(ប៉ាតានី-ថៃ)៖ បន្ទាប់ពីទទួលសញ្ញាបត្របណ្ឌិតកិត្តិយស លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងលោកស្រី ជាមួយនឹងគណៈប្រតិភូកម្ពុជាអមដំណើរ២៧រូប បានអញ្ជើញសាកសួរសុខទុក្ខ ជួបពិភាក្សាជាមួយ តំណាងនិស្សិតខ្មែរដែលកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្រោមគម្រោងអាហារូបករណ៍របស់សាកលវិទ្យាល័យហ្វាតូនី ដែលមានសរុប ប្រមាណ៩១រូប ក្នុងនោះក៏មានអ្នកដែលទទួលបរិញ្ញាបត្រក្នុងថ្ងៃនេះដល់ទី២២រូប ក្នុងចំណោមនិស្សិតថៃ និងនិស្សិតប្រទេសផ្សេងដែលទទួលក្នុងថ្ងៃនេះ សរុប៩៧១រូប។
បន្ទាប់ពីនាំនូវអនុសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់ក្មួយៗនិស្សិតថា
លោកតែងតែមានទស្សនៈថា លោកធ្វើបាន អ្នកធ្វើបាន យើងធ្វើបាន មានន័យថា ដរាបណាយើងខំប្រឹងដោយមានភាពជឿជាក់ នោះយើងទាំងអស់គ្នានឹងអាចសម្រេចបានរាល់ការងារទោះតូចទោះធំ ដែលទាមទារឲ្យយើងទាំងអស់គ្នាត្រូវទទួលយកចំណេះដឹង អភិវឌ្ឍចំណេះដឹង ច្នៃប្រឌិតចំណេះដឹង រួមផ្សំជាមួយការយកចំណេះដឹងទៅប្រើប្រាស់ឲ្យចំគោលដៅជាមួយសុជីវធម៌ ចរិយាធម៌។
លោកទេសរដ្ឋមន្ដ្រី ក៏បានថ្លែងការអបអរសាទរ ដល់និស្សិតខ្មែរទាំង២២រូប ដែលបញ្ចប់ការសិក្សាដោយជោគជ័យ ហើយទទួលបានបរិញ្ញាបត្រពីសាកលវិទ្យាល័យនៅថ្ងៃនេះ ក៏ដូចជាអ្នកដែលបញ្ចប់ការសិក្សានៅជំនាន់មុនៗមក ដោយបញ្ជាក់ទៀតថា ប្អូនៗក្មួយៗគឺជាធនធានមនុស្សដ៏សំខាន់ និងមានឱកាសទៅប្រកួតប្រជែងការងារនៅប្រទេសយើងដើម្បីអនាគតខ្លួន និងសង្គមជាតិទាំងមូល។
ជាក់ស្តែង កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្រៅពីការយកចិត្តទុកដាក់លើវិស័យនានាក្នុងគោលដៅជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព គឺវិស័យអប់រំ ជាវិស័យអទ្ធិភាព ដែលរាជរដ្ឋាភិបាលបានកំពុងផ្តោតការយកចិត្តទុកដាក់ និង ជំរុញ ដើម្បីការអភិវឌ្ឍន៍ធនធានមនុស្ស។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ដ្រី ក៏បានផ្តល់ថវិកាដល់និស្សិតខ្មែរទាំង ៩១នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១,០០០បាត ផងដែរ៕