(ភ្នំពេញ)៖ ពាក្យបណ្តឹងរបស់គណបក្សយុវជនកម្ពុជា ដែលប្តឹងសកម្មជនក្រុមប្រឆាំងម្នាក់ ឈ្មោះ អូន វ៉ាន់សាក់ រឿងជេរប្រមាថ ប្រធានបក្សលោក ពេជ្រ ស្រស់ នោះ បានចូលដល់សាលាដំបូងរាជធានីភ្នំពេញហើយ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ។ នេះបើតាមការប្រកាសរបស់គណបក្សយុវជនកម្ពុជា។
ការប្រកាសដាក់ពាក្យប្តឹងនេះ បានធ្វើឡើងបន្ទាប់ពីបន្ទាប់គណនី Facebook ឈ្មោះ «Oun Vansak» ដែលប្រើប្រាស់ដោយយុវជនខាងលើនេះបានចូលទៅជេរប្រមាថ លោក ពេជ្រ ស្រស់ អំឡុងពេល លោកបង្ហោះលិខិតមួយដើម្បីអបអរ និងទទួលយកតំណែងសមាជិកក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមានឋានៈស្មើនឹងទេសរដ្ឋមន្រ្តី របស់រាជរដ្ឋាភិបាលអាណត្តិទី០៦។
នៅក្នុងពាក្យបណ្តឹងរបស់ គណបក្សយុវជនកម្ពុជា គឺគណបក្សនេះ បានស្នើឱ្យតុលាការចាត់ការតាមនីតិវិធីច្បាប់ចំពោះ គណនី Facebook ឈ្មោះ «Oun Vansak» ឱ្យស្របទៅតាមច្បាប់ ជាធរមាន។
ទោះជាយ៉ាងនេះក្តី បើតាមគណនី Facebook របស់ឈ្មោះ «Oun Vansak», យុវជនរូបនេះ ហាក់មិនខ្លាចចំពោះការប្តឹងរបស់ លោក ពេជ្រ ស្រស់នោះទេ ហើយថែមទាំងជំរុញឱ្យ លោកពេជ្រ ស្រស់ ប្តឹងទៅបុគ្គលមួយចំនួនទៀត ដែលជេរប្រមាថដូចគ្នានេះផងដែរ៕