(ភ្នំពេញ)៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះអនុស្សរណៈយោគយល់គ្នា ស្តីពីភាពជាដៃគូរវាងសាជីវកម្មធានារ៉ាប់រងសុខភាពហ្វីលីពីន (Phil-Health) ក្នុងទិសដៅពង្រឹងសមត្ថភាពនៃការអនុវត្តរបបសន្តិសុខសង្គម ឱ្យមានលក្ខណៈសមស្របតាមបទដ្ឋានបច្ចេកទេស ទាំងលក្ខណៈតំបន់ និងអន្តរជាតិ។
ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅសណ្ឋាគារសាន់វ៉េ ក្រោមអធិបតីភាពលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយពិធីនោះដែរមានការចូលរួមពី លោក សេង សក្តា ប្រធានក្រុមប្រឹក្សាភិបាលនៃ ប.ស.ស រួមជាមួយថ្នាក់ដឹកនាំ តំណាងអង្គការ GIZ និងថ្នាក់ដឹកនាំអង្គភាពស្ថាប័នសរុបជាង៨០នាក់។ ពិធីនេះ ចុះហត្ថលេខាដោយលោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយក ប.ស.ស ជាមួយអង្គភាពធានារ៉ាប់រងសុខភាពហ្វីលីពីន តំណាងលោក ROBERT M.SALVADOR សមាជិកក្រុមប្រឹក្សាភិបាលតំណាងលោក Roy B. Ferrer ប្រធានស្តីទីរបស់អង្គភាពធានារ៉ាប់រងសុខភាពហ្វីលីពីន។
លោក អ៉ិត សំហេង បានថ្លែងថា អ្វីជាគោលបំណងនៃការចុះអនុស្សរណៈយោគយល់គ្នានៅពេលនេះ គឺជាផ្តល់ឱកាសឱ្យអង្គភាពទាំងពីរស្វែងយល់ពីទស្សនៈផ្សេងៗ ដូចជាការដកស្រង់ និងចែករំលែកនូវបទពិសោធន៍ លើបញ្ហាដែលពាក់ព័ន្ធឱ្យគ្នាទៅវិញទៅមក។ លោកបានបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ដោយសំដៅលើកិច្ចគាំពារសង្គម ក្នុងនោះផ្តោតសំខាន់ទៅលើវិស័យសន្តិសុខសង្គម ដែលមានផ្នែកថែទាំសុខភាពជាចម្បង ហើយកាតព្វកិច្ចនេះតម្រូវឱ្យអង្គភាព ប.ស.ស ជាអ្នកប្រតិបត្តិផ្ទាល់ទៅលើផ្នែកធំៗបីគឺ ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន សម្រាប់កម្មករនិយោជិតដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារ និងមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន។ បច្ចុប្បន្ននេះប្រទេសកម្ពុជា មាននិយោជក និងកម្មនិយោជិត មកពីប្រទេសហ្វីលីពីនបានបម្រើការងារនៅតាមសហគ្រាស គ្រឹះស្ថានចំនួន ៤២២សហគ្រាស ស្មើនឹង ២,៤៧៧នាក់។
លោក ROBERT M.SALVADOR បានឱ្យដឹងថា អង្គភាព Phil-Health បានបង្កើតឡើងនៅឆ្នាំ១៩៩៥ ជាអង្គភាពមួយស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលហ្វីលីពីន និងបានគ្របដណ្តប់ផ្នែកសុខភាព ជាសកលទូទាំងប្រទេសខ្លួនផងដែរ។ Phil-Health បច្ចុប្បន្នបានផ្តល់នូវសេវាថែទាំសុខភាពបានទូលំទូលាយ ដល់ប្រជាជនហ្វីលីពីនទាំងអស់ តាមរយៈកម្មវិធីធានារ៉ាប់រងសុខភាព ជាពិសេសជនងាយរងគ្រោះ អ្នកជំងឺ ជនចាស់ជរា ជនពិការ ស្ត្រី និងកុមារ ព្រមទាំងផ្តល់នូវសេវាថែទាំសុខភាពដោយឥតគិតថ្លៃដល់ទុគ៌តជន។
លោក អ៊ុក សមវិទ្យា បានបញ្ជាក់ថា ការចុះអនុស្សរណៈយោគយល់គ្នានេះដែរ ធ្វើឡើងក្នុងគោលដៅជាក់លាក់ចំនួន៣ធំៗគឺ ទី១៖ បង្កើតទំនាក់ទំនងវិជ្ជាជីវៈរវាង បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និង Phil-Health ទី២៖ ចែករំលែកចំណេះដឹងប្រតិបត្តិការពាក់ព័ន្ធរួមមានជំនាញ និងប្រព័ន្ធគ្រប់គ្រង ហិរញ្ញវត្ថុ និងបច្ចេកទេស ទី៣៖ ដើម្បីជួយសម្រួលដល់ដំណើរការសិក្សារៀនសូត្រដែល ប.ស.ស អាចធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធិភាព និងប្រសិទ្ធិផលតាមរយៈឧទាហរណ៍ពិតប្រាកដ និងបទពិសោធន៍ជាក់ស្តែងដែលផ្តល់ផ្ទាល់ដោយដៃគូររបស់ខ្លួន។
លោកបានបន្ថែមថា ប.ស.ស បានចាប់ដំណើរការនាឆ្នាំ២០០៨មក ដែលបានអនុវត្តតែរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារតែប៉ុណ្ណោះ ហើយរហូតមកដល់ពេលនេះ ប.ស.ស បានចាប់ផ្តើមអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព សម្រាប់បងប្អូនកម្មករនិយោជិត ដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារ។ បានដាក់ឱ្យដំណើរការបន្ថែមនូវផ្នែកថែទាំសុខភាព សម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន រួមទាំងកម្មករនិយោជិតក្រៅប្រព័ន្ធថែមទៀត ហើយចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ បានបើកប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល សម្រាប់កម្មករនិយោជិតជាស្ត្រីនៅពេលសម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធ ដែលគិតមកដល់ខែសីហានេះ មានស្ត្រីសម្រាលកូនចំនួន ៣៨,៩៩៧នាក់ មានកូនសរុបចំនួន ៣៩,២៩២នាក់ ដែលមានទឹកប្រាក់សរុបចំនួន ១៥.៧២ប៊ីលានរៀល។
លោកបានបញ្ជាក់ទៀតថា មកដល់ពេលនេះ ផ្នែកថែទាំសុខភាព មានសមាជិកប្រមាណជាង ១លាន៨សែននាក់ ក្នុងនោះកម្មករនិយោជិត ១លាន៥សែននាក់ និងមន្ត្រីសាធារណៈជាង៣០ម៉ឺននាក់ទៀត។ លោកសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចសហការជាមួយ Phil-Health នេះ ប.ស.ស នឹងទទួលបានផ្លែផ្កាជាវិជ្ជមានដើម្បីរួមចំណែកពង្រឹងការអនុវត្តគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ឱ្យកាន់តែទទួលបានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព៕