(ភ្នំពេញ)៖ ដំណើរទស្សនកិច្ចនៅតំបន់ទេសចរណ៍ល្បី ក្នុងប្រទេសថៃ រយៈពេល២យប់៣ថ្ងៃ របស់អង្គភាព Fresh News និងអ្នកសារព័ត៌មាន៤ប្រទេស រួមមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (ប្រទេស CLMV) ត្រូវបានបញ្ចប់ដោយជោគជ័យ និងពោរពេញដោយបទពិសោធន៍ជាច្រើន។

ដំណើរទស្សនកិច្ចនេះ បានចាប់ផ្ដើមនៅថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ដែលរៀបចំដោយក្រុមហ៊ុនអាកាសចរណ៍ Air Asia និងមានការឧបត្ថម្ភកន្លែងស្នាក់នៅដោយសណ្ឋានគារ FourPoint ដែលនៅចំកណ្ដាលទីក្រុងបាងកក ប្រទេសថៃ។

ថ្ងៃដំបូងនៅថ្ងៃទី០៧ ខែកញ្ញា គឺក្រុមហ៊ុនអាកាសចរណ៍ Air Asia បាននាំក្រុមអ្នកសារព័ត៌មានចាក់ចេញប្រទេសរបស់ពួកគេរៀងៗខ្លួន ដោយទៅចុះចតរួមគ្នា នៅព្រលាន្ដយន្ដហោះដងមឿន ទីក្រុងបាងកក។ បន្ទាប់ពីទៅដល់ ក្រុមហ៊ុន បានផ្ដល់នូវសំបុត្រសម្រាប់ជិះរថភ្លើងលើអាកាស BTS Sky train ដើម្បីទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតក្នុងក្រុងបាងកក។ លុះដល់ពេលរាត្រី ក៏បានពិធីញាំអាហារសាមគ្គីយ៉ាងពិសេស ដែលផ្ដល់ដោយសណ្ឋាគារ FourPoint ផងដែរ។

នៅថ្ងៃទី២ នៃដំណើរទស្សនកិច្ចត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមហ៊ុនអាកាសចរណ៍ Air Asia បាននាំក្រុមអ្នកសារព័ត៌មានប្រទេស CLMV ទៅកម្សាន្ដនៅផ្សារលើទឹក ឈ្មោះ Bangnamphung Floating Market រួចបានបន្ដទៅតំបន់ទេសចរណ៍កែច្នៃមួយទៀត ដែលអមដោយទេសភាពដ៏ស្រស់បំព្រង។ ដោយមិនបង្អង់យូរឡើង ក្រុមអ្នកសារព័ត៌មាន បានធ្វើដំណើរបន្ដទៅកន្លែងសិប្បកម្មធ្វើនំ និងធូប បែបទេសចរណ៍មួយកន្លែងទៀតទើប បន្ដទៅទទួលទានអាហារពេលថ្ងៃត្រង់នៅ តំបន់ Bangkrachao។ លុះនៅរសៀលថ្ងៃដដែលនេះ ក្រុមហ៊ុនអាកាសចរណ៍មួយនេះ បានបន្ដនាំក្រុមអ្នកសារព័ត៌មាន CLMV ទៅទស្សនានៅប្រាសាទវត្តភូ។ រហូតដល់ពេលយប់ ទើបទៅញាំអាហាររួមគ្នា ដែលឧបត្ថម្ភដោយតំបន់ពាណិជ្ជកម្ម Asiatique។

ដោយឡែកនៅព្រឹកថ្ងៃទី០៩ ខែកញ្ញាដែលជាថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ច ក្រុមអ្នកសារព័ត៌មាន បានទៅទស្សនា និងដើរកម្សាន្ដនៅផ្សារថ្ងៃចុងសប្ដាហ៍ Chatuchak Weekend Market។ ក្រោយបានទៅទស្សនា និងស្វែងពីរបៀបនៃការឆុងកាហ្វេ នៅក្នុងហាងកាហ្វេទំនើបមួយកន្លែងឈ្មោះ Heap ដែលមានលក្ខណៈស្ដង់ដារមួយផងដែរ ដែលជាចុងបញ្ចប់នៃដំណើរទស្សនកិច្ចនេះ។

ក្រុមអ្នកសារព័ត៌មានទាំង៤ប្រទេស បានវាយតម្លៃចំពោះដំណើរទស្សនកិច្ចនេះថា ពិតជាមានបានបង្កើននូវចំណងមិត្ដភាពយ៉ាងខ្លាំងក្លា និងបានស្វែងយល់ពីវប្បធម៌រវាងគ្នានឹងគ្នា ក្នុងនាមជាប្រទេសដែលមានភូមិផងរបងជាមួយគ្នា។ បន្ថែមពីនេះ អ្នកសារព័ត៌មានប្រទេស CLMV បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនអាកាសចរណ៍ Air Asia ដែលបានរៀបចំកម្មវិធីនេះឡើយ និងម្ចាស់ឧបត្ថម្ភ ដៃគូសហការផ្សេងៗទៀតផងដែរ៕