(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបើកសិក្ខាសាលាពិភាក្សាការងារ ជាមួយអង្គការដៃគូពាក់ព័ន្ធមួយចំនួន ដើម្បីពង្រឹងការការពារ និងថែទាំជនរងគ្រោះ ដោយមេរោគអេដស៍ និងជំងឺអេដស៍ និងកិច្ចការសំខាន់ៗជាច្រើនទៀត ដើម្បីស្វែងយល់ពីចំណុចខ្វះខាត និងធ្វើការកែលម្អឡើងវិញឲ្យបានកាន់តែប្រសើរឡើង ក្នុងការផ្តល់សេវាឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។
សិក្ខាសាលាបូកសរុបរបាយការណ៍វឌ្ឍនភាពប្រចាំឆមាសទី១ ឆ្នាំ២០១៨ និងទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការប្រយុទ្ធ នឹងជំងឺអេដស៍ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំធ្វើ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នាទីស្តីការក្រសួងសង្គមកិច្ច ដោយមានការចូលរួមពី លោក ឈាង បាក់ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច មន្រ្តីក្រសួងសង្គមកិច្ច រួមនឹងប្រធានដៃគូអង្គការពាក់ព័ន្ធជាច្រើននាក់ទៀត។
ថ្លែងនៅក្នុងសិក្ខាសាលានោះ លោក ឈាង បាក់ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច បានថ្លែងអំរគុណ ដល់អាជ្ងាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ និងកណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ របស់ក្រសួងសង្គមកិច្ច ព្រមទាំងអង្គការដៃគូ ដែលបានរាប់បញ្ចូល អ្នកផ្ទុកមេរោគអេដស៍ ក្នុងក្រុមងាយរងគ្រោះពិសេស ដែលត្រូវទទួលបានការគាំពារសង្គម និងគាំទ្រគំនិតល្អៗ ដែលលើកឡើង អំពីតម្រូវការ ក្នុងការផ្សារភ្ជាប់ជាយុទ្ធសាស្រ្ត និងជាប្រព័ន្ធ។
លោក ឈាង បាក់ បានបន្តថា នៅក្នុងសិក្ខាសាលានាថ្ងៃនេះ ក៏មានការរំលេចឡើងពីសារៈសំខាន់នែការឆ្លើយតបទៅនឹងការរើសអើង មាក់ងាយ និងសិទ្ធិមនុស្ស របស់អ្នកផ្ទុកមេរោគអេដស៍ និងអ្នករងផលប៉ះពាល់ ក្នុងបរិបទនៃកិច្ចគាំពារសង្គម និងការផ្សព្វផ្សាយឲ្យសមាជិកគណៈកម្មាធិការ និងអង្គការដៃគូ បានដឹងពីយុទ្ធសាស្រ្តជាតិ ទូលំទូលាយប្រយុទ្ធនឹងជំងឺអេដស៍ លើកទី០៤ ឆ្នាំ២០១៥-២០២០។
លោក ឈាង បាក់ បន្ថែមទៀតថា ក្នុងសិក្ខាសាលានេះ ក៏បានលើកឡើងពី ប្រធានបទសិក្សាស្វែងយល់ពីបទពិសោធន៍របស់អង្គការដៃគូ និងស្វែងយល់ពីចំណុចខ្វះខាត ដើម្បីធ្វើការកែលម្អឡើងវិញឲ្យបានកាន់តែប្រសើរឡើង ក្នុងការផ្តល់សេវាឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ក្រៅពីនោះក៏មានការអនុវត្តឲ្យបាននូវសេចក្តីសម្រេចចិត្តដែលដាក់ចេញដោយសេចក្តីសម្រេចរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង នឹងជំងឺអេដស៍ ដែលបានប្រជុំនាពេលកន្លងមក។
អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ចរូបនេះ បានលើកឡើងទៀតថា កិច្ចពិភាក្សានេះ នឹងនាំមកនូវគំនិតល្អៗ ឬធាតុចូលដែលអាចធ្វើឲ្យយើងស្វែងយល់ពីចំណុចវិជ្ជមាន និងចំណុចអវិជ្ជមាន ក្នុងពេលកន្លងមក ធ្វើការកែលម្អឡើងវិញ ឲ្យកាន់តែល្អប្រសើរ ដែលជាការចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍។
ជាមួយគ្នានោះ លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងរយៈពេលជាង៦ខែដើមឆ្នាំ២០១៨នេះ ក្រសួងសង្គមិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានបំពេញភារកិច្ចសកម្មរួមគ្នា ដើម្បីឈានទៅបញ្ចប់ការឆ្លងរីករាលដាលដោយមេរោគអេដស៍ ទោះក្នុងដំណាក់កាលដែលស្ថានភាពជំនួយបរទេស មានការធ្លាក់ចុះយ៉ាងណាក៏ដោយ យើងទាំងអស់គ្នាក៏បានបំពេញតួនាទី ក្នុងនាមជាម្ចាស់ជំនួយ ដោយរួមគ្នាកាត់បន្ថយ និងបញ្ចប់ការរីករាលដាលមេរោគអេដស៍ នៅប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០២៥។
លោក ឈួរ សុបញ្ញា បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ជាពិសេស ចំពោះបុព្វហេតុជនរងគ្រោះ ដោយមេរោគអេដស៍ ជំងឺអេដស៍ និងជនងាយរងគ្រោះដទៃទៀតយ ដោយបានតាក់តែង និងដាក់ឲ្យអនុវត្តនូវគោលនយោបាយ ផែនការយុទ្ធសាស្រ្តជាច្រើនសំដៅដល់ការការពារ និងថែទាំជនរងគ្រោះ ដោយមេរោគអេដស៍ និងជំងឺអេដស៍។
បន្ថែមពីលើនេះ លោកវេជ្ជបណ្ឌិត ហោ ប៊ុនឡេង តំណាងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងកោតសសើរចំពោះ ក្រសួងសង្គមកិច្ច និងអង្គការដៃគូទាំងអស់ដែលបានរួមគ្នាសហការ និងធ្វើសកម្មភាពលើគ្រប់ការងារ ដែលជួយ និងការពារទៅដល់ នរងគ្រោះ ដោយមេរោគអេដស៍ និងជំងឺអេដស៍នាពេលកន្លងមក។
លោកវេជ្ជបណ្ឌិត ហោ ប៊ុនឡេង បន្ថែមថា ចំពោះអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ក្រសួងសង្គមកិច្ច និងអង្គការដៃគូទៀត ដើម្បីកាត់បន្ថយឲ្យបាននូវចំនួនប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា មិនថាតែការជួយជាធនធានមនុស្ស សម្ភារៈ និងថវិកា ព្រមទាំងបច្ចេកទេសជាដើម។
នៅក្នុងសិក្ខាសាលាថ្ងៃដដែលនោះ អង្គពិធីទាំងមូលក៏បានចូលរួមសម្តែងនូវការសោកស្ដាយជាទីបំផុត ចំពោះមរណភាពរបស់ លោកសាស្រា្តចារ្យ វេជ្ជបណ្ឌិត បីត រីចឆ្នឺ ( Prof. Dr. Beat Richner ) ដែលជាស្ថាបនិកមន្ទីរពេទ្យកុមារគន្ធបុប្ផាកម្ពុជា។
នាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ការបាត់បង់ស្ថាបនិកមន្ទីរពេទ្យកុមារគន្ធបុប្ផាមួយទេ គឺជាការបាត់បង់ធនធានឥស្សរជនមួយរូប សម្រាប់ជួយដល់សុខភាពកុមារកម្ពុជា ហើយក៏ជាការបាត់បង់ដ៏ធំធេង សម្រាប់វិស័យសុខាភិបាលកម្ពុជា និងជាការបាត់បង់វេជ្ជបណ្ឌិតដ៏ឆ្នើមមួយរូប ដែលកម្ររកបានសម្រាប់ព្យាបាលកុមារកម្ពុជា៕