(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក វន ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA ) បានចូលបំភ្លឺជូនចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ក្នុងនាមជាសាក្សីពាក់ព័ន្ធលើសំណុំរឿងក្បត់ជាតិ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ។
លោក វន ពៅ កាលពីពេលថ្មីៗនេះ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅ ឱ្យចូលបំភ្លឺក្នុងនាមជាសាក្សី ចំពោះបទល្មើសនៃសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេស ដែលប្រព្រឹត្តឡើងដោយ លោក កឹម សុខា។
សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់អាធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ «ក្បត់ជាតិ»។ លោកត្រូវបានតុលាការបញ្ជូនទៅឃុំក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ក្រោមការចោទប្រកាន់ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣នៃក្រមព្រហ្មទណ្ឌ។ ការចាប់ខ្លួន លោក កឹម សុខា បានធ្វើឡើងបន្ទាប់ពីមានការបែកធ្លាយនូវវីដេអូរបស់លោក ដែលសារភាពអំពីការឃុបឃិតគ្នាជាប្រព័ន្ធជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា ដោយយកលំនាំតាមប្រទេសស៊ែបប៊ី និងយូហ្គោស្លាវី ដែលរាជរដ្ឋាភិបាលចាត់ទុកថា ជាអំពើក្បត់ជាតិ។
ប៉ុន្តែទោះជាយ៉ាងនេះក្តី លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានពន្ធនាគារ «ម៣» «ពន្ធនាគារត្រពាំងផ្លុងខេត្តត្បូងឃ្មុំ» ដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ហើយបញ្ជូនមកផ្ទះរបស់លោក នៅវេលាទាបភ្លឺ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយសារតែបញ្ហាសុខភាព ខណៈដែលតុលាការនៅតែបន្តនីតិវិធីចំពោះសំណុំរឿងរបស់លោកដដែល៕