(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) នឹងរៀបចំពិធីគោរពវិញ្ញាណក្ខន្ធសពរបស់លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត Beat Richner ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា មុនការប្រកួតមិត្តភាពអន្ដរជាតិរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិម៉ាឡេស៊ី នាម៉ោង ៦៖៣០នាទីល្ងាចនេះ នៅលើទីលានពហុកីឡដ្ឋានជាតិ។
យោងតាមដំណឹងលើទំព័រហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហោះនារសៀលនេះថា «ក្រោមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងគោរវិញ្ញាណក្ខន្ធលោក Beat Richner ដែលជាស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ឋា នៅមុនការប្រកួតមិត្តភាពអន្ដរជាតិរវាងកម្ពុជា និងម៉ាឡេស៊ីល្ងាចនេះ»។
សូមរំឭកថា លោកវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាពក្នុងជន្មាយុជន្មាយុ៧១ឆ្នាំ នៅប្រទេសស្វីស ដែលជាប្រទេសកំណើតរបស់លោក កាលពីថ្ងៃទី០៩ ខែកញ្ញាម្សិលមិញ បន្ទាប់ពីលោកវេជ្ជបណ្ឌិត បានធ្លាក់ខ្លួនឈឺអស់ជាច្រើនខែ។ ប៉ុន្ដែទោះបីជាគ្មានឈាមជ័រជាខ្មែរ តែលោកវេជ្ជបណ្ឌិត Beat Richner បានចំណាយពេលស្ទើរតែពាក់កណ្តាលជីវិតចុងក្រោយរបស់លោក ដើម្បីកុមារកម្ពុជា។
ក្រោយទទួលដំណឹងមរណភាពរបស់បិតាសង្គ្រោះកុមារកម្ពុជា លោកវេជ្ជបណ្ឌិត Beat Richner បានធ្វើឲ្យថ្នាក់ដឹកនាំ មន្ដ្រីគ្រប់ក្រសួង-ស្ថាប័ន និងប្រជាពលរដ្ឋខ្មែរ សម្ដែងនូវការស្តាយស្រណោះអាឡោះ អាល័យយ៉ាងខ្លាំង ចំពោះរូបលោក ក៏ដូចជាទង្វើប្រកបដោយគុណធម៌របស់លោកផងដែរ៕