(ព្រះវិហារ)៖ លទ្ធផលប្រឡងសញ្ញាបត្របាក់ឌុបសម្រាប់ឆ្នាំ២០១៨នេះ ត្រូវបានប្រកាសហើយនៅខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅវិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ នៅក្នុងពិធីបើកលទ្ធផលនោះផងដែរ មានការអញ្ជើញចូលរួមពីលោក ចេង លឹមហ៊ាន់ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះវិហារ ព្រមទាំងអនុប្រធានមន្ទីរ ប្រធានការិយាលយ័អប់រំក្រុង លោកនាយកសាលា និងអជ្ញាធរក្រុងព្រះវិហារផងដែរ។
លោក ចេង លឹមហ៊ាន់ បានឱ្យដឹងថា លទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០១៨នៅខេត្តព្រះវិហារ បើទោះបីជាមិនមានបេក្ខជនណាបានទទួលបាននិទ្ទេសAក៏ដោយ តែអាត្រានៃការប្រឡងជាប់របស់សិស្សមានការកើនឡើងបើប្រៀបធៀប និងឆ្នាំ២០១៧កន្លងទៅនេះ នៅក្នុងឆ្នាំ២០១៨នេះ សិស្សដែលចូលរួមប្រឡងយកសញ្ញាបត្រ័បាក់ឌុបសរុប១,៣៤៣នាក់ ស្រី៦៦៩នាក់ និទ្ទេសA 0នាក់ និទ្ទេសB៨នាក់ ស្រី១នាក់ និទ្ទេស C៩២នាក់ ស្រី៥១នាក់ និទ្ទេសD៣០៦នាក់ ស្រី១៦៣នាក់ និទ្ទេសE៧៥៥នាក់ ស្រី១៧៥នាក់និងនិទ្ទេសF១៨២នាក់ស្រី៧៩នាក់។ បានប្រឡងជាប់សរុប១,១៦១នាក់ក្នុងនោះស្រី៥៩០នាក់ ស្មើនិង៨៧.១០%បើប្រៀបធៀបនិងឆ្នាំ២០១៧មានការកើនឡើង។
លោក ចេង លឹមហ៊ាន់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ដែលបានយកចិត្តទុកដាក់គិតគួរ ជួយសម្រួលដល់បេក្ខជនដែលប្រឡង មកពីតាមស្រុកឆ្ងាយៗ ដោយផ្តល់បន្ទប់ស្នាក់នៅដោយមិនគិតថ្លៃ ផ្ញើរកង់ ម៉ូតូដោយមិនគិតថ្លៃ ពិសេសជាងនេះគឺលោកប្រកាសផ្តល់រង្វាន់ធំលើកទឹកចិត្តចំពោះសិស្សដែលប្រឡងជាប់និទ្ទេសAផងដែរ ប៉ុន្តែគួរឱ្យសោកស្តាយមិនមានសិស្សណាអាចទទួលរង្វាន់ពីលោកអភិបាលខេត្តឡើយ ដោយសារមិនមានអ្នកជាប់និទ្ទេសA ដូច្នេះរង្វាន់ធំរបស់លោកអភិបាលខេត្ត និងបន្តផ្តល់ជូនដល់បេក្ខជនប្រឡងឆ្នាំក្រោយទៀត។
ជាមួយគ្នានោះ លោកក៏បានថ្លែងអំណរគុណដល់អជ្ញាធរដែនដី សមត្ថកិច្ចពាក់ពន្ធ័ដែលបានខ្នះខ្នែងជួយរៀបចំឱ្យដំណើរការប្រឡងរយៈពេល២ថ្ងៃទទួលបានជោគជយ័៕