(ស្វាយរៀង)៖ ពានរង្វាន់ស្វាយរៀង ខាប់ លើកទី៤ ឆ្នាំ២០១៨ ត្រូវបានធ្វើកម្មវិធីចាប់ពូលកាលពីថ្ងៃ៩ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានក្រុមបាល់ទាត់មហាជន ចូលរួមចំនួន៥២ក្រុម មកពីបណ្តាស្រុក-ក្រុងទាំង០៨ ទូទាំងខេត្តស្វាយរៀង។
នេះជាឆ្នាំទី៤ ក្នុងការៀបចំព្រឹត្តិការណ៍នេះ ដោយរដូវកាលមុនមានក្រុមចូលរួមតែ៣៥ក្រុម ប៉ុន្តែនៅឆ្នាំនេះមានក្រុមចូលរួម រហូតដល់ទៅ៥២ក្រុម និងមានមន្ត្រី កីឡាករសរុបកីឡាករមានចំនួនប្រមាណ ១,៥០០នាក់។
ពានរង្វាន់ស្វាយរៀងខាប់ បានបង្កើតឡើងនៅឆ្នាំ២០១៣ ដោយមានការផ្តួចផ្តើមពីលោក ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង។
ការប្រកួតគ្រោងចាប់ផ្តើមពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨តទៅ ដោយមិនមានធ្វើពិធីបើកនោះទេ រហូតដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ ទើបធ្វើពិធីបិទការប្រកួតតែម្តង។
ចំពោះលក្ខខណ្ឌចូលរួម ក្រុមកីឡាទាំងអស់អាចមានកីឡាករចាប់ពីអាយុ១៦ឆ្នាំឡើងទៅ ដោយមានចំនួនច្រើនបំផុត២៣នាក់ និងតិចបំផុត១៧នាក់ ដោយ០៣នាក់អាចនាំយកកីឡាករ មកពីខេត្តផ្សេងក្រៅពីខេត្តស្វាយរៀង និង២០នាក់ទៀត ជាអ្នករស់នៅក្នុងខេត្តស្វាយរៀង ឬមានទីកន្លែងកំណើតនៅក្នុងខេត្តស្វាយរៀង។
រូបមន្តនៃការប្រកួតត្រូវបានបែងចែកចេញជា១៣ពូល ដោយក្នុង១ពូលមាន៤ក្រុម ហើយធ្វើការប្រកួតវិលជុំក្នុងពូល ដើម្បីយកក្រុមចំណាត់ថ្នាក់លេខ១ និងលេខ២ ឡើងទៅវគ្គ៣២ក្រុមបន្ត។ ដោយឡែកក្រុមលេងរៀងទី៣ល្អជាងគេ ក្នុងពូលចំនួន៦ក្រុម ក៏មានឱកាសឡើងទៅវគ្គបន្តផងដែរ។ ចំពោះវគ្គ៣២ក្រុម ១៦ក្រុម ៨ក្រុម ៤ក្រុមចុងក្រោយ នឹងត្រូវធ្វើការចាប់ឆ្នោតដើម្បីជួបប្រកួតគ្នា៕