(កណ្តាល)៖ លោក វិត ធារិទ្ធិ នាយខណ្ឌជលផលខេត្តកណ្តាល នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨នេះ បានដឹកនាំកម្លាំងចម្រុះចុះកាត់ របាំងស្បៃមុងរាប់គីឡូម៉ែត្រ ដែលក្រុមអ្នកនេសាទខិលខូច លបលួចដាក់នៅតាមខ្សែបន្ទាត់ព្រំដែនវៀតណាម-កម្ពុជា លាតសន្ធឹងលើផ្ទៃទឹក ពីត្រើយម្ខាងទៅដល់ត្រើយម្ខាង នៅរដូវបិទនេសាទ ជាខែត្រីពងកូនមេពូជទាំងនេះ ធ្លាក់ចូលទៅក្នុងស្បៃមុង របស់អ្នកនេសាទខុសច្បាប់ទាំងនោះ។
លោក វិត ធារិទ្ធិ បានថ្លែងថា ដោយមានការណែនាំពីសំណាក់លោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល, លោកបានដឹកនាំកម្លាំង សហការជាមួយអាជ្ញាធរស្រុកលើកដែក និងកងកម្លាំងប្រដាប់អាវុធ និងមានការចូលរួមពីសហគមន៍សណ្តា ចុះទៅបង្ក្រាប់របាំងស្បៃមុងខុសច្បាប់ ដាក់នៅក្នុងបឹងតូច និងបឹងធំ។
ជាលទ្ធផល កម្លាំងបានវះកាត់ស្បៃមុង មាត់លូរាប់រយមាត់លូ និងសាររបាំងស្បៃមុងរាប់រយម៉ែត្រ រួមទាំងដកបង្គោលរាប់ពាន់បង្គោល យកទៅដុតកម្ទេចចោល និងបានចាក់លែងកូនត្រី រាប់រយគីឡូក្រាមផងដែរ ហើយសកម្មភាពនេះ ចង់បញ្ជាក់ប្រាប់បងប្អូនអ្នកនេសាទខុសច្បាប់ ត្រូវងាកមករកនេសាទស្របច្បាប់វិញ បើមិនដូច្នេះទេ ពេលកម្លាំងចុះមកសារដុតចោល ដូចពេលនេះអីចឹង ព្រោះការនេសាទដោយប្រើស្បៃមុង បង្កឱ្យប៉ះពាល់ធនធានធម្មជាតិធ្ងន់ធ្ងរបំផុត។
លោក វិត ធារិទ្ធិ បានលើកឡើងថា «ការដែលយើងរឹតបន្តឹងរាល់បទល្មើសនេសាទខុសច្បាប់នោះ យើងចង់ឱ្យពលរដ្ឋចាប់ត្រីបរិភោគដោយខ្លួនឯង ពីបឹងយើងសុខចិត្តបង្ហាញបឹងដល់ពួកគាត់ ប្រសើជាងរកត្រីមកឱ្យគាត់លាក់បំពួនបឹងនោះ លុះពេលគាត់បរិភោគត្រីយើង ឱ្យអស់តើគាត់បានអ្វី បរិភោគទៀត ដូច្នេះបន្ទុកនេះយើងជាអ្នករ៉ែកពន់រហូត ចឹងហើយបង្ហាញបឹងដល់ពួកគាត់ជាចំណុចល្អបំផុត»។
ប្រជាពលរដ្ឋស្រុកលើកដែក បានសម្តែងក្តីសប្បាយរីករាយបំផុត ក្រោយពីបានឃើញកម្លាំងជលផល ចុះបង្ក្រាបរាល់ឧបករណ៍ នេសាទខុសច្បាប់ កុំតែធ្វើឲ្យប៉ះពាល់ដល់ពួកគាត់ជាអ្នកនេសាទស្របច្បាប់ ដោយការដាក់មង ចងសន្ទូចនោះ។ ប្រជាពលរដ្ឋក៏បានសូមឲ្យកម្លាំងជលផលខណ្ឌ និងស្រុកត្រូវសហការគ្នាចុះបង្ក្រាបឲ្យបានញឹកញ៉ាប់បំផុត ព្រោះក្រុមអ្នកនេសាទខុសច្បាប់ទាំងនេះ តែងតែសារមុខ និងដាក់តាមក្រោយវិញ៕