(ចិន)៖ បន្ទាប់ពីបញ្ចប់ជំនួបជាមួយវិនិយោគិនចិន នៅល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបន្តជួបសំណេះសំណាលជាមួយនិស្សិតខ្មែរ២២៩នាក់ ដែលកំពុងសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រ នៅទីក្រុងណាននីង តំបន់ស្វយ័តជនជាតិក្វាងស៊ី ប្រទេសចិន។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះនិស្សិតទាំងអស់ ដែលកំពុងសិក្សានៅប្រទេសចិន បានឆ្លៀតពេលវេលាដ៏មានតម្លៃ អញ្ជើញទៅចូលរួមបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា នៅគ្រប់ទីកន្លែងទាំងអស់នៅទូទាំងពិភពលោក ដែលសម្តេចមានវត្តមានអញ្ជើញទៅបំពេញទស្សនកិច្ច ឬអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអន្តរជាតិអ្វីមួយ សម្តេចតែងតែជួបជាមួយបណ្តាមេដឹកនាំពិភពលោកនានា ក្នុងការស្នើសុំអាហារូបករណ៍ដើម្បីអនុញ្ញាតឲ្យនិស្សិតកម្ពុជាបានចេញទៅសិក្សានៅបរទេស ទោះតិចក្តីច្រើនក្តី ដើម្បីយកចំណេះមកធ្វើការអភិវឌ្ឍប្រទេសដ៏អភ័ព្វរបស់យើង ពីគ្មានអ្វីទាំងអស់ កាលពីជាង៣០ឆ្នាំមុន រហូតកម្ពុជាសំរេចបាន នូវមហាសមិទ្ធផលជាប្រវត្តិសាស្រ្ត ក្នុងរយៈពេលប្រមាណ២០ឆ្នាំចុង ក្រោយ បន្ទាប់ពីកម្ពុជាទទួលបាននូវសុខសន្តិភាពយ៉ាងពេញលេញ តាមរយៈការដាក់ចេញនូវ នយោបាយឈ្នះ ឈ្នះ។
ជាមួយនឹងការថ្លែងនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ បានបន្តថា ថ្ងៃនេះទើបតែមានរយៈពេល៤ថ្ងៃប៉ុណ្ណោះ ដែលរូបសម្តេចបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ធ្វើដំណើរទៅកាន់ក្រៅប្រទេសជាលើកដំបូង បន្ទាប់ពីរាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា បានចាប់បដិសន្ធិឡើងកាលពីថ្ងៃទី៦កញ្ញាកន្លងទៅថ្មីៗនេះ។
សម្តេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលថ្មី នីតិកាលទី៦ និងដំណើរការទៅកាន់ភាពសំបូររុងរឿង មិនមានអ្វីមករាំងស្ទះនោះទេ ដែលនោះបានបង្ហាញពីការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ប្រជាជនកម្ពុជា ដែលប្រាថ្នាចង់បានសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិកាន់តែរីកចម្រើនទៅមុខទៀត។
សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ទៅកាន់និស្សិត ដែលមានវត្តមានក្នុងពិធីសំណេះសំណាល ដែលទាក់ទិនទៅនឹងការដោះលែងពិរុទ្ធជន កឹម សុខា ដែលធ្វើឡើងកាលពីព្រឹកព្រលឹមថ្ងៃទី១០ កញ្ញា ដោយសារហេតុផលសុខភាពរបស់ លោក កឹម សុខា។ ជាមួយនឹងការថ្លែងនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍សង្កត់ធ្ងន់ថា ការនៅក្រៅឃុំរបស់ពិរុទ្ធជន កឹម សុខា គឺស្ថិតនៅក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់ តុលា។
សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានបង្ហើបពីលិខិត របស់ពិរុទ្ធជន កឹម សុខា ក្នុងការសុំការ ជួយអន្តរាគមន៍ពីស្ថាប័នក្រសួងមហាផ្ទៃ ក្នុងជួយការពារសុខសុវត្តិភាពចំពោះរូបលោក កឹម សុខា បើទោះបីស្ថិតក្នុងមន្ទីរឃុំឃាំង ឬចេញនៅក្រៅឃុំ។ ជាមួយនិងការថ្លែងនោះដែរ សម្តេចតេ ជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា សម្តេចគឺជាឥស្សរជនអាស៊ានមួយរូប ដែលបានអញ្ជើញមកកាន់ទីក្រុងណាននីង ចំនួន១១លើក ពោលគឺច្រើនជាបណ្តាមេដឹកនាំអាស៊ានដទៃទៀត ក្នុងនាមជាប្រទេសសម្របសម្រួលអាស៊ាន ចិន កាលពីឆ្នាំ២០០៣ ក្រោមការដឹកនាំរបស់ឯកឧត្តម វ៉េន ជាវប៉ាវ អតីតនាយករដ្ឋមន្រ្តីចិន។ សម្តេចតេជោនាយករដ្ឋមន្រ្តីបើទោះបីជាពេលវេលាមាន ភាពមមាញឹកក៏ពិតមែន ប៉ុន្តែសម្តេចត្រូវតែអញ្ជើញទៅកាន់ទីក្រុងណាននីង ក្នុងនាមជាប្រទេស កិត្តិយសពិព័រណ៌ចិន-អាស៊ាន លើកទី១៥ឆ្នាំ២០១៨នេះ។ ជាមួយនឹងការថ្លែងនោះដែរ សម្តេច តេជោមានប្រសាសន៍ដែរថា នៅពេលខាងមុខនិងមាននិស្សិតកម្ពុជាកាន់តែច្រើនឡើង អញ្ជើញមកបំពេញការសិក្សាថ្នាក់អាហារូបករណ៍ ក្នុងប្រទេសចិន។
នៅក្នុងពិធីសំណេះសំណាលគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានឧបត្ថម្ភថវិកា ជូនដល់និស្សិតអាហារូបករណ៍ ក្នុងម្នាក់ៗថវិកាចំនួន៥០០ដុល្លារផងដែរ៕