(ភ្នំពេញ)៖ នៅរយៈពេល៨ខែ ឆ្នាំ២០១៨នេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធបង់ចូលថវិកាជាតិចំនួន៦,០១៣.២០ប៊ីលានរៀល ស្មើនឹងប្រមាណជា ១,៥០៣.២៩លានដុល្លារអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១០ ខែកញ្ញានេះ។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់យ៉ាងដូច្នេះថា «សរុបក្នុងរយៈពេល០៨ខែ ដើមឆ្នាំ២០១៨នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករបានចំនួន ៦,០១៣.២០ប៊ីលានរៀល (ប្រមាណជា១,៥០៣.២៩ លានដុល្លារអាមេរិក) ស្មើនឹង៧៨.១៥% នៃផែនការច្បាប់កំណត់។ ប្រសិនបើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៧ ឃើញថាការប្រមូលពន្ធ-អាករគ្រប់ប្រភេទ (តាមប្រព័ន្ធអនឡាញ) ក្នុងរយៈពេល៨ខែ ឆ្នាំ២០១៨ កើនឡើង ចំនួន៦៧១.៨៩ប៊ីលានរៀល (ប្រមាណ១៦៨លានដុល្លារអាមេរិក) កំណើនស្មើនឹង១២.៥៨%»។
ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធ ប្រចាំខែសីហា ឆ្នាំ២០១៨ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានណែនាំបន្ថែមដល់គ្រប់អង្គភាព ឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ ក្នុងការឆ្លើយតបទៅកាន់អ្នកជាប់ពន្ធ សំដៅឱ្យពួកគាត់រីករាយទទួលយក និងស្ម័គ្រចិត្តបង់ពន្ធគ្រប់ៗគ្នា ធ្វើយ៉ាងណាកាត់បន្ថយជាអតិបរមា នូវការរអ៊ូរទាំរបស់អ្នកជាប់ពន្ធ និងផ្តល់កិច្ចសហការល្អ ក្នុងការបង់ពន្ធជូនប្រជាពលរដ្ឋ៕