(ភ្នំពេញ)៖ ក្រុមម្ចាស់ផ្ទះគោព្រៃកម្ពុជា បានប្រកួតចាញ់ក្រុមភ្ញៀវម៉ាឡេស៊ី ដោយលទ្ធផលបច្ចេកទេស ១-៣ ដែលទើបបញ្ចប់មុននេះនៅពហុកីឡដ្ឋានជាតិ ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ជិត ៤ម៉ឺននាក់។
កីឡាករលេងក្នុងតំណែងខ្សែការពារ សឿយ វិសាល ជាអ្នកស៊ុតគ្រាប់នាំមុខឲ្យកម្ពុជានៅនាទីទី១៨ ក្រោយទទួលបាល់លើកចេញពីជ្រុងដោយកីឡាករ ធារី ចន្ថាប៊ីន ដែលជាការនាំមុខបណ្តោះអាសន្នត្រឹមវគ្គទី១ រយៈពេល ៤៥នាទី។
យ៉ាងណាមិញ ការប្រកួតក្នុងវគ្គទី២ចាប់ផ្តើម ក្រោយសម្រាករយៈពេល ១៥នាទី អមទៅដោយមានការសម្តែងល្ខោនខោលផងនោះ កម្ពុជាមានឱកាសជាច្រើនផងដែរនៅ១៥នាទីដំបូងក្នុងវគ្គទី២ តែធ្វើមិនបានសម្រេចឡើយ នៅពេលអ្នកចាំទីម៉ាឡេស៊ី ជួយសង្រ្គោះបានជាបន្តបន្ទាប់ និងរកគ្រាប់បាល់វាយបកឈ្នះវិញនៅនាទីទី៦១ នាទីទី៧៥ និងនាទីទី៩០+៤ ដោយកីឡាករពាក់លេខ៣ និងលេខ២១ និងលេខ១៣ ដោយអ្នកចាំទីកម្ពុជា ស៊ូ យ៉ាទី មិនអាចជួយសង្រ្គោះបានឡើយ។
សូមបញ្ជាក់ផងដែរថា នេះជាការបរាជ័យលើកទី១ របស់ក្រុមគោព្រៃកម្ពុជា ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីជនជាតិជប៉ុន Keisuke HONDA និងជំនួយការរបស់លោកជនជាតិអាហ្សង់ទីន Felix Dalmas។ ២ប្រកួតបន្ទាប់របស់កម្ពុជា ត្រូវជួបក្រុមជម្រើសជាតិទីម័រខាងកើត មុនប៉ះសិង្ហបុរី នៅក្នុងខែតុលា ឆ្នាំ២០១៨ ខាងមុខ៕