(ស្វាយរៀង-ព្រៃវែង)៖ នៅថ្ងៃចន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីទីស្នាក់ការកណ្តាលនាំយកមុងសុវត្ថិភាពចំនួន ៥៥០មុង និងអាវយឺត ២០កេស ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ព្រមទាំង មុងសុវត្ថិភាពចំនួន ៥០០មុង និងអាវយឺត ២០កេស ទៀត ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដើម្បីផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលប្រឈមនឹងជំងឺគ្រុនចាញ់-គ្រុនឈាមចំនួន ១,០៥០គ្រួសារ រស់នៅក្នុងខេត្តទាំងពីរខាងលើ ។
ពិធីប្រគល់-ទទួលអំណោយនេះ បានប្រព្រឹត្តទៅនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង និងទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាភ្នំ ខេត្តព្រៃវែង។
បន្ទាប់ពីបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា រួចមក លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ បានពាំនាំនូវសារអំពាវនាវរបស់សម្តេចប្រធាន ផ្ញើជូនដល់ប្រជាពលរដ្ឋទាំងអស់ឱ្យយកចិត្តទុកដាក់ថែទាំសុខភាពដោយបរិភោគទឹកស្អាត គេងក្នុងមុងជានិច្ច និងសម្អាតបរិស្ថាន បំបាត់ទឹកដក់សំរាមស្អុយរលួយ បំបាត់ជម្រកសត្វមូស ជៀសវាងការកើតជំងឺគ្រុនចាញ់ គ្រុនឈាម និងជំងឺឆ្លងផ្សេងៗ។ ចំពោះស្រ្តីមានផ្ទៃពោះ ត្រូវត្រៀមខ្លួនរកកន្លែងជិតមណ្ឌលសុខភាព ងាយស្រួលពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យដើម្បីជៀសវាងជំងឺឆ្លងផ្សេងៗ។ សូមគិតគូរពីសុវត្ថិភាពចរាចរណ៍ ដោយគោរពច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នជានិច្ចរាល់ពេលធ្វើដំណើរ។ សូមណែនាំកូនក្មួយឱ្យជៀសឆ្ងាយពីគ្រឿងញៀន គ្រឿងស្រវឹង ល្បែងស៊ីសងគ្រប់ប្រភេទ ដែលជាប្រភពនៃអំពើហិង្សា និងចោរកម្ម។ល។
ជំនួសមុខឱ្យប្រជាពលរដ្ឋទាំងអស់ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង និងលោកឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានថ្លែងអំណរគុណចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ហើយសាខានឹងចាត់ចែងនាំយកអំណោយទាំងនេះចែកជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា។
នាថ្ងៃដដែលនោះដែរ ក្រុមការងារដឹកនាំដោយ លោកស្រីអគ្គលេខាធិការរងទី ១ បានចុះសួរសុខទុក្ខ និងចែកអំណោយដោយផ្ទាល់ ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលប្រឈមនឹងជំងឺគ្រុនចាញ់-គ្រុនឈាមចំនួន ៩៧គ្រួសារ រស់នៅក្រុងស្វាយរៀង ខេត្តស្វាយរៀង និង ៤៨គ្រួសារទៀត រស់នៅ ស្រុកបាភ្នំ ខេត្តព្រៃវែង។
សូមបញ្ជាក់ថា មុងសុវត្ថិភាពជាអំណោយរបស់សាខាកាកបាទក្រហមចិន ខេត្តក្វាងស៊ី ដែលបានផ្តល់ជូនកាកបាទក្រហមកម្ពុជា ចំនួន ២០,០០០មុង កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៨ កន្លងទៅ។ រហូតមកដល់ថ្ងៃនេះ ទីស្នាក់ការកណ្តាល បានចាត់ចែងផ្តល់មុងចំនួន ១២.៣៩៥ ជូនសាខាបានចំនួន ១៨ រួចហើយ។ ទីស្នាក់ការកណ្តាល នឹងបន្តផ្តល់ជូនសាខាទាំង ២៥រាជធានី ខេត្ត ៕