(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ លោក ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីអបអរសារទរ ទិវាអក្ខរកម្មជាតិ០៨ កញ្ញា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងធម្មការ និងសាសនា ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានកិច្ចការសាសនា នៃក្រសួងធម្មការ និងសាសនា។
ស្ថិតក្នុងឱកាសនោះ លោកទេរដ្ឋមន្ត្រី បានមានមតិផ្តាំផ្ញើដល់អង្គពិធីទាំងមូល ត្រូវអនុវត្តន៍សារខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងក្នុងឱកាសប្រារព្ឋទិវាអក្ខរកម្មជាតិ ០៨ កញ្ញា ឆ្នាំ២០១៨ នូវអនុសាសន៍ ចំនួនប្រាំបីចំណុចរួមមាន៖
ទី១៖ ក្រសួង-ស្ថាប័នពាក់ព័ន្ធត្រូវរៀបចំគោលនយោបាយ ក្របខណ្ឌច្បាប់ បទដ្ឋាន និងយន្តការចាំបាច់ដើម្បីដឹកនាំ គ្រប់គ្រង និងអនុវត្តន៍ឲ្យមានប្រសិទ្ឋភាពនិងគុណភាព ធានាបាននូវលទ្ឋភាពទទួលបានការសិក្សាពេញមួយជីវិត សម្រាប់ប្រជាជនគ្រប់រូប និងស្របទៅនៅបរិការណ៍ថ្មី នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចរីភាព។
ទី២៖ ក្រសួង-ស្ថាប័ន គ្រឹះស្ថានសិក្សា មណ្ឌលសិក្សា ទីវត្តអារាមទាំងអស់ត្រូវបង្កើតកម្មវិធីអប់រំ កម្មវិធីសិក្សាពេញមួយជីវិត ទាំងខាងផ្នែកអក្ខរកម្ម និងវិជ្ជាជីវៈ ឲ្យកាន់តែសម្បូរបែប និងមានភាពបត់បែនឆ្លើយតបនិងតម្រូវការអ្នកសិក្សា ដើម្បីផ្តល់សេវាអប់រំមួយជីវិត ទាំងសេវាអប់រំក្នុងប្រព័ន្ឋ អប់រំក្រៅប្រព័ន្ឋ និងអប់រំមិនផ្លូវការ ដល់ប្រជាជនគ្រប់រូប។
ទី៣៖ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ចូលរួមគាំទ្រឲ្យបានខ្លាំងក្លាបន្ថែមទៀត ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលសិក្សា ហេដ្ឋារចនាសម្ព័ន្ឋ និងទីកន្លែងសិក្សា ព្រមទាំងជំរុញប្រជាជន ដែលមិនបានរៀនសូត្រ ឬបោះបង់ការសិក្សា ឲ្យមានឱកាសទទួលបានការរៀនសូត្រជាថ្មី នៅតាមកម្មវិធីអប់រំក្រៅប្រព័ន្ឋគ្រប់រូបភាព ជាពិសេសត្រូវខិតខំបង្កលក្ខណៈងាយស្រួល ដល់ប្រជាជនដែលមានពិការភាពឲ្យទទួលបានលទ្ឋភាពក្នុងការសិក្សារៀនសូត្រ។
ទី៤៖ ប្រព័ន្ឋផ្សព្វផ្សាយទាំងអស់។
ទី៥៖ ក្មួយៗ ជាសិស្ស និសិ្សតតាមគ្រឹះស្ថានសាធារណៈ និងឯកជន ក្រុមយុវជននៃសហភាពសហព័ន្ឋយុវជនកម្ពុជា យុវជនកាយរិទ្ឋិ និងយុវជនកាកបាទក្រហមកម្ពុជា ត្រូវចូលរួមឲ្យកាន់តែសកម្មក្នុងការចុះជួយបង្រៀនដោយស្ម័គ្រចិត្ត នៅតាមមជ្ឈមណ្ឌលសិក្សាសហគមន៍ ដែលស្ថិតក្នុងមូលដ្ឋានរបស់ក្មួយៗ រស់នៅ។ ចំណែកបងប្អូនជនរួមជាតិដែលមាតាបិតា ឬ អ្នកអាណាព្យាបាល ក៏សូមជួយជំរុញបងប្អូនកូនចៅឲ្យបានចូលរៀនតាមសាលារៀនចំណេះទូទៅគ្រប់ៗគ្នា។ ដោយឡែកក្មួយ និងបងប្អូនដែលពុំទាន់ចេះអក្សរ ឬបោះបង់ការសិក្សា ចូរខិតខំប្រឹងប្រែងរៀនសូត្រនៅតាមថ្នាក់អក្ខរកម្ម ថ្នាក់សមមូល និងមជ្ឈមណ្ឌលសិក្សាសហគមន៍ដែលនៅជិតភូមិឋានរបស់ខ្លួន។
ទី៦៖ វត្តអារាម និងវិហារសាសនា នានាត្រូវចលនាព្រះសង្ឃ បព្វជិតសាសនា តាជី ដូនជី ចូលរួមជំរុញកម្មវិធីអក្ខរកម្មវិជ្ជាជីវៈ ឲ្យកាន់តែខ្លាំងក្លាថែមទៀត តាមរយៈការទេសនាអប់រំ អំពីសារៈប្រយោជន៍នៃការរៀនសូត្រ អំពីសីលធម៌ និងលើកកម្ពស់វប្បធម៌រស់នៅជាពលរដ្ឋសកល៕