(កំពង់ស្ពឺ)៖ យោងតាមលទ្ធផលជាផ្លូវការនៃការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៧-២០១៨ សម្រាប់ខេត្តកំពង់ស្ពឺ មានសិស្សប្រឡងជាប់និទ្ទេស A ចំនួន០៣នាក់នោះ ភ្លាមៗលោកអភិបាលខេត្តកំពង់ស្ពឺ វ៉ី សំណាង បានប្រកាសផ្តល់រង្វាន់តាមការសន្យានោះគឺម៉ូតូមួយគ្រឿង។
លោក វ៉ី សំណាង បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះថា ឆាប់ៗខាងមុខនេះលោក និងក្រុមការងារ នឹងនាំម៉ូតូចំនួន០៣គ្រឿង ទៅប្រគល់ជូនសិស្សទាំង០៣នាក់ ក្នុងនោះក៏មានរង្វាន់លើកទឹកចិត្ត ដល់សិស្សប្រឡងជាប់និទ្ទេស D ម្នាក់ទៀត ដែលអង្គុយប្រឡងម្នាក់ឯងផងដែរ។
នៅបណ្តាញសង្គម Facebook, លោកអភិបាលខេត្តកំពង់ស្ពឺ បានសូមចូលរួមអបអរសាទរ ជាមួយប្អូនៗដែលទទួលបាននិទ្ទេស A ទាំងបីនាក់។ រីឯប្អូនៗដែលមិនទទួលបាននិទ្ទេស A ក៏ពូចូលរួមត្រេកអរ និងអបអរសាទរដូចគ្នា។ អ្វីដែលតែពិសេសជាងនេះទៅទៀតនោះ គឺក្មួយប្រុសឈ្មោះ សេម វិចិត្រ ប្រឡងមួយបន្ទប់តែម្នាក់ឯង ហើយជាប់បាននិទ្ទេស D ទៀត។ ដើម្បីជាការលើកទឹកចិត្ត ពូ និងទិញម៉ូតូជូនប្អូនៗដែលទទួលបាននិទ្ទេស A មួយៗម្នាក់។
សូមបញ្ជាក់ថា បេក្ខជនប្រលងបាក់ឌុប នៅឆ្នាំ២០១៨នេះ ជាប់សរុប ៧៥,០៥៩នាក់ ស្មើនឹង ៦៦.២១%។ មានបេក្ខជន និទ្ទេស A ២៩០នាក់, បេក្ខជន និទ្ទេស B ១,៥៣២នាក់, បេក្ខជន និទ្ទេស C ៤,៦៣១នាក់, បេក្ខជន និទ្ទេស D ១៣,៩៩៩នាក់ និងបេក្ខជននិទ្ទេស E ៥៤,៦០៧នាក់។ ការប្រឡងសម្រាប់ឆ្នាំសិក្សា២០១៨នេះ មានបេក្ខជនបានចុះឈ្មោះប្រឡងសរុបចំនួន ១១៥,២៦៨នាក់ ស្រី៥៨,១៥៨នាក់៕