(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកព្រលឹមថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ស្អែកនេះ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញក្រៅប្រទេសជាលើកដំបូង ក្រោយរាជរដ្ឋាភិបាលថ្មីបង្កើតបានតែ៤ថ្ងៃប៉ុណ្ណោះ ដើម្បីទៅចូលរួមពិធីតាំងពិព័រណ៍ចិន-អាស៊ានលើកទី១៥ នៅទីក្រុងណានីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ការតាំងពិព័រណ៍ចិន-អាស៊ាន ដែលតែងតែធ្វើឡើងជារៀងរាល់មួយឆ្នាំម្តងនេះ នឹងចាប់ផ្តើមពីថ្ងៃទី១០-១២ ខែកញ្ញា ឆ្នាំ២០១៨។ ក្នុងដំណើរចាកចេញទៅក្រៅប្រទេស ដើម្បីស្វែងរកនូវឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជាជនលើកនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងត្រូវអមដំណើរដោយឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលដទៃទៀត និងធុរជនពីសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
ពិព័រណ៍ចិន-អាស៊ាន តែងតែធ្វើឡើងជាទៀងទាត់ក្នុងមួយឆ្នាំម្តង ដែលមកដល់ពេលនេះមានរយៈពេល ១៥ឆ្នាំមកហើយ។ នៅបិរវេណមជ្ឈមណ្ឌលពិព័រណ៍នេះ មានស្តង់រាប់រយ និងទំនិញរាប់ពាន់មុខមកពីបណ្តាប្រទេសសមាជិកអាស៊ានទាំង១០ រួមទាំងប្រទេសចិនផង ត្រូវបានដាក់តាំងបង្ហាញនៅក្នុងឱកាសរៀបចំពិព័រណ៍នេះ។
បើតាមក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ពិព័រណ៍ចិន-អាស៊ានលើកទី១៥ នឹងត្រូវប្រារព្ធឡើងក្រោមមូលបទ «រួមគ្នាកសាងវិថីសូត្រសមុទ្រសតវត្សទី២១ និងនវានុវត្តសហគមន៍ចិន-អាស៊ាន» ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរបស់វិស័យឯកជននៅក្នុងផ្នែកពាណិជ្ជកម្ម ធុរកិច្ច វិនិយោគ និងទេសចរណ៍ឱ្យកាន់តែប្រសើរឡើង។
ក្នុងនាមជាប្រធានកិត្តិយសនៃការបើកពិព័រណ៍នេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថាគន្លឹះនៅពិធីបើកពិព័រណ៍ចិន-អាស៊ានលើកទី១៥ ក្នុងគោលបំណងលើកស្ទួយពាណិជ្ជកម្ម និងវិនិយោគរវាងអាស៊ាន និងចិន រួមទាំងទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរចិនដែលមានសក្តានុពលមកកាន់តំបន់អាស៊ាន។
សម្តេចតេជោ ហ៊ុន សែន និងលោក ហាន់ ចឹង ឧបនាយករដ្ឋមន្រ្តីចិន នឹងអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូ ដើម្បីសម្ពោធព្រះពន្លាជាតិកម្ពុជា រួមទាំងអញ្ជើញទស្សនាសាលពិព័រណ៍ពាណិជ្ជកម្មកម្ពុជាផងដែរ។
បើតាមក្រសួងការបរទេសកម្ពុជា ក្នុងអំឡុងពេលស្នាក់នៅប្រទេសចិន សម្តេចតេជោនាយករដ្ឋមន្រ្ដី នឹងជួបពិភាក្សាដាច់ដោយឡែកពីគ្នាជាមួយឥស្សរជនចិន និងទទួលការជួបសម្តែងការគួរសមពីថ្នាក់ដឹកនាំខេត្តក្វាងស៊ី និងថ្នាក់ដឹកនាំផ្នែកធុរកិច្ចសំខាន់ៗ និងនាយកប្រតិបត្តិនៃក្រុមហ៊ុននានារបស់ចិន ព្រមទាំងផ្តល់បទសម្ភាសដល់សារព័ត៌មានចិនផងដែរ។
ជាការកត់សម្គាល់ពិព័រណ៍ចិន-អាស៊ាន ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវកាលានុវត្តភាពធុរកិច្ច និងពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅ ដើម្បីសម្រេចឱ្យបាននូវគោលដៅវិនិយោគទុននូវទំហំទឹកប្រាក់ ១ទ្រីលានដុល្លារអាមេរិក ពីប្រទេសចិនមកកាន់តំបន់អាស៊ាន និង ១៥០ពាន់លានដុល្លារអាមេរិក ពីតំបន់អាស៊ានទៅកាន់ប្រទេសចិន នៅត្រឹមឆ្នាំ២០២០។
នៅមុនពេលចេញដំណើរទៅកាន់ប្រទេសចិនចូលរួមពិព័រណ៍នេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នៅលើទំព័រ Facebook របស់សម្តេចនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨នេះថា ការចូលរួមពិព័រណ៍ចិន-អាស៊ាន ក៏ជាកិត្តិយសមួយទៀតរបស់កម្ពុជានៅលើឆាកអន្តរជាតិ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានគូសបញ្ជាក់ដែរថា ពិពរណ៍ចិន-អាស៊ាននេះ មិនត្រឹមតែផ្តល់ឱកាសដល់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំសហគ្រិនរបស់ចិន និងប្រទេសជាសមាជិកទាំងអស់របស់អាស៊ាន ការពិភាក្សាផ្លាស់ប្តូរគំនិតគ្នា ដើម្បីពង្រឹង និងពង្រីក វិស័យពាណិជ្ជកម្ម និងវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិការមួយចូលរួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី និងបង្កើនកាលានុវត្តភាពពាណិជ្ជកម្មរវាងប្រទេសចូលរួមពិពរណ៍ លើគ្រប់វិស័យផងដែរ។
សូមបញ្ជាក់ដែរថា បន្ទាប់ពីបញ្ចប់ដំណើរចូលរួមពិព័រណ៍នៅក្នុងប្រទេសចិនហើយនោះ សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូហោះឆ្ពោះទៅកាន់ទីក្រុងហាណូយ ប្រទេសវៀតណាមតែម្តង ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកមួយថ្ងៃទៀត មុននឹងហោះត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។
ដំណើរចេញទៅក្រៅប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃស្អែកនេះ គឺជាដំណើរលើកដំបូងសម្រាប់សម្តេច និងគណៈប្រតិភូក្រោយពេលរាជរដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើង តែមិនមែនថ្មីសម្រាប់សម្តេចនៅក្នុងឆ្នាំ២០១៨នេះឡើយ។ និយាយជារួមមកនៅក្នុងឆ្នាំ២០១៨នេះ សម្តេចតេជោ បានដឹកនាំគណៈប្រតិភូចេញទៅចូលរួមកិច្ចប្រជុំសំខាន់ៗនៅក្រៅប្រទេសចំនួន៥លើករួចមកហើយ៕