(ចិន)៖ នៅរសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឲ្យលោក វូ វ៉េតៅ (Wu weitao) ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន Huawai ប្រចាំតំបន់អាស៊ីអាគេយ៍ និងលោក លី ឈាន (Li Qian) នាយកសាជីវកម្មអភិវឌ្ឍន៍កួហុង (Guangxi Guhong Development Corporation) នៃតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី ចូលជួបសម្តែងការគួរសមនៅទីក្រុងណាននីង ខេត្តក្វាងស៊ី។
ក្នុងជំនួបដាច់ដោយឡែកពីគ្នា ដែលធ្វើឡើងនៅទីក្រុងណាននីង តំបន់ស្វយ័តជនជាតិក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ជាទីដែលសម្តេចអញ្ជើញចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី១៥ លោក វូ វ៉េតៅ (Wu weitao) ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុន Huawai ប្រចាំតំបន់អាស៊ីអាគេយ៍ មានប្រសាសន៍ជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីថា ការសិក្សាគម្រោងមេនៃប្រព័ន្ធព័ត៌មានវិទ្យា ក្នុងប្រទេសកម្ពុជាគ្រោងនឹងបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខ ពិសេសពាក់ព័ន្ធទៅសុវត្តិភាពសន្តិសុខអ៊ីនធើណែត។
លោកប្រធានមានប្រសាសន៍បន្តថា ជាមួយនឹងវត្តមានក្នុង ប្រទេសកម្ពុជាដែលមានរយៈពេល១៩ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនរបស់លោក បានធ្វើការបណ្តុះបណ្តាលជូនដល់មន្រ្តីរាជរដ្ឋាភិបាល និងក្រុមហ៊ុនចំនួនជាងមួយពាន់នាក់ ដោយឡែកបុគ្គលិក ដែលធ្វើការនៅក្នុងក្រុមហ៊ុនរបស់លោកមានប្រាក់បៀវត្សចាប់ពី១ពាន់ដុល្លាឡើងទៅ។ ជាមួយគ្នានេះក្រុមហ៊ុន នឹងមានគម្រោងវិនិយោគបន្ថែមទៀត បន្ទាប់ពីផែនការរបស់ក្រុមហ៊ុនត្រូវបាន បញ្ចប់ហើយនោះ។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍សម្តែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រុមហ៊ុន Huawai ដែលបានធ្វើការវិនិយោគក្នុងប្រទេសកម្ពុជា។ សម្តេចក៏បានស្នើឲ្យក្រុមហ៊ុនធ្វើការសិក្សាឲ្យបានស៊ីជម្រៅ ពិសេសទាក់ទិនទៅនឹងបញ្ហាសន្តិសុខ អ៊ីនធើណែត ដែលពិភពលោកកំពុងតែមានការព្រួយបារម្ភ និងយកចិត្តទុកដាក់ខ្ពស់បំផុតនោះ។
ដោយឡែក លោក លី ឈាន (Li Qian) នាយកសាជីវកម្មអភិវឌ្ឍន៍កួហុង (Guangxi Guhong Development Corporation) នៃតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី មានប្រសាសន៍ ជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីដែរថា ក្រុមហ៊ុនរបស់លោកបានធ្វើការបណ្តាក់ទុនវិនិយោគ លើវិស័យកសិកម្មក្នុងប្រទេសកម្ពុជា មានរយៈពេល៦ឆ្នាំមកហើយ។ កាលពីពេលកន្លងមក ក្រុមហ៊ុនបានធ្វើការនាំចូលអង្ករប្រមាណ៥ម៉ឺនតោនមកកានទីក្រុងណាននីង។ ជាមួយគ្នានេះ លោកប្រធានបានធ្វើការស្នើសុំការអនុញ្ញាតពីសម្តេចតេជោនាយករដ្ឋមន្រ្តី លើភាពអនុគ្រោះកូតាក្នុងការនាំចូលកសិផលកសិកម្មវេចស្ងួត ដូចជាគ្រាប់ស្វាយចន្ទី និងស្វាយក្រៀម មកកាន់ទីក្រុងណាននីងនៅពេលខាងមុខ។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍សម្តែងនូវការវាយតម្លៃខ្ពស់ និងចំពោះគំរោងវិនិយោគរបស់ក្រុមហ៊ុន សាជីវកម្មអភិវឌ្ឍន៍កួហុង ដែលបានធ្វើការវិនិយោគ ក្នុងប្រទេសកម្ពុជា។ សម្តេចបានស្នើឲ្យមានពិនិត្យលទ្ធភាព និងសិក្សាឲ្យកាន់តែស៊ីជម្រៅថែម ទៀត ក្នុងការបណ្តាទុនវិនិយោគនាំចេញនូវផលិតកសិកម្មពីប្រទេសកម្ពុជា មកកាន់ទីក្រុងណាននីង នៃតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី ប្រទេសចិន៕