(ព្រែវែង)៖ មិនខុសពីពាក្យសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីតែងតែលើកថា «ទីណាមានទុក្ខតែងមានមុខគណបក្សប្រជាជនកម្ពុជា» នោះ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨នេះក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកកំចាយមារ ខេត្តព្រៃវែង ដឹកនាំដោយលោក ស្តើង សុខុម ជាប្រធានក្រុម បានចុះជួយអន្តរាគមន៍ជីប្រឡាយនាំទឹក៣ខ្សែ និងបូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋ ៥៥៤ហិកតា ដែលកំពុងជួបគ្រោះរាំងស្ងួត។

របាយការណ៍របស់មេឃុំស្មោងត្បូង បានឲ្យដឹងថាស្ថានភាពគ្រោះរាំងស្ងួងបានចាប់ផ្តើមក្នុងអំឡុងពេលឃោសនាបោះឆ្នោត ហើយស្រុកកំចាយមារនេះ មិនដែលជួបគ្រោះរាំងស្ងួតទេ ទើបតែឆ្នាំនេះស្រាប់តែមានគ្រោះរាំងស្ងួតកើតមានឡើង ហើយអូសបន្លាយពេលយូរជាងឆ្នាំណាៗទាំងអស់។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់មេឃុំហើយ លោក ស្តើង សុខុម បានដឹកនាំក្រុមការងារសិក្សាជាបន្ទាន់ ដោយបានស្វែងរកប្រភពទឹកដែលអាចទាញយកទឹកមកជួយស្រូវទាំងអស់ដែលកំពុងរងគ្រោះរាំងស្ងួត និងមធ្យោបាយក្នុងការទាញយកទឹកមក ដាក់ក្នុងស្រែផងដែរ។

ដោយសារតែភូមិសាស្រ្តក្នុង ឃុំស្មោងត្បូង មិនមានប្រឡាយដែលនាំទឹកពីប្រឡាយមេឆ្លងកាត់ទើបបង្កឲ្យប្រជាកសិករខ្វះប្រភពទឹកសម្រាប់ស្រោចស្រពស្រែរបស់នោះ លោក ស្តើង សុខុម បានជំរុញឲ្យមន្រ្តីស្រុក និង ឃុំ ជួលអេស្កាវាទ័រជីកប្រឡាយបង្ហូរទឹកចំនួន ៣ខ្សែ ដែលមានមាត់លើ ២ម៉ែត្រ ជម្រៅ ១ម៉ែត្រ និង បាតក្រោម ១ម៉ែត្រ ប្រវែង ៤,៤០០ម៉ែត្រ ដើម្បីទាញទឹកមកដល់ស្រែជួបគ្រោះរាំងស្ងួត ដោយចំណាយអស់ថវិកាជាង ១៣លានរៀល ដែលជា ថវិកាផ្ទាល់របស់លោក និងក្រុមការងារ។

ការជួយនាំទឹកមកសង្គ្រោះស្រូវរបស់ប្រជាកសិករនេះ បាននាំមកនូវភាពសប្បាយរីករាយជាខ្លាំងចំពោះប្រជាកសិករជាច្រើនគ្រួសារនៅក្នុងស្រុកកំចាយមារនោះ។ ពួកគេបានថ្លែងអំណរគុណ និងបានលើកសរសើរដល់ក្រុមការងារផងដែរ ចំពោះកិច្ចខ្នះខ្នែងដោះស្រាយនូវទុក្ខកង្វល់របស់ពួកគេ។

ក្នុងដំណើរឆ្លងកាត់ភូមិ និងវាលស្រែដ៏វែងនោះ លោក ស្តើង សុខុម ក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងភូមិជម្ពូរ ក្នុងឃុំស្មោងត្បូងជាង ១០០នាក់ផងដែរ។ ក្នុងឱកាសនោះ លោកប្រធានក្រុមការងារបានអរគុណប្រជា ពលរដ្ឋទាំងអស់ដែលបានចូលរួមរក្សាដំណើរការប្រជាធិបតេយ្យតាមរយៈការ​​អញ្ជើញ​ទៅបោះឆ្នោត និង បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឈ្នះដាច់។
លោក ស្តើង សុខុម បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា ការបោះឆ្នោតជូនគណបក្សប្រជាជនមានតម្លៃស្មើការចូលរួមរក្សាសន្តិភាព និងការអភិវឌ្ឍ។ លោកបានសន្យាថា ដើម្បីជាការដឹងគុណប្រជាពលរដ្ឋបានផ្តល់ការជឿទុកចិត្តទៅលើគណបក្សប្រជាជនកម្ពុជា រូបលោក និងមន្រ្តីរបស់បក្សដទៃទៀត នឹងចុះមូលដ្ឋានកាន់តែសកម្មថែមទៀត ដើម្បីបម្រើ និង ជួយដោះស្រាយរាល់បញ្ហារបស់ប្រជាពលរដ្ឋ។

លោក ស្តើង សុខុម នៅថ្ងៃដដែលនេះ ក៏បានចុះពិនិត្យមើលប្រឡាយដែលកំពុងជីកបង្ហូរទឹកទៅកាន់ស្រែរបស់ប្រជាកសិករ ហើយបានជំរុញឲ្យការជីកប្រឡាយនេះត្រូវធ្វើឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។

លោកប្រធានក្រុមការងារក៏បានជួបប្រជុំជាបន្ទាន់ជាមួយមន្រ្តីស្រុកកំចាយមារ និង មន្រ្តីឃុំ ដើម្បីពិនិត្យមើលស្ថានភាពគ្រោះរាំងស្ងួតដែលកំពុងកើតមាននៅក្នុងស្រុកកំចាយមារ។ នៅក្នុងការជួបសំណេះសំណាលនោះលោក ប្រធានបានស្តាប់របាយការណ៍របស់ឃុំនីមួយៗ ដែលជួបគ្រោះរាំងស្ងូត ហើយបានផ្តល់មធ្យោបាយជាការសង្រ្គោះបន្ទាន់ដល់ឃុំមួយចំនួន និង មួយចំនួនទៀត លោកបានស្នើឲ្យស្រុក ខិតខំធ្វើទំនាក់ទំនងទៅខេត្ត ដើម្បីសុំអន្តរាគមន៍ម៉ាស៊ីនបូមទឹកជួយសង្រ្គោះស្រូវរបស់ប្រជាពលរដ្ឋ។

លោក ស្តើង សុខុម បានសម្តែងនូវការសោកស្តាយចំពោះស្រូវប្រជាពលរដ្ឋដែលជួបគ្រោះរាំងស្ងួត និងបានសន្យាប្រឹងប្រែងដោះស្រាយបញ្ហានេះឲ្យបានទាន់ពេលវេលា។

នៅរសៀលថ្ងៃដដែលនោះ លោកប្រធានក្រុមការងារក៏បានបន្តដំណើរទៅកាន់ឃុំស៊ាងឃ្វាង ដែលជាឃុំមួយទទួលរងគ្រោះរាំងស្ងួតផងដែរ។ នៅទីនេះមានស្រូវចំនួន ៨៦៧ហិកតា កំពុងរងផលប៉ះពាល់ដែលត្រូវការការជួយអន្តរាគមន៍នាំទឹកមកជួយសង្រ្គោះជាបន្ទាន់។

នៅទីនោះលោក សូ ខនឬទ្ធីគុណ ដែលជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំស៊ាងឃ្វាង បានឲ្យដឹងថានៅទីនេះ លោកបានអន្តរាគមន៍ស្តារប្រឡាយនាំទឹកប្រវែង ២,០០០ម៉ែត្រពីប្រឡាយមេមកកាន់ស្រែរបស់កសិករ និង បានដាក់លូតាមផ្លូវ ៤ កន្លែងដើម្បីបើកមុខទឹក៕