(កំពង់ធំ)៖ ដើម្បីឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាត លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅល្ងាចថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ បានបន្តដឹកនាំសហការី ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងដោះស្រាយការលំបាកខ្វះខាតជូនគាត់បណ្តោះអាសន្ន នូវអង្ករចំនួន៥០ក្រាម មីយើងចំនួន២កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន០២យួរ និងថវិកាចំនួន១០០,០០០រៀល ។
គ្រួសារទី១៖ លោកយាយមេម៉ាយទុរគតឈ្មោះ ស៊ាម តន អាយុ៥៨ឆ្នាំ រស់នៅភូមិចន្លុះ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បច្ចុប្បន្នចិញ្ចឹមកូនចំនួន០២នាក់ នៅក្នុងបន្ទុកក្រោយពីស្វាមីបោះបង់ចោលទៅ ។ កូនគាត់ទាំងពីរ រួមទាំងកូនប្រសាស្រី និងចៅម្នាក់ផងរស់នៅក្នុងខ្ទមកំសត់តូចចង្អៀតនេះ ទាំងអស់គ្នាប្រកបមុខរបរធ្វើស្រែបន្តិចបន្តួច និងជាកម្មករសំណង់ គ្រាន់បានប្រាក់កម្រៃចិញ្ចឹមជីវិត។
នៅល្ងាចថ្ងៃខែឆ្នាំដដែល លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានបន្តដឹកនាំសហការី អញ្ជើញទៅពិនិត្យ ការជួសជុលជម្រកស្នាក់នៅជូនគ្រួសារក្រីក្រមួយគ្រួសារ ឈ្មោះ ជា ជឿន អាយុ៦៤ឆ្នាំ និងភរិយាឈ្មោះអ៊ុ លៀម អាយុ៧៥ឆ្នាំ ដែលកន្លងមកក្រុមការងារបានផ្តល់ថវិកាជូនថ្នាក់ដឹកនាំ ភូមិ-ឃុំ ដើម្បីជួសជុលជម្រកស្នាក់នៅជូនគាត់ ដោយចំណាយថវិកាក្នុងការជួសជុលអស់ទឹកប្រាក់ចំនួន៧៦០,៨០០រៀល ខ្ទមស្លឹកធ្លុះធ្លាយមើលពីម្ខាងឃើញម្ខាងទៀត ត្រូវបានចេញជារូបរាងថ្មី នៅលើទឹកដីភូមិចន្លុះ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។ ក្នុងឱកាសនោះដែរ លោកនិង ក្រុមការងារបានឧបត្ថម្ភជូនគាត់បន្ថែមទៀតនូវមីយើងចំនួន២កេស និងថវិកាចំនួន១០០,០០០រៀលផងដែរ។
សូមបញ្ជាក់ផងដែរថា ជំនួយឧបត្ថម្ភខាងលើគឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានផ្តល់ជូនតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តាមរយ: លោក ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ជួយដោះស្រាយដល់អតីតយុទ្ធជន និងប្រជាជនដែលមានជីវភាពលំបាកខ្វះខាតនៅខេត្តកំពង់ធំ៕