគន្ធបុប្ផា នឹងរៀបចំពិធីគោរពវិញ្ញាណក្ខន្ធសពលោកសាស្ដ្រចារ្យ Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផារយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១១-១៧ ខែកញ្ញា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលព័ត៌មានគន្ធបុប្ផា ស្ថិតក្នុងបរិវេណមន្ទីរពេទ្យ (ក្បែរវត្ដភ្នំ) ផ្ទាល់តែម្ដង ដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជា អាចចូលរួមរំលែកទុក្ខ និងអុជធូបគោរពវិញ្ញាណក្ខន្ធ លោកជាលើកចុងក្រោយបាន។ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ហេង សុទ្ធី អនុប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News។
លោក ហេង សុទ្ធី បានថ្លែងក្នុងពេលចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកសាស្ដ្រចារ្យ Beat Richner នាទីស្ដីការក្រសួងសុខាភិបាលថា «ចាប់ពីម៉ោង៩៖០០ព្រឹកនេះតទៅ ប្រជាពលរដ្ឋយើង អាចមកអុជធូបគោរពវិញ្ញាណក្ខន្ធលោក ដើម្បីតបគុណជាលើកចុងក្រោយបាន នៅមន្ទីរពេទ្យគន្ធបុប្ផា យើងខ្ញុំមានបុគ្គលិកចាំទទួលជានិច្ច»។
លោកបញ្ជាក់ទៀតថា «សម្រាប់ព្រឹកស្អែកនេះ យើងក៏មានគណៈប្រតិភូចំនួន ៦ស្ថាប័នផងដែរ ដែលនឹងអញ្ជើញមកអុជធូបគោរពវិញ្ញាក្ខន្ធ លោក Beat Richner រួមមាន៖ គណៈគ្រូពេទ្យជាតិ, សមាគមគ្រូពេទ្យកុមារកម្ពុជា, កាកបាទក្រហមកម្ពុជា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហព័ន្ធយុវជនកម្ពុជា និងក្រុមហ៊ុនឯកជន» ។
សូមជម្រាបថា មរណភាពរបស់បិតាសង្គ្រោះកុមារកម្ពុជា លោកវេជ្ជបណ្ឌិត Beat Richner នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨នេះ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ នឹកស្តាយស្រណោះអាឡោះអាល័យយ៉ាងខ្លាំងចំពោះរូបលោក ក៏ដូចជាទង្វើប្រកបដោយគុណធម៌ របស់លោកផងដែរ។ បន្ទាប់បានធ្លាក់ខ្លួនឈឺអស់ជាច្រើនខែ លោកវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាពក្នុងជន្មាយុជន្មាយុ៧១ឆ្នាំ នៅប្រទេសស្វីស ដែលជាប្រទេសកំណើតរបស់លោក។ បើទោះបីជាគ្មានឈាមជ័រជាខ្មែរ លោកវេជ្ជបណ្ឌិត Beat Richner បានចំណាយពេលស្ទើរតែពាក់កណ្តាលជីវិតចុងក្រោយរបស់លោក ដើម្បីកុមារកម្ពុជា។
ក្នុងនាមជាបុគ្គលិកកាកបាទក្រហមស្វីស លោក Richner ត្រូវបានបញ្ជូនមកប្រទេសកម្ពុជា ដើម្បីសង្គ្រោះអ្នកជំងឺ ពេលកំពុងរងគ្រោះដោយភ្លើងសង្គ្រាមនាអំឡុងឆ្នាំ១៩៧៤ និងឆ្នាំ១៩៧៥។ លោក Richner បានវិលត្រឡប់មកប្រទេសកម្ពុជាជាថ្មីក្រោយពេលភ្លើងសង្គ្រាមត្រូវបានបិទបញ្ចប់នាអំឡុងឆ្នាំ១៩៩១។
ការវិលត្រឡប់ជាមួយនឹងការឃើញនូវភាពខ្ទេចខ្ទាំរបស់កម្ពុជា ដោយសារតែភ្លើងសង្គ្រាម និងឃើញពីការខ្វះខាតកន្លែងសម្រាប់ព្យាបាលជំងឺកុមារផងនោះ លោក Richner បានសុំឲ្យបើក និងសាងសង់មន្ទីរពេទ្យគន្ធបុប្ផាឡើងវិញដោយរដ្ឋាភិបាលកម្ពុជា។ ការបង្កើតមូលនិធិគន្ធបុប្ផានៅខែមីនា ឆ្នាំ១៩៩២ បានលេចចេញជារូបរាង ដើម្បីចាប់ផ្ដើមការសាងសង់ឡើងវិញ ហើយគន្ធបុប្ផាត្រូវបានបើកទ្វារឡើងវិញនៅខែវិច្ឆិកា១៩៩២។
ដើម្បីជួយសង្គ្រោះជីវិតរបស់កុមារកម្ពុជា តាមរយៈការព្យាបាលដោយមិនគិតថ្លៃនោះ លោក Richner បានប្រឹងប្រែងស្វែងរក និងកៀរគរថវិកាពីគ្រប់ទីកន្លែង ជាពិសេសពលរដ្ឋប្រទេសស្វីស តាមការលេងសេឡូរបស់លោក ដើម្បីមកទ្រទ្រង់ការចំណាយប្រាក់ខែគ្រូពេទ្យ និងគ្រឿងបរិក្ខាផ្សេងៗ។ ដោយមើលឃើញ ពីតម្រូវការសេវាព្យាបាលរបស់កុមារកម្ពុជាកាន់តែច្រើនឡើងនោះ លោក Richner បានស្វះស្វែងគ្រប់លទ្ធភាព ដើម្បីសាងសង់មន្ទីរពេទ្យជាបន្តបន្ទាប់។ បច្ចុប្បន្នមន្ទីរពេទ្យគន្ធបុប្ផា ដែលជាកន្លែងផ្តល់ជីវិតទីពីរដល់កុមារកម្ពុជា មានចំនួន៥កន្លែង។ ៤កន្លែងស្ថិតក្នុងរាជធានីភ្នំពេញ និងមួយកន្លែងស្ថិតនៅក្នុងខេត្តសៀមរាប។
គិតមកដល់ឆ្នាំ២០១៨ មន្ទីរពេទ្យគន្ធបុប្ផាមានអាយុកាលជាង ២៥ឆ្នាំមកហើយ។ រយៈពេលជាង២៥ឆ្នាំនេះ មន្ទីរពេទ្យមនុស្សធម៌មួយនេះ បានជួយព្យាបាលជំងឺជូនកុមារ និងស្រ្តីមានផ្ទៃពោះសរុបជិត ១៨លានករណីហើយ។ រយៈពេលជាង ២៥ឆ្នាំនេះ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកាជាង ៦០០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ដំណើរការរបស់ខ្លួន។ ថវិកាសម្រាប់ទ្រទ្រង់ដំណើរការមន្ទីរពេទ្យមួយនេះប្រមាណ ៧ភាគរយ ជាការចូលរួមរបស់រាជរដ្ឋាភិបាលកម្ពុជា និង ៨.៨% ជាការចូលរួមរបស់រដ្ឋាភិបាលស្វីស (រដ្ឋាភិបាលស្វីស បានផ្តល់ជំនួយដល់មន្ទីរពេទ្យគន្ធបុប្ផា ៤លានដុល្លារជារៀងរាល់ឆ្នាំ) ក្រៅពីនោះជាការចូលរួមរបស់សប្បុរសជនក្នុង និងក្រៅស្រុក។
មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥សាខា មានបុគ្គលិកសរុប ២,៣៤៥នាក់ ដែលក្នុងនោះ ១,៧៤៩នាក់ ជាបុគ្គលិកជំនាញសុខាភិបាល ហើយ ១,២៤២នាក់ មានក្របខណ្ឌជាមន្ត្រីរាជការ។ ក្នុងរយៈពេលប្រមាណ ៣ឆ្នាំចុងក្រោយនេះ មន្ទីរពេទ្យគន្ធបុប្ផាចំណាយថវិកាសរុបជាង ២៣លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ក្នុងនោះចំណាយសម្រាប់បុគ្គលិកជិត ២៣លានដុល្លារ ចំណាយទិញឱសថ និងសម្ភារៈបរិក្ខាពេទ្យជាង ១៤លានដុល្លារ និងចំណាយសម្រាប់ប្រតិបត្តិការទូទៅប្រមាណជា ២លានដុល្លារអាមេរិក៕