(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១០ ខែកញ្ញានេះ បានអនុញ្ញាឲ្យលោកស្រី Florence Deram Malerbe អ្នកពិគ្រោះយោបល់នៃភ្នាក់ងារអភិវឌ្ឍបារាំង (AFD) និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារដើម្បីវាយតម្លៃ និងពិនិត្យឡើងវិញលើលទ្ធផល និងវឌ្ឍនភាពនៃគម្រោងដែលទាក់ទងទៅ និងវិស័យកសិកម្ម និងធារាសាស្រ្ត នារយៈពេលជាង២០ ឆ្នាំកន្លងមកដែលអង្គការ AFD បានជួយដល់រាជរដ្ឋាភិបាលកម្ពុជា។
លោករដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះអង្គការ AFD ដែលបានជួយគាំទ្រយ៉ាងពេញលេញ ក្នុងដំណើរការអភិវឌ្ឍប្រទេសកម្ពុជា ពិសេសជួយឧបត្ថម្ភលើគម្រោងនានា ដែលពាក់ព័ន្ធនិងវិស័យកសិកម្ម ក្នុងរយៈពេលជាង២០ ឆ្នាំកន្លងមកនេះ។
តាមរយៈលោកស្រី Florence រដ្ឋមន្រ្តី វេង សាខុន សង្ឃឹម និងជឿជាក់ថា អង្គការ AFD នឹងបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ឲ្យមានការរីកចម្រើនបន្ថែមទៀត ដែលការរីកចម្រើននេះ គឺជាចលករដ៏សំខាន់មួយក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យ របស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ គឺប្រែក្លាយកម្ពុជាទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់។
លោកស្រីបានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនរបស់កម្ពុជា នាពេលបច្ចុប្បន្នក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងសូមចូលរួមអបអរសាទរ ជូនចំពោះលោករដ្ឋមន្រ្តី វេង សាខុន ដែលត្រូវបានរាជរដ្ឋាភិបាល ផ្តល់ការជឿទុកចិត្ត តែងតាំងជារដ្ឋមន្រ្តីសម្រាប់អាណត្តិ ទី៦ បន្តទៀត។
លោកស្រីបានជម្រាបជូនរដ្ឋមន្រ្តីពីគោលបំណង ដែលចូលជួបសំណេះសំណាល គឺដើម្បីស្នើសុំលោករដ្ឋមន្រ្តី ធ្វើការវាយតម្លៃលើលទ្ធផលគម្រោង ដែលបានអនុវត្តកន្លងមកលើចំណុចខ្លាំង ចំណុចខ្សោយទាំងការងារ បច្ចេកទេស និងយន្តការនៃការរៀបចំគោលនយោបាយ រួចស្នើសុំអនុសាសន៍ល្អៗ ដើម្បីយកទៅកែសម្រួល និងបំពេញបន្ថែមនូវរាល់ចំណុចខ្វះខាត ធ្វើយ៉ាងណាឲ្យសកម្មភាពគម្រោងទាំង ក្នុងពេលបច្ចុប្បន្ន និងអនាគតសម្រេចបានលទ្ធផលល្អប្រសើរ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលគម្រោងរបស់អង្គការ AFD ដែលសម្រេចបានគួរជាទីមោទនៈ។ ដើម្បីបង្កើនប្រសិទ្ធភាព នៃការអនុវត្តគម្រោងនាពេលបច្ចុប្បន្ន និងអនាគត លោករដ្ឋមន្រ្តីបានផ្តល់អនុសាសន៍មួយចំនួនដូចតទៅ៖
១៖ ត្រូវលើកម្ពស់ការគ្រប់គ្រង និងការប្រើប្រាស់ទឹកឲ្យមានប្រសិទ្ធភាព និងចំគោលដៅ ដើម្បីកាត់បន្ថយថ្លៃដើមរបស់កសិករ បង្កើនទិន្នផល និងឈានទៅបង្កើនប្រាក់ចំណូល។
២៖ ជំរុញការចងក្រងគោលនយោបាយ ពាក់ព័ន្ធនឹងការអិវឌ្ឍ និងគ្រប់គ្រងវិស័យកសិកម្ម និងទឹកពីថ្នាក់ជាតិដល់សហគមន៍ ស្របតាមនិន្នាការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងកំណើនប្រជាជន។
៣៖ ស្នើសុំឲ្យអង្គការ AFD ពិចារណាលើការរៀបចំគម្រោងស្តីពីកសិកម្មចម្រុះ ដែលមិនផ្តោតជាអាទិភាពលើតែដំណាំស្រូវ និងគួរបញ្ចូលការងារចិញ្ចឹមសត្វ បន្ថែ និងដំណាំដែលមានសក្តានុពលលើទីផ្សារ។
កិច្ចពិភាក្សាត្រូវបានបញ្ចប់ក្នុងបរិយាកាស ស្និតស្នាល មេត្រីភាព និងសហការយ៉ាងល្អប្រសើរដោយឈរលើគោលការណ៍រួម គឺអភិវឌ្ឍវិស័យកសិកម្មកម្ពុជានាពេលអនាគតដ៏ខ្លី៕