(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃចន្ទនេះ នឹងអនុម័តគោលជំហរប្រឆាំងយ៉ាងម៉ឺងម៉ាត់មួយ ចំពោះតុលាការព្រហ្មទណ្ឌអន្តជាតិ (ICC) ប្រចាំទីក្រុងឡាអេប្រទេសហូឡង់ ដោយថែមគំរាមដែរថា នឹងដាក់ទណ្ឌកម្មលើចៅក្រមនៃតុលារអន្តរជាតិមួយនេះ បើសិនជាហ៊ានដំណើរការការស៊ើបអង្កេត លើការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាមប្រព្រឹត្តដោយកងទ័ពអាមេរិក នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១០ ខែកញ្ញា ឆ្នាំ២០១៨។
ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើសុន្ទរកថាព្រាងមួយ របស់ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចន បូលតុន (John Bolton)។ យោងតាម Reuters លោក Bolton គ្រោងនឹងថ្លែងសុន្ទរកថានោះយ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកនឹងចាត់រាល់វិធានការចំបាច់នានា ដើម្បីការពារប្រជាជនអាមេរិក និងសម្ព័ន្ធមិត្តរបស់យើង ពីការធ្វើទុក្ខបុកម្នេញដោយអយុត្តិធម៌ ដោយរតុលាការខុសច្បាប់មួយនេះ... ដូច្នេះសហរដ្ឋអាមេរិកនឹងចាត់វិធានការឆ្លើយតប បើសិនជា ICC ដំណើរការការស៊ើបអង្កេត លើបទឧក្រិដ្ឋសង្រ្គាមនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ប្រឆាំងនឹងសហរដ្ឋអាមេរិក»។
បន្ថែមពីលើនេះ សេចក្ដីព្រាងសុន្ទរកថារបស់លោក Bolton ក៏បានបញ្ជាក់ដែរថា សហរដ្ឋអាមេរិកនឹងមិនធ្វើកិច្ចសហប្រតិបត្តិការ ជាមួយ ICC ឡើយ ហើយសហរដ្ឋអាមេរិកក៏នឹងមិនផ្ដល់ជំនួយឱ្យ ICC ដែរដោយទុកឱ្យតុលាការអន្តរជាតិមួយនេះ រលាយរលត់ទៅដោយខ្លួនឯង។
គួរបញ្ជាក់ថា បើតាម Reuters លោក John Bolton នឹងថ្លែងសុន្ទរកថាខាងលើនៅថ្ងៃចន្ទនេះ (ម៉ោងនៅអាមេរិក) ទៅកាន់ Federalist Society ដែលជាក្រុមអង្គការមួយប្រមូលផ្ដុំដោយ ក្រុមអ្នកអភិរក្សនិយមនៅក្នុងទីក្រុងវ៉ាស៊ីនតោន៕