(ភ្នំពេញ)៖ សិស្សនិទ្ទេស A សម្រាប់ការប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨នេះ មានត្រឹមតែ ២៩០នាក់ប៉ុណ្ណោះ ដែលចំនួននេះតិចជាងឆ្នាំ២០១៧ ដែលមានរហូតដល់ទៅ ៤០៦នាក់។
បើតាមប្រភពពីក្រុមគ្រូបង្រៀនបានឲ្យដឹងថា ការធ្លាក់ចុះនៃកម្រិតសិស្សទទួលបាននិទ្ទេស A នេះ ដោយសារកែវិញ្ញាសាមានការរឹតត្បិតជាងឆ្នាំកន្លងទៅ។ ជាមួយការបង្ហាញលទ្ធផលនេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានបង្ហាញសិស្ស៤រូប ដែលទទួលបានពិន្ទុខ្ពស់ជាងគេផងដែរ។ ក្នុងចំណោមសិស្សខ្លាំងទាំង៤រូបនេះ មានសិស្សជានារី ៣នាក់។
សិស្សខ្លាំងទាំង៤នេះរួមមាន៖ ១. សិស្សឈ្មោះ ប៉េង គឹមហេង មកពីវិទ្យាល័យប៊ែលធីអន្តរជាតិសាខាទី៧ ទទួលបានពិន្ទុ ១០០, ២. សិស្សឈ្មោះ តែ ស៊ូចេង មកពីវិទ្យាល័យអន្តរជាតិសឹងបុរី ទទួលបានពិន្ទុ ៩៩.៩៩៩, ៣. សិស្សឈ្មោះ ទឹម សុនិសា មកពីវិទ្យាល័យសន្ធរម៉ុក ទទួលបានពិន្ទុ ៩៩.៩៩៩ និងទី៤. សិស្សឈ្មោះ ទីវ ឧស្សាហ៍ មកពីវិទ្យាល័យប៊ែលធីអន្តរជាតិសាខាទី៨ ទទួលបានពិន្ទុ ៩៩.៩៩៧។
សូមបញ្ជាក់ថា បេក្ខជនប្រលងជាប់បាក់ឌុប នៅឆ្នាំ២០១៨នេះ មានចំនួនសរុប ៧៥,០៥៩នាក់ ស្មើនឹង ៦៦.២១%។ បេក្ខជននិទ្ទេស A ២៩០នាក់, បេក្ខជន និទ្ទេស B ១,៥៣២នាក់, បេក្ខជន និទ្ទេស C ៤,៦៣១នាក់, បេក្ខជន និទ្ទេស D ១៣,៩៩៩នាក់ និងបេក្ខជននិទ្ទេស E ៥៤,៦០៧នាក់៕