(ព្រៃវែង)៖ ផ្ទៃដីបង្កបង្កើនផលប្រមាណ ១៥.០០០ ហិកតា ស្ថិតនៅក្នុងស្រុកបាភ្នំ ស្រុកមេសាង ស្រុកស្វាយអន្ទរ និងស្រុកកំចាយមារ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម អន្តរាគមន៍ជាបន្តបន្ទាប់ ។ នេះបើតាមលោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ។

លោកបានបញ្ជាក់ថា «ការអន្តរាគមន៍ដើម្បីនាំទឹកមកជួយសង្គ្រោះស្រូវកសិករ ក្រសួងបានធ្វើជាង១ខែ រួចមកហើយ ពោលគឺចាប់ពីថ្ងៃទី១០ ខែសីហា មកម្ល៉េះ ដោយ ក្រសួងធនធានទឹក និងឧតុនិយម បានប្រើប្រាស់អ៊ិចស្ការវ៉ាទ័រ សរុបចំនួន០៩គ្រឿង ដើម្បីកាយប្រឡាយនាំទឹកពីប្រឡាយមេវ៉ៃកូ ទៅកាន់ដីស្រែរបស់បងប្អូនប្រជាកសិករដែលមានការប្រឈម»

បើតាមលោក ចាន់ យុត្ថា គិតមកដល់ថ្ងៃទី១០ ខែកញ្ញា នេះ ប្រឡាយចំនួន១៧ខ្សែ មានប្រវែងសរុបជាង៤២គម ត្រូវបានជីករួចរាល់ ហើយស្រូវចំនួន៩០០៧ ហិកតា ត្រូវបានសង្គ្រោះ។
ក្រុមការងារក្រសួង បាន និងកំពុងប្រើប្រាស់អ៊ិចស្កាវ៉ាទ័រ ចំនួន៩គ្រឿងនេះ កាយប្រឡាយចំនួន៨ខ្សែទៀត ដើម្បីនាំទឹកទៅកាន់ដីស្រែដែលនៅសេសសល់៕