(ព្រះវិហារ)៖ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជា សុខភាពប្រជាពលរដ្ឋនោះ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ សាខាកាំកុងត្រូលខេត្តព្រះវិហារ ដឹកនាំដោយលោក ដួង មុន្នី ប្រធានសាខាកាំកុងត្រូលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យទំនិញដែលដាក់លក់នៅតាមផ្សារនានារួមមានផ្សារបានជយ័ និងផ្សារអង្ការអេដស៍ ស្ថិតក្នុងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោក ដួង មុន្នី បានឱ្យដឹងថា ជាលទ្ធផលក្នុងការចុះពិនិត្យជាក់ស្តែង ក្រុមការងារសាខាបានរកឃើញនូវទំនិញ ហួសកាលបរិច្ឆេតប្រើប្រាស់មានដូចជា នំកញ្ចប់ទម្ងន់១៦.៦៩គីឡូក្រាម ទឹកក្រូចចំនួន៦៧.៧១៥លីត្រ ប្រេងឆាចំណុះ៧.៥លីត្រ ទឹកត្រីចំណុះ៧.៧៥លីត្រ ទឹកស៊ីរ៉ូចំណុះ២.១៣លីត្រ ទឹកដោះគោស្រស់ចំណុះ២.៦៩៥លីត្រផងដែរ។ ជាមួយគ្នានេះ ក្រុមការងារសាខា បានធ្វើការដកហូតពីម្ចាស់អាជីវករ ដើម្បីយកទៅដុតកម្ទេចចោល។
លោក ដួង មុន្នី ក៏បានណែនាំដល់បងប្អូនអាជីវករ ឲ្យមានការយល់ដឹងពីការនាំចូល និងដាក់តាំងលក់នៅទីសុវត្ថិភាព ម្ហូបអាហារ ហើយលោកក៏បានសង្កត់ធ្ងន់ផងដែរ ទៅលើទំនិញដែលហួសកាលបរិច្ឆេទ នៃការប្រើប្រាស់ គឺមិនតម្រូវឲ្យដាក់តាំងលក់ជូនដល់អតិថិជនទេ។
លោកក៏បានណែនាំបន្ថែមដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូល ចែកចាយ ត្រូវតែស្គាល់ពីប្រភពច្បាស់លាស់ជាមុនសិន មុនទទួលទិញយកមកលក់ជូនប្រជាពលរដ្ឋ៕