(កំពង់ធំ)៖ ដើម្បីចូលរួមចំណែកថែរក្សាបរិស្ថាន និងធនធានធម្មជាតិ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំកងកម្លាំងបញ្ជការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំចំនួន៧៥នាក់ ចូលរួមជាមួយព្រះសង្ឃ ប្រជាពលរដ្ឋ នៅវត្តបុទុមរ័ត្ន ហៅវត្តក្រចាប់ ស្ថិតនៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដើម្បីដាំដើមឈើចំនួន២៥០ដើម ដែលជាអំណោយរបស់ថ្នាលបណ្តុះកូនឈើសម្តេចតេជោ ហ៊ុន សែន ទួលដំណាក់ តាមរយៈខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ។
ក្នុងឱកាសនេះផងដែរ មន្រ្តីជំនាញរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ក៏បានពន្យល់ណែនាំដល់កងកម្លាំង ព្រះសង្ឃ និងប្រជាពលរដ្ឋ អំពីលក្ខណៈបច្ចេកទេសនៃការដាំដើមឈើ និងគុណប្រយោជន៍នៃព្រៃឈើ។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានឲ្យដឹងថា នេះជាការចូលរួមចំណែករបស់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងការថែរក្សាបរិស្ថាន និងធនធានធម្មជាតិ ដែលកំពុងបាត់បង់ដោយឈ្មួញ និងក្រុមជនទុច្ចរិតមួយចំនួនបានកាប់បំផ្លាញ។
លោកបានបន្ថែមទៀតថា សូមឱ្យយើងទាំងអស់គ្នាជួយចូលរួមចំណែកក្នុងការថែរក្សាបរិស្ថានក៏ដូចជា ធនធានធម្មជាតិ និងចូលរួមដាំដើមឈើឱ្យបានគ្រប់ៗគ្នា ស្របតាមពាក្យស្លោកមួយឃ្លាពោលថា «ប្រជាពលរដ្ឋ០១នាក់ ដើមឈើ០១ដើម»។
ក្នុងឱកាសនេះដែរ លោកបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ រួមជាមួយព្រះសង្ឃ ក្រោយការដាំដើមឈើរួច សុំមេត្តាជួយថែរក្សាឱ្យកូនឈើធំធាត់ ដើម្បីសម្រាប់មនុស្ស ជំនាន់ក្រោយប្រើប្រាស់ ជាប្រយោជន៍សង្គម។ ព្រះសង្ឃ និងប្រជាពលរដ្ឋ មានការសប្បាយរីករាយ និងសូមថ្លែងអំណរគុណ ចំពោះកងកម្លាំងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលជានិច្ចកាលតែងតែផ្សាភ្ជាប់ ក្នុងវិស័យព្រះពុទ្ធសាសនា និងសង្គម ក៏ដូចជាជួយដល់ការងារមនុស្សធម៌នៅគ្រប់ទីកន្លែង៕