(តាកែវ)៖ លោក សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា, អនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង និងជាប្រធានក្រុមការងារចុះជួយចង្កោម ៨ឃុំ បានបញ្ជាក់ថា រាជរដ្ឋាភិបាលដែលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា ជាពិសេសដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នឹងខិតខំបម្រើប្រជាពលរដ្ឋទ្វេដង ដើម្បីតបស្នងនូវការគាំទ្ររបស់បងប្អូន។
លោកបន្តថា តាមរយៈការបន្តធ្វើកំណែរទម្រង់ស៊ីជម្រៅ រាជរដ្ឋាភិបាលអាណត្តិទី៦ នឹងខិតខំធ្វើការអភិវឌ្ឍប្រទេស ឱ្យកាន់តែរីកចម្រើនជឿនលឿនបន្ថែមទៀត ព្រមទាំងជំរុញបង្កើននូវប្រសិទ្ធភាពសេវាសាធារណៈ ក៏ដូចជាទាក់ទាញចំណាប់អារម្មណ៍ របស់វិនិយោគិនមកធ្វើការវិនិយោគ នៅកម្ពុជាកាន់តែច្រើន ដែលនឹងបង្កើតការងារបន្ថែមទៀត ជូនប្រជាពលរដ្ឋ លើកកម្ពស់ជីវភាពរស់ បង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រជូនបងប្អូន។
ដោយឡែកក្នុងនាមលោកជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកទ្រាំង លោកនឹងបន្តខិតខំចូលរួមចំណែកអភិវឌ្ឍន៍ស្រុកទ្រាំង ឱ្យកាន់តែរីកចម្រើនបន្ថែមទៀតដែរ។
ថ្លែងបែបនេះ នៅក្នុងឱកាសដែលលោក សុខ ពុទ្ធិវុធ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជា ក្នុងឃុំរនាមចំនួន៧២៨នាក់ នាព្រឹកថ្ងៃអាទិត្យ ១៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ នៅស្នាក់ការគណបក្សឃុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក សុខ សប្បាយណា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំរនាម និងលោក ឈួន ផាន់នី ប្រធានគណៈកម្មាធិការគណបក្សស្រុកផងដែរ។
នាឱកាសនោះ លោក សុខ ពុទ្ធិវុធ ក៏បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខ ចំពោះបងប្អូនពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់គណបក្ស ក៏ដូចជាលោកវេជ្ជបណ្ឌិត សុខ ផេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកទ្រាំង ព្រមទាំងបានជម្រាបជូនបងប្អូនថា ការសម្រេចចិត្តចូលរួមជាមួយ គណបក្សប្រជាជនរបស់បងប្អូន គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលតែងតែនៅរួមសុខរួមទុក្ខជាមួយបងប្អូនគ្រប់កាលៈទេសៈ រំដោះប្រទេសជាតិរំដោះបងប្អូនប្រជាពលរដ្ឋចេញ ពីរបបប្រល័យពូជសាសន៍ ហើយដឹកនាំការពារសន្តិភាព ស្ថេរភាព និងកសាងប្រទេសតាំងពីបាតដៃទទេ រហូតមានការរីកចំរើនជឿនលឿន ដូចសព្វថ្ងៃនេះ។
លោក សុខ ពុទ្ធិវុធ ក៏បានជម្រាបជូនបន្ថែម ដល់សមាជិកគណបក្សថ្មី អំពីជ័យជម្នះដ៏ត្រចះត្រចង់របស់គណបក្សក្នុងការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ហើយរដ្ឋសភានីតិកាលទី៦ និងរាជរដ្ឋាភិបាលក៏ត្រូវបានបង្កើតប្រកប ដោយជោគជ័យកាលពីពេលថ្មីៗកន្លងទៅនេះ និងបានផ្តាំផ្ញើដល់សមាជិកថ្មីទាំងអស់ ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់គណបក្ស គោលការណ៍ ក៏ដូចជាអង្គការចាត់តាំងរបស់គណបក្ស ហើយត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ចូលរួមចំណែកក្នុងការអនុវត្តការងារ ដើម្បីបុព្វហេតុគណបក្ស និងសង្គមជាតិ ព្រោះថាការរួបរួមសាមគ្គីគ្នា និងការបម្រើប្រជាពលរដ្ឋយ៉ាងស្មោះស្ម័គ្រនេះហើយ ទើបគណបក្សបានទទួលនូវការគាំទ្ររហូត ទទួលនូវជ័យជម្នះយ៉ាងត្រចះត្រចង់ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦កន្លងមកនេះ៕